អេ ភូថង៖ មួយជីវិតលះបង់ដើម្បីវិស័យកីឡាប្រដាល់
- 2014-09-27 18:15:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ភូថង៖ មួយជីវិតលះបង់ដើម្បីវិស័យកីឡាប្រដាល់
ចន្លោះមិនឃើញ
ប្រវត្តិរូប
ឈ្មោះពិត :អេ ភូថង (ឈ្មោះអង់គ្លេស Eh Phouthong)
ម្ចាស់ខ្សែក្រវាត់ប្រដាល់សេរីពិភពលោក
កម្ពស់ : ១៨០ សង់ទីម៉ែត្រ
ថ្ងៃខែឆ្នាំកំណើត : ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ១៩៧៣
ទីកន្លែងកំណើត : ភូមិ នាងកុក ឃុំ បាក់ខ្លង មាន ស្រុក មណ្ឌលសីមា ខេត្តកោះកុង
ការប្រកួតសរុប : ១៩០ដង ឈ្នះ : ១៨៥ដង ចាញ់ : ៥ដង និងឈ្នះសន្លប់ : ៤០ដង
ស្ថិតនៅក្នុងត្រកូលឈាមជ័រជាអ្នកប្រដាល់តាំងពីជីដូនជីតា លោក អេ ភូថង បានខិតខំប្រឹងប្រែង និងឆ្លងកាត់ការលំបាក់គ្រប់បែបយ៉ាងតាំងពីកុមារភាពរហូតមានកេរ្តិ៍ឈ្មោះសំឡេងក្នុងពិភពក្បាច់គុនប្រដាល់ខ្មែរ និងគ្រប់គ្រងខ្សែក្រវាត់ប្រដាល់សេរីពិភពលោក ព្រមទាំងជាម្ចាស់មេដាយសំរឹទ្ធិ ស៊ីហ្គេម នៅប្រទេសឡាវទៀតឆ្នាំ២០០៩សម្រាប់ប្រទេសកម្ពុជា។ លោកក៏ជាសមាជិកគណៈកម្មការ ចៅក្រម និងអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា។
លោក អេ ភូថង កើតនៅខេត្តកោះកុង មានឪពុកឈ្មោះយិន រិន និង អ្នកម្ដាយឈ្មោះអាត អុន ជាកូនច្បងក្នុងគ្រួសារ ចំណោមបងប្អូនចំនួន៣នាក់ ។ ប្អូនទីមួយឈ្មោះ អួត ភូថង វ័យ៣០ឆ្នាំប្លាយ ជាកីឡាករប្រដាល់សេរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចលោកដែរ និងប្អូនស្រីពៅឈ្មោះអោម ភូថងអាយុជាង ២០ឆ្នាំ។
នៅថ្ងៃទី២៥ ខែតុលាឆ្នាំ១៩៩៧ កីឡាករជើងចាស់រូបនេះបានរៀបការជាមួយអ្នកនាងសឹង សុម៉ាលីដោយមានបុត្រាបុត្រីចំនួនបួននាក់នាពេលបច្ចុប្បន្ននេះ។ កូនទី១ឈ្មោះ ព្រី យ៉ានុតភូថង ភេទស្រីកូនទី២ ឈ្មោះ វិរៈ ខាំឈឺតភូថង ភេទប្រុស កូនទី៣ អាំ ម៉ារីនភូថង ភេទប្រុស និងកូនទី៤ អេឡិក ភូថងភេទប្រុស។ ភរិយាលោកអេ ភូថង អ្នកស្រី សឹង សុម៉ាលី ក្រៅពីមេផ្ទះ ក៏ជាអាជ្ញាកណ្ដាលការប្រកួតកីឡាការិនី និងជាគ្រូបង្វឹកជំនួយលោកអេ ភូថងផងដែរ។
ជីវិតកាលពីកុមារភាព
ដោយជីវភាពគ្រួសារខ្វះខាត និងសម័យសង្គ្រាមផងនោះ កុមារា អេ ភូថង មិនបានចូលរៀនសូត្រជ្រៅជ្រះទេ ពោលលោកសិក្សាបានត្រឹមតែបឋមសិក្សាប៉ុណ្ណោះ។ ជាកូនច្បង និងត្រូវជួយស្វែងរកលុយកាក់ដើម្បីជួយសម្រាលបន្ទុកគ្រួសារ លោកត្រូវដើរស៊ីឈ្នួលគេ។
លោកបានរំលឹកពីភាពល្វីងជួចត់កាលពីកុមារភាពព្រមជាមួយនឹងទឹកមុខស្រងូតស្រងាត់ និងពាក្យសំដីមួយៗថា៖ «ខ្ញុំចាំបានថា ពេលខ្ញុំមានអាយុប្រហែល១០ឆ្នាំ ខ្ញុំបានឃ្លាតឆ្ងាយពីអ្នកមានគុណនិងប្អូនៗជាទីស្រលាញ់។ កាលណោះខ្ញុំបានស៊ីឈ្នួលគេដោយចុះទូកនេសាទទៅតាមសមុទ្រ ពិតជាពិបាកខ្លាំងណាស់”។
កុមារាអេ ភូថងបានបានចុះទូកទៅតាមសមុទ្ររយៈពេលជាងមួយឆ្នាំ។ យុវកុមារារស់នៅលើទូកទាំងលំបាកវេទនា ត្រជាក់រងាគ្រប់ពេលវេលា គ្មានទេភាពសប្បាយរីករាយ ។ ពេលខ្លះលោកត្រូវចុះទឹកទាំងកណ្ដាលយប់ ទាំងព្រឹកព្រលឹម ហើយកើតមានគ្រុនរងាទៀតផង។ ដោយអត់ទ្រាំនឹងភាពល្វីងជួចត់មិនបាន លោកក៏សម្រេចវិលត្រឡប់មកផ្ទះវិញ។ លោកថាក្ដីទុក្ខលំបាកវេទនារបស់លោកមិនអាចយកពណ៌នាឲ្យអស់សេចក្ដីបានឡើយ។
បន្ទាប់ពីកុមារា អេ ភូថងវិលត្រឡប់ដល់ផ្ទះ លោកមិនមានការងារអ្វីធ្វើពិតប្រាកដនោះទេ។ លោកជួយធ្វើស្រែចម្ការលោកឪពុកអ្នកម្តាយនិងជួយមើលថែទាំប្អូនៗ។ ពេលខ្លះលោកដើរស៊ីឈ្នួលគេ និងឈានទៅដល់ទឹកដីប្រទេសថៃទៀត។ លោកបន្តថាកាលនោះឧស្សាហ៍ចូលទៅធ្វើកម្មករនៅប្រទេសថៃ ហើយក៏លំបាកវេទនាដែរ។ ដំណាក់កាលនោះនៅប្រទេសថៃ ខ្មែរយើងចូលទៅដោយគ្មានលិខិតឆ្លងដែន តម្រួតថៃដេញចាប់ ហើយបញ្ជូនមកខ្មែរយើងវិញ ប៉ុន្តែមុននឹងបញ្ជូនមកស្រុកខ្មែរយើងវិញ ថៃដកលុយកាក់អស់ ហើយជួនកាលយកយើងទៅដាក់គុកទៀតផង។ ភូថងក៏បានរៀបរាប់ឲ្យដឹងទៀតថាកាលពីកុមារភាពក៏ធ្លាប់បានធ្វើការជាអ្នកអ្នកឆុងកាហ្វេនៅតាមទូកនេសាទនៅឯខេត្តកោះកុង ដោយទទួលបានប្រាក់កម្រៃពី៥បាត ទៅ១០ បាតក្នុងមួយថ្ងៃ។
ជីវិតក្លាយជាកីឡាប្រដាល់
ឪពុកលោកអេ ភូថងជាអ្នកប្រដាល់ជើងចាស់តែមិនសូវមានកេរ្តិ៍ឈ្មោះល្បីប៉ុន្មាននៅទសវត្សរ៍៧០បានយកលោកទៅជាមួយពេលមានការប្រកួត ។ បើទោះជាកុមារា អេ ភូថងបានទៅជាមួយលោកឪពុកក្នុងការដើរប្រកួតនៅកន្លែងផ្សេងៗក៏ដោយ ក៏ឪពុករបស់លោកមិនយល់ព្រមឲ្យអេ ភូថងក្លាយជាអ្នកប្រដាល់ឡើយ។ ប៉ុន្តែកុមារាអេ ភូថង នៅតែមានឆន្ទៈចង់ក្លាយជាអ្នកប្រដាល់ដដែល។ លុះកុមារាភូថងដើរស៊ីឈ្នួលគេគ្រប់ទីកន្លែង ហើយប្រហែលជាក្រោយពេលមកពីចុះទូកវិញ លោក យិន រិន ក៏បង្ខំចិត្តបង្ហាត់ក្បាច់គុនប្រដាល់ទៅតាមបំណងប្រាថ្នារបស់ភូថងតែម្ដងទៅ។
បន្ទាប់ពីបានហ្វឹកហាត់ជាមួយលោកឪពុកមួយរយៈពេល លោកក៏បានឡើងប្រកួតពីរបីដងហើយទទួលបានជោគជ័យទាំងអស់។ ក្រោយមកលោកបានទៅហ្វឹកហាត់ជាមួយ លោក យុទ្ធ ផូថង នៅឯខេត្តព្រៃវែង និងខេត្តកោះកុង ហើយបានឡើងប្រកួតជាបន្ទាប់រហូតដល់ក្លាយជាកីឡាករល្បីល្បាញដល់បច្ចុប្បន្ន ។
ដោយមានការជួយជ្រំជ្រែងនិងឧបត្ថម្ភ ពីឯកឧត្ដម យុទ្ធ ភូថង អភិបាលខេត្តកោះកុង លោកក៏បានចេញប្រកួតជាញឹកញាប់តាំងពីអាយុ១៧ឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអេ ភូថង ក៏សូមអរគុណចំពោះឯកឧត្ដម យុទ្ធ ភូថង ដែលបានជួយបណ្ដោះបណ្ដាលលោករហូតបានក្លាយជាកីឡាករដ៏ល្បី។ ឆ្នាំ១៩៩៦ ភូថងបានផ្លាស់មកកាន់ក្លិបប្រដាល់កងយុទ្ធពលខេមរៈភូមិន្ទ នៅរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ន និងបានក្លាយជាគ្រូបង្វឹកដ៏ល្បីមួយរូបផងដែរ។
ការដណ្ដើមខ្សែក្រវាត់ពិភពលោក និងក្នុងស្រុក
កីឡាករ អធិរាជជង្គង់ទិព្វ កែងឆេះ ជង្គង់ហោះ អេ ភូថង បានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងទម្ងន់ ៧៥គ.ក្រ បន្ទាប់ពីបានយកជ័យជម្នះលើកីឡាករជនជាតិស៊ូដង់ Faisal Zakaaria ។
តាំងពីទម្ងន់៤៥ ដល់ ៦៧គីឡូក្រាម កីឡាករភូថងតែងតែទទួលបានមេដាយមាសរហូតនៅក្នុងការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសរហូតដោយគ្មានកីឡាកររូបណាអាចផ្ដួលលោកបានឡើយ ។ កាលឆ្នាំ២០០៩ អេ ភូថងបានក្លាយជាម្ចាស់មេដាយសំរឹទ្ធិពីការប្រកួតស៊ីហ្គេមនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ក្រោយប្រកួតចាញ់កីឡាករ Muhd Fairus Azwa ជនជាតិម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អត្ថបទពាក់ព័ន្ធ៖ ខ្សែជីវិតអាជ្ញាកណ្ដាលស្ត្រីទី១កម្ពុជាភរិយា អេ ភូថង ពិតជាគួរឲ្យសរសើរ
បច្ចុប្បន្នលោកអេ ភូថង មានក្លិបប្រដាល់របស់ខ្លួនដែលមានឈ្មោះថា អេភូថងកីឡាដែលស្ថិតនៅម្ដុំទួលកី។ ការបើកក្លិបនេះគឺធានារ៉ាប់រងថវិកាដោយខ្លួនឯងនិង ទទួលបានប្រាក់តម្លៃកីឡាករម្នាក់១៥ដុល្លារអាមេរិកពីសហព័ន្ធប្រដាល់កម្ពុជានៅពេលមានសិស្សឡើងប្រដាល់ម្ដងៗតែប៉ុណ្ណោះ។
លោកបាននិយាយថា៖ «ខ្ញុំចង់បណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយ ដូច្នេះខ្ញុំត្រូវតែបើកក្លឹបប្រដាល់និងដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់ខ្មែរឲ្យល្បីល្បាញ»។
កីឡាករអេ ភូថង (ឆ្វេង) កាលឈ្នះមេដាយសំរឹទ្ធិនៅឡាវ
មួយវិញទៀតការដែលលោកបានឮក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែរៀបចំឯកសារដើម្បីដាក់បញ្ចូលក្បាច់ គុនខ្មែរបុរាណក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោកពិតជាសម្ដែងអារម្មណ៍ត្រេកអរឥតឧបមាដោយថ្លែងថា៖ «មិនត្រឹមតែខ្មែរទេដែលចង់ថែរក្សាក្បាច់គុនរបស់ខ្មែរ សូម្បីតែពិភពលោកក៏នឹងថែរក្សាឲ្យខ្មែរដែរ ដូច្នេះប្រដាល់ខ្មែរនឹងកាន់តែល្បីសុះសាយលើពិភពលោក»៕
ព័ត៌មានជាច្រើនជុំវិញកីឡាប្រដាល់ជាតិសូមចុចទីនេះ...
អត្ថបទ : ឆន ទិត្យ