ចំណូល​ប្ដី-ប្រពន្ធ​ អេ​ ភូថង​ ចិញ្ចឹមតែ​​កីឡាករ​​ និង​ផ្គត់​ផ្គង់​ក្លិប​

  • 2014-12-11 22:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ សាំង​ សុម៉ាលី​ ភរិយា​អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​ល្បាញ​លោក​ អេ​ ភូថង​ បាន​ឲ្យ​ដឹង​ថា​ ចំណូល​ប្រចាំ​ខែ​របស់​ប្ដី​-ប្រពន្ធ​អ្នក​ទាំង​ពីរ​បាន​ច្រើន​គួរ​សម​ដែរ​ ប៉ុន្តែ​ចំណូល​ទាំង​នេះ​ត្រូវ​បាន​ចំណាយ​ទៅ​វិញ​អស់​គ្មាន​សល់​ក្នុង​មួយ​ខែៗ​ សម្រាប់​តែ​ការ​ហូប​ចុក​ ហ្វឹក​ហាត់​របស់​កីឡាករ​នៅ​ក្នុង​ក្លិប​ និង​ជួយ​ផ្គត់​ផ្គង់​ដល់​ក្មេងៗ​ដែល​អ្នក​ទាំង​ពីរ​ចិញ្ចឹម​នៅ​ក្នុង​អង្គការ​មួយ។

 

អាជ្ញា​កណ្ដាល​ជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប្រដាល់​រូប​នេះ​បាន​បង្ហើប​ប្រាប់​ពី​រឿង​ប្រាក់​ចំណូល​ថា​ ក្នុង​មួយ​ខែៗ​អ្នក​ស្រី​អាច​រក​បាន​១៧០​ដុល្លារ​ ពី​ការ​ងារ​ជា​ចៅក្រុម-​អាជ្ញាកណ្ដាល​នៅ​តាម​សង្វៀន​ប៉ុស្ដិ៍​ទូរទស្សន៍​នានា និង​ទទួល​បាន​៥០​ដុល្លារ​ផ្សេង​ទៀត​ពី​ការងារ​ជួយ​មើល​ថែ​ទាំ​ក្មេងៗ។​ ថ្វី​បើ​ការងារ​​ចិញ្ចឹម​ក្មេង​​ ដែល​មាន​ចំនួន​ជាង​៤០​នាក់​ មិន​ទទួល​បាន​ចំណូល​ច្រើន ហើយ​ក៏​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទៀត​ក្ដី​​​ ក៏​​អ្នក​ស្រី​និង​ស្វាមី​ រីក​រាយ​នឹង​ជួយ​ដល់​ក្មេងៗ​ទាំង​នោះ​ជានិច្ច​តាម​លទ្ធភាព​ដែល​មាន។

 

 

ងាក​ទៅ​មើល​ចំណូល​របស់​លោក​ អេ​ ភូថង​ វិញ​ ក្នុង​មួយ​ខែៗ​ ​មិន​ក្រោម​៤០០​ដុល្លារ​នោះ​ទេ​ បើ​បូក​បញ្ចូល​ទាំង​ចំណូល​ពី​ការងារ​ជា​អាជ្ញាកណ្ដាល​​កាត់​សេចក្ដី​ការ​ប្រកួត​ប្រដាល់​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា និង​ប្រាក់​ខែ​​​ទាហាន​ពី​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ។

 

ដោយ​ឡែក​ សម្រាប់​ការ​ចំណាយ​វិញ​គឺ​អ្នក​ទាំង​ពីរ​ត្រូវ​ចំណាយ​លើ​​ការ​ហូប​ចុក​របស់​កីឡាករ​ដែល​ហ្វឹក​ហាត់​ប្រដាល់​​នៅ​ក្នុង​ក្លិប​ ដោយ​ក្នុង​មួយ​ខែៗ​មិន​ក្រោម​៤០០​ដុល្លារ​នោះ​ទេ​ ដែល​នេះ​គិត​តែ​លើ​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ មិន​គិត​លើ​សម្ភារៈ​ផ្សេងៗ​នោះ​ទេ។ បន្ថែម​លើ​នេះ​ ប្ដី​-ប្រពន្ធ​អ្នក​ទាំង​ពីរ​ត្រូវ​ជួយ​ឧបត្ថម្ភ​បន្ថែម​ដល់​ក្មេងៗ​ដែល​អ្នក​ទាំង​ពីរ​ចិញ្ចឹម​ទៀត​ផង​ ពីព្រោះ​ក្មេងៗ​ទាំង​នោះ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​ត្រឹម​តែ​អាហារ​ថ្ងៃ​ត្រង់​មួយ​ពេល​ និង​ការ​ចំណាយ​លើ​ទឹក​​ ភ្លើង​ និង​ថ្លៃ​ផ្ទះ​ដែល​ជួល​សម្រាប់​ធ្វើ​ជា​ទីតាំង​អង្គការ​នោះ​ប៉ុណ្ណោះ។

 

 

អ្នក​ស្រី​ សាំង​ សុម៉ាលី​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​អន់​ចិត្ត​ដែរ​ ព្រោះ​មាន​ស្វាមី​ជា​អ្នក​ល្បី​នឹង​គេ​ដែរ​ តែ​អត់​មាន​ឡាន​​ អត់​មាន​សម្ភារៈ​ទំនើប​អី​ប្រើ​ដូច​គេ»។ អ្នក​ស្រី​បាន​បន្ត​ថា​ ធ្លាប់​បាន​ពិភាក្សា​ជាមួយ​ស្វាមី​រឿង​ចង់​មាន​បាន​ដូច​គេ​ដូច​ឯង​ដែរ​ ប៉ុន្តែ​ស្វាមី​នៅ​ស្រឡាញ់​កីឡា​ខ្លាំង​​ ចង់​ជួយ​កីឡា។ អ្នក​បាន​បន្ត​លើក​ឡើងថា​៖ «ឥឡូវ​លែង​គិត​ច្រើន​ហើយ​ គិត​ថា​ធ្វើ​ម៉េច​បើ​ជាតិ​នេះ​គេ​ឲ្យ​យើង​មក​បាន​តែ​ប៉ុណ្ណឹង។ រឿង​ជួយ​កីឡា​មិន​ដឹង​ថា​ឈប់​ពេល​ណា​ទេ​ លែង​ទៅ​រួច​ពេល​ណា​ចាំ​ឈប់​ពេល​ហ្នឹង​ទៅ»។

 

សព្វ​ថ្ងៃ​អ្នក​ទាំង​ពីរ​មាន​ចំណូល​ច្រើន​​ ដែល​សម​ល្មម​នឹង​មាន​ជីវភាព​ធូរធារ​នៅ​ក្នុង​សង្គម​ អាច​នឹង​មាន​ឡាន​ជិះ​ ហើយ​ប្រើ​ប្រាស់​សម្ភារៈ​ទំនើប​ៗ​​ ប៉ុន្តែ​ដោយ​សារ​ការ​ជួយ​ទំនុក​បម្រុង​ច្រើន​ដល់​វិស័យ​កីឡា​ប្រដាល់​ និង​ការ​ជួយ​គិត​គូរ​ដល់​ក្មេង​ៗ​កំព្រារ​ និង​ក្រីក្រ​លំបាក​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​មាន​អ្វី​នៅ​សេស​សល់​ ដើម្បី​សន្សំ​ទុក​ សម្រាប់​ធ្វើ​មាន​បាន​នឹង​គេ​​នោះ​ទេ៕

 

អត្ថបទ៖ អៀង សូទ្រី​