អ្នក​បើក​យន្តហោះ​វៀតណាម ​ចុច​ប៊ូតុង​ច្រឡំ ភ័យ​ស្លន់​ពេញ​ព្រលាន

  • 2014-12-19 17:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ Vietnam Airlines បាន​ពិន័យ​អ្នក​បើកបរ​យន្តហោះ​ និង​ក្រុម​ការងារ​ ក្រោយ​ពេល​អាកាសយានិក​រូប​នោះ ចុច​ប៊ូតុង​ច្រឡំ​ពេល​កំពុង​ស្នើ​សុំ​ចុះចត​បន្ទាន់ ពោល​គឺ​ចុច​ចំ​ប៊ូតុង​ដែល​ប្រកាស​ថា​មាន​អ្នក​ប្លន់​យន្តហោះ។

 

កំហុស​ឆ្គង​ដោយ​ចៃដន្យ​នេះ បាន​បង្ក​ភាព​ភ័យ​ស្លន់ស្លោ​នៅ​ព្រលាន​យន្តហោះ​ ខណៈ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ជើង​ហោះហើរ​ជឿ​ថា​មាន​ពួក​ភេរវជន​កំពុង​ចាប់​អ្នក​ដំណើរ​លើ​យន្តហោះ​ដែល​ត្រៀម​ចុះចត។

 

 

រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ពេល​ដែល​អ្នក​បើក​យន្តហោះ​ព្យាយាម​ចុច​កូដ​ 7700 ដែល​ជា​កូដ​ស្នើ​សុំ​ចុះចត​បន្ទាន់ ដោយ​សារ​តែ​យន្តហោះ​ជួប​បញ្ហា​បច្ចេកទេស​ពេល​ហោះ​ចេញ​ពី​ទី​ក្រុង​ហូជីមិញ ទៅ​កាន់​តំបន់​ Vinh។ ប៉ុន្តែ​អ្នក​បើក​យន្តហោះ​រូប​នោះ បែរ​ជា​ច្រឡំ​ចុច​កូដ 7500 ដែល​ជា​កូដ​បញ្ជាក់​ថា​មាន​ការ​ប្លន់​យន្តហោះ​ទៅ​វិញ។

 

ក្រុម​អ្នក​ដំណើរ​ទាំង​អស់​លើ​យន្តហោះ​មិន​បាន​ដឹង​ថា​មាន​ការ​បញ្ជូន​កូដ​នេះ​នោះ​ទេ ប៉ុន្តែ​​​មាន​ការ​ទម្លាក់​ម៉ាស់​អុកស៊ីសែន​ពី​លើ​ពិដាន​ ​នៅ​ក្រោយ​ការ​ចុច​កូដ​ច្រឡំ​នោះ។

 

ម៉ាស់ពាក់​អុកស៊ីសែន ធ្លាក់​ចុះ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​ដំណើរ

 

ទី​បំផុត​ជើង​ហោះហើរ A321 នោះ​ ត្រូវ​បង្ខំ​ចិត្ត​ចុះចត​ជា​បន្ទាន់​មួយ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Noi Bai នា​ទីក្រុង​ហាណូយ។ យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព ហើយ​មិន​មាន​របួស​អ្នក​ដំណើរ​​ទាំង​១៣៥នាក់​នោះ​ទេ។

 

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរ​ Le Troung Giang បាន​ប្រាប់​សារព័ត៌មាន​ថា​អ្នក​បើក​យន្តហោះ​ជនជាតិ​ឆេក Pechanec Marek និង​ដៃ​គូ Do Hoang Nam រួម​ទាំង​ក្រុម​ការងារ​៥នាក់​ទៀត ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​បើកបរ​នោះ​ទេ ដរាប​ណា​ការ​ស៊ើបអង្កេត​មិន​ទាន់​ចប់​សព្វគ្រប់​ទេ​នោះ៕

 

ព្រលាន​យន្តហោះ Noi Bai  ដែល​យន្តហោះ​ A321 ចុះ​ចត​បន្ទាន់

ចុច​អាន៖ ផ្អើល​ពេញ​យន្តហោះ​លើ​អាកាស ព្រោះ​នារី​បី​នាក់​វាយ​គ្នា

ប្រែ​សម្រួល៖ សុខ សុវត្ថិ

ប្រភព៖ dailymail

អត្ថបទថ្មី