ខ្សែជីវិតអាជ្ញាកណ្ដាលស្ត្រីទី១កម្ពុជាភរិយា អេ ភូថង ពិតជាគួរឲ្យសរសើរ
- 2014-09-18 16:52:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែជីវិតអាជ្ញាកណ្ដាលស្ត្រីទី១កម្ពុជាភរិយា អេ ភូថង ពិតជាគួរឲ្យសរសើរ
ចន្លោះមិនឃើញ
អ្នកស្រី សាំង សុម៉ាលី ជាអាជ្ញាកណ្ដាលស្ត្រីដំបូងគេនៅកម្ពុជា ដែលបានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់យ៉ាងពេញទំហឹងជាមួយស្វាមី បន្ទាប់ពីបោះបង់ចោលវិស័យសិល្បៈ។
ជីវប្រវត្តិ និងគ្រួសារ
សាំង សុម៉ាលី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៧៨ នៅក្រុម៩ ភូមិ២ សង្កាត់១ ស្រុកទីរួមខេត្ត ខេត្តកោះកុង។ អ្នកស្រីមានកម្ពស់ ១៦២សង់ទីម៉ែត្រ និងទម្ងន់៤៩គីឡូក្រាម។ ជាកូនស្រីច្បងក្នុងគ្រួសារដែលមានជីវភាពធូរធារនៅខេត្តកោះកុង អ្នកស្រីមានឪពុកឈ្មោះ សាំង ថងវ៉េត បច្ចុប្បន្នមានអាយុ៧២ឆ្នាំ ជាអតីតនាយទាហាន និងម្ដាយឈ្មោះ គួយ បូរុន ពីមុនជាអ្នកយកឥវ៉ាន់ពីកោះកុង មកលក់នៅភ្នំពេញ បច្ចុប្បន្នមានអាយុ៥៩ឆ្នាំ។
អ្នកស្រីមានស្វាមីឈ្មោះ អេ ភូថង អតីតកីឡាករប្រដាល់ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ហើយបច្ចុប្បន្នធ្វើការជាគ្រូបង្វឹក ចៅក្រម និងអាជ្ញាកណ្ដាល។ អ្នកស្រីមានប្អូន៣នាក់គឺទី១ សាំង ស្រីរ័ត្ន ជាកម្មការិនីរោងចក្រកាត់ដេរ ប្អូនទី២សាំង ភ័ក្តចារិកា បម្រើការងារនៅស្ថានទូតអាមេរិក និងប្អូនប្រុសពៅឈ្មោះ សាំង ចាន់រក្សា ជាអ្នកប្រដាល់។ ប្អូនទី១ និងប្អូនពៅមានគ្រួសារ។
សព្វថ្ងៃនេះអ្នកស្រី និងក្រុមគ្រួសារកំពុងរស់នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការសិក្សា
សុម៉ាលី បានចូលរៀនដំបូងនាអាយុ៥ឆ្នាំ នៅមត្តេយ្យសាលា និងបឋមសិក្សាកោះកុង រហូតដល់ឆ្នាំ១៩៩៥ ក៏បានបន្តការសិក្សាទៅវិទ្យាល័យកោះកុង ប៉ុន្តែដោយចិត្តចង់ឈប់រៀនខ្លាំងពេកក៏បានឈប់រៀនក្រោយប្រឡងឌីប្លូមជាប់ជាស្ថាពរ។
ក្រោយឈប់រៀន សុម៉ាលី បានចាប់ផ្ដើមលក់ឥវ៉ាន់ចាប់ហួយនៅផ្ទះរបស់ខ្លួន។ នៅឆ្នាំ១៩៩៦ ពេលដែលលោកអេ ភូថង ទៅលេងស្រុកកំណើតនៅខេត្តកោះកុង អ្នកទាំងពីរក៏បានជួបគ្នាដោយចៃដន្យ ប៉ុន្តែពេលនោះគ្រាន់តែជាការជួបគ្នាធម្មតាតែប៉ុណ្ណោះ គ្មានចិត្តស្រឡាញ់គ្នាអ្វីនោះទេ។
ឆ្នាំ១៩៩៧ សុម៉ាលី បានឡើងមកភ្នំពេញជាមួយម្ដាយ និងប្អូនទី២ ដោយស្នាក់នៅផ្ទះរបស់ពូបានប្រហែល១ខែ ក៏បានរកឃើញផ្ទះបងប្អូនជីដូនមួយខាងម្ដាយនៅម្ដុំប៊ូឌិញ ទាំងបីនាក់ម្ដាយកូនបានទៅរស់នៅផ្ទះបងប្អូននោះអស់ជាងមួយខែទៀត។ ចុងក្រោយទើបសម្រេចចិត្តទិញផ្ទះនៅម្ដុំប៊ូឌិញនោះតែម្ដង។ នៅឆ្នាំ២០០៧ សុម៉ាលី និងក្រុមគ្រួសារបានផ្លាស់ទីលំនៅចេញពីម្ដុំប៊ូឌិញ ទៅកាន់បុរីសន្តិភាព២ រហូតមកដល់បច្ចុប្បន្ន។
ការងារសិល្បៈ
ការងារដំបូងនៅភ្នំពេញគឺថតចម្រៀងខារ៉ាអូខេ ជាមួយប្អូនស្រីទី២ ឈ្មោះ សាំង ភ័ក្តចារិកា ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅស្ថានទូតអាមេរិក។ អ្នកស្រីបានចូលថតដោយសារតែមានពូឈ្មោះរ៉េត ជាអ្នកដឹកនាំ និងមានបងប្អូនជីដូនមួយជាតារាចម្រៀងឈ្មោះ ពេជ្រ ច័ន្ទមរកត។ បើទោះបីជាប្អូនស្រីរបស់ខ្លួនបានចាប់យកជំនាញផ្សេង ប៉ុន្តែ សុម៉ាលី នៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែល។
«ដំបូងខ្ញុំសម្ដែងដោយរាំជាក្រុម ហើយក្រោយមកបានដើរជាតួរងពីរបទ និងឡើងជាតួឯកពីរបទ ហើយខ្ញុំក៏បានថតរឿងមួយរឿងដែរគឺរឿងព្រហ្មលិខិតស‑ខ្មៅជាមួយបង ប៉ែន សុផានី តែរឿងនោះគេនាំចេញទៅបរទេស»។ នេះជាការលើកឡើងរបស់ សុម៉ាលី។
ជីវិតស្នេហា
ថ្ងៃដែល សុម៉ាលី បានជួបលោកអេ ភូថង ដំបូងគឺនៅថ្ងៃដែលលោក អេ ភូថង ឡើងប្រដាល់ជាមួយកីឡាករថៃនៅប៉ុស្តិ៍លេខ៣។ «មានគេស្គាល់ខ្ញុំ គេមកប្រាប់ខ្ញុំថា មានបងប្អូនខ្ញុំឡើងមកប្រដាល់នៅភ្នំពេញ តែពេលនោះខ្ញុំភ្លេចបាត់ឈឹងមិនដឹងថាជានរណានោះទេ លុះទៅដល់បានស្គាល់ តាមពិត អេ ភូថង»។
ទាំងមិនទាន់យល់អត្ថន័យនៃផ្កាកុលាបច្បាស់ផង កាលណោះ សុម៉ាលី បានទិញផ្កាកុលាបមួយទង និងផ្ដល់កន្សែងជូតមុខដល់លោក អេ ភូថង ដែលជាបងប្អូនជីទួតមួយរបស់ខ្លួន ក្រោយពេលចុះពីប្រដាល់ ប៉ុន្តែមិនបានជជែកគ្នានោះទេ។
ដំបូងឡើយ សុម៉ាលី ជាអ្នកធ្វើមេអណ្ដើកឲ្យលោក អេ ភូថង ស្រឡាញ់មិត្តភ័ក្ដិរបស់ខ្លួន ពីព្រោះតែនាងឥតមានចិត្តលើលោក អេ ភូថង នោះទេ រីឯមិត្តភ័ក្ដិរបស់លោក អេ ភូថង បានធ្វើជាមេអណ្ដើក និងជួយសរសេរសំបុត្រឲ្យលោក អេ ភូថង ស្រឡាញ់គាត់។
ទីបំផុតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានកើតមានឡើងនៅឆ្នាំ១៩៩៧ នៅផ្ទះរបស់ សុម៉ាលី នាខេត្តកោះកុង។ «ក្រោយពេលបានជួបជាមួយគាត់ គាត់ក៏លែងឲ្យខ្ញុំទៅថតកុនតទៅទៀត គាត់ប្រើពាក្យថា ទៅៗទៅ តែអាពាក្យថាទៅៗទៅហ្នឹងគឺគាត់ខឹងហើយ»។ យ៉ាងណាក្ដី ដោយចិត្តស្រឡាញ់ស្វាមីពេក គាត់មិនបានសួរដេញដោលអ្វីនោះទេ។
សព្វថ្ងៃអ្នកស្រី និងស្វាមីទទួលបានកូន៤នាក់ក្នុងនោះស្រី១ និងប្រុស៣។ កូនស្រីច្បង អេ យ៉ានុតភូថង កើតឆ្នាំ១៩៩៩ កូនទីពីរ អេ វីរៈខាំឈីតភូថងកើតឆ្នាំ២០០១ កូនទី៣ អេ អាំរីនភូថងកើតឆ្នាំ២០០៣ និងកូនពៅ អេ ថៃសាន់ភូថង កើតឆ្នាំ២០០៨។
ការចូលប្រឡូកក្នុងវិស័យកីឡា
ពេលរៀបអាពាហ៍ពិពាហ៍រួចហើយ អ្នកស្រី ត្រូវបានស្វាមីបង្រៀនក្បាច់ប្រដាល់គ្រប់បែបយ៉ាង ពីព្រោះដើម្បីងាយស្រួលឡាំជាមួយប្ដីពេលចេញទៅប្រកួតនៅតាមខេត្ត។ រហូតដល់ឆ្នាំ២០០៥ស្វាមីបានបើកក្លិបប្រដាល់មួយគឺក្លិបអេភូថងកីឡា ស្របពេលដែលអាជីពជាអ្នកប្រដាល់របស់លោក អេ ភូថង មិនទាន់បោះបង់នៅឡើយ។ ដោយស្វាមីរវល់នឹងរឿងដើរប្រដាល់តាមខេត្តខ្លាំងពេក កិច្ចការទាំងឡាយរបស់ក្លិបត្រូវធ្លាក់មកលើអ្នកស្រីដែលជាភរិយាដូចជា រត់ឯកសារគ្រប់បែបយ៉ាង ហើយត្រូវជួយបង្ហាត់បង្រៀនកូនសិស្ស និងយកសិស្សទៅវ៉ៃពានថែមទៀតផង។
ក្ដីអស់សង្ឃឹម ភាពនឿយហត់ខ្លាំង បានធ្វើឲ្យស្ត្រីកូនបួនរូបនេះស្ទើរតែបោះបង់ការងារនេះចោលទៅហើយនៅក្នុងឆ្នាំ២០០៧ ជាឆ្នាំដែលស្វាមីចេញទៅហ្វឹកហាត់នៅវៀតណាមត្រៀមប្រកួតស៊ីហ្គេម ប៉ុន្តែក្រោយទទួលបានការលើកទឹកចិត្តពីស្វាមីអ្នកស្រីក៏បានព្យាយាមបន្តការងាររហូតមក។
ពេលវេលាជូរចត់ខ្លាំង
ក្នុងឆ្នាំ២០១០ ជាឆ្នាំដែលអ្នកស្រី និងក្រុមគ្រួសារជួបប្រទះនូវការលំបាកខ្លាំង ពីព្រោះស្វាមីឥតមានការងារធ្វើ ប្រាក់ខែប៉ុស្តិ៍លេខ៥ក៏លែងមាន ព្រោះតែឈប់ប្រដាល់ ហើយប្រាក់ខែទាហានក៏អត់មានដែរនៅពេលនោះ។
ឆ្នាំនោះនៅសល់កូនសិស្សតែបួននាក់ប៉ុណ្ណោះ ដែលតស៊ូរួមរស់ជាមួយទាំងវេទនា ក្នុងនោះមានដូចជា កីឡាករ សំអាង ឌុន, តក់ សោភ័ណ្ឌ, នួន សារិកា និង ធា រិទ្ធី។ អ្នកទាំងបួនបានធ្វើជាកម្មករសំណង់ដើម្បីយកលុយមកឲ្យគ្រូទិញអង្ករ និងម្ហូប។ លើសពីនេះប្ដីប្រពន្ធអ្នកទាំងពីរត្រូវទៅជញ្ជាត់ត្រី បេះត្រកួន ព្រលិតតាមបឹង តាមអូរ មកឆាត្រឡប់ខ្លាញ់ ហើយពេលខ្លះត្រូវម្ចាស់គេស្រែកជេរ ប្រមាទក៏មាន។ អ្នកស្រីមានជីវភាពប្រសើរឡើងវិញនៅក្នុងឆ្នាំ២០១២។
ការចាប់អាជីពជាអាជ្ញាកណ្ដាល
នៅក្នុងឆ្នាំ២០០៧ អ្នកស្រីបានចុះសាកល្បងធ្វើជាអាជ្ញាកណ្ដាលលើកដំបូងបានជាង១អាទិត្យ ក៏ចង់ឈប់ទៅវិញព្រោះហត់នឿយខ្លាំង ប៉ុន្តែបានស្វាមី និងប្អូនធម៌ជួយផ្ដល់កម្លាំងចិត្តឲ្យរហូត។
«ខ្ញុំរៀនរៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៧ ប៉ុន្តែគ្រាន់តែជាការចុះស្តាតែប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០១១ ទើបមានស្រីវ៉ៃ ខ្ញុំក៏ត្រូវបានលោកគ្រូ មាស សុខគ្រី ហៅទៅរៀននៅអូឡាំពិក»។
ពេញមួយយប់ ដែលអ្នកស្រី ដេកមិនលក់ បក់មិនល្ហើយ ព្រោះភ័យ និងព្រួយបារម្ភ ខ្លាចធ្វើមិនកើត ខ្មាសគេជាដើម។
ទីបំផុតអ្នកស្រីបានចូលប្រឡូកក្នុងជីវិតជាអាជ្ញាកណ្ដាលស្ត្រីដំបូងគេនៅប៉ុស្តិ៍បាយ័ន។ មុនពេលឡើងរេញនាពេលនោះ អ្នកស្រីបានចូលបន្ទប់ទឹកជិត១០ដង ហើយត្រូវបានក្រុមការងារ និងលោកគ្រូចាស់ៗសូត្រផ្លុំដើម្បីកុំឲ្យភ័យ ហើយចុងក្រោយអ្នកស្រីអាចគ្រប់គ្រងការប្រកួតបាន ជោគជ័យ៧០ភាគរយ។
មុនការងារនេះ១ខែធ្វើបានតែម្ដង ឬពីរដងប៉ុណ្ណោះ ដែលម្ដងៗទទួលបាន១០ដុល្លារ។ ក្រោយមកប៉ុស្តិ៍បាយ័នចង់រៀបចំឲ្យមានអាជ្ញាកណ្ដាលស្រី ចៅក្រមស្រី ទើបរើសយកប្រពន្ធលោក នួន ភារម្យ ម្នាក់ទៀត ហើយការងារនេះក៏បន្តយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន។ តាំងពីមុនរហូតមកដល់ពេលនេះចំណូលដែលទទួលបានពីការងារខាងលើ គឺនៅត្រឹមតែ១០ដុល្លារ ក្នុងមួយថ្ងៃដដែល។
តាំងពីចាប់អាជីពរហូតដល់បច្ចុប្បន្នអ្នកស្រី ធ្លាប់ឡើងកាត់សេចក្ដីការប្រកួតបានប្រហែលជា៥០លើក ក្នុងនោះមានការប្រកួតជាលក្ខណៈអន្តរជាតិប្រហែល១០លើក លើសង្វៀនបីរួមមានប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍អប្សរា និងប៉ុស្តិ៍បាយ័ន។
ក្នុងអាជីពជាអាជ្ញាកណ្ដាលនេះ អ្នកស្រីទទួលបានមេដាយសរសើរពីសហព័ន្ធកីឡាប្រដាល់ប្រទេសបារាំង តែមិនមានសញ្ញាប័ត្រអ្វីផ្សេងទៀតនោះទេ។
ការងារផ្សេងៗក្រៅពីកីឡា
ក្រៅពីអាជីពជាអាជ្ញាកណ្ដាល និងជួយបង្ហាត់សិស្ស អ្នកស្រីបាននឹងកំពុងធ្វើការនៅអង្គការ Voice ដែលទទួលចិញ្ចឹមក្មេងកំព្រាប្រមាណជិត៤០នាក់ ជាការងារស្ម័គ្រចិត្តសុទ្ធសាធ។
អង្គការ Voice បានជួយឧបត្ថម្ភអាហារមួយពេល រីឯការចំណាយផ្សេងពីនេះគឺជាបន្ទុករបស់អ្នកស្រី និងស្វាមីទាំងស្រុង។
មតិផ្ដាំផ្ញើដល់យុវវ័យជំនាន់
ក្នុងនាមជាស្ត្រីខ្មែរមួយរូប អ្នកស្រីចង់ឲ្យមានស្ត្រីខ្មែរជាច្រើនចូលធ្វើជាចៅក្រម អាជ្ញាកណ្ដាល ចូលហ្វឹកហាត់ប្រដាល់ និងហ៊ានឡើងប្រកួតទៀតផង។ ទោះបីឡើងឬមិនឡើងប្រកួតក្ដី ក៏អាចទុកការពារខ្លួន និងឲ្យបរទេសឃើញថាស្ត្រីខ្មែរក៏ចេះក្បាច់ប្រដាល់បុរាណរបស់ខ្លួនមិនចាញ់បរទេសនោះទេ។ បន្ថែមលើនេះអ្នកស្រី ចង់ឲ្យតាមសាលារៀនមានកម្មវិធីបង្ហាត់បង្រៀនប្រដាល់ថែមទៀតដល់សិស្សានុសិស្ស។ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយគិតគូរបន្ថែមទៀតការផ្ដល់តម្លៃខ្លួនដល់កីឡាករ និងចៅក្រម អាជ្ញាកណ្ដាល ដើម្បីឲ្យអ្នកទាំងនោះមានទឹកចិត្តកាន់តែមោះមុតក្នុងការជួយពង្រឹងវិស័យកីឡាជាតិ៕
អត្ថបទ៖ អៀង សូទ្រី