ស្ងាត់​សិល្បៈ​​មួយ​រយៈ​ធំ ស៊ឹម សុរ៉ាម​ភូមិ ចេញ​បើក​ផលិតកម្ម ផលិត​កុន​ផ្ទាល់​ខ្លួន!

  • 2015-01-05 17:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ឹម សុរ៉ាមភូមិ ចេញ​បើក​ផលិតកម្ម ផលិត​កុន​​ដោយ​​ខ្លួនឯង ក្រោយ​ពី​ស្ងប់ស្ងាត់​ពី​អាជីព​ជា​អ្នក​សិល្បៈ​អស់​មួយ​រយៈ​ធំ​មក។

 

ផលិតកម្ម​ថ្មី​របស់​លោក​មាន​ឈ្មោះ​ថា​ "MB ភាពយន្ត" ហើយ​ខ្សែ​ភាពយន្ត​​ទើប​បើក​ពិធី​ក្រុង​ពាលី​រសៀល​ម្សិលមិញ​គឺ​រឿង "គ្រូទាយ​សម័យ​អ៊ីនធឺណិត"។

 

​តារា​សម្ដែង និង​ចម្រៀង​លោក ស៊ឹម សុរ៉ាមភូមិ លើក​ឡើង​ថា៖"ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​ពិធី​ពីរ​រួម​គ្នា​តែ​ម្ដង គឺ​បើក​ផលិតកម្ម​ថ្មី MB ភាពយន្ត និង​រឿង​ស្នាដៃ​ដំបូង​របស់​ខ្ញុំ "គ្រូ​ទាយ​សម័យ​អ៊ីនធឺណិត" ហើយ​ក៏​ដូច​ជា​ការ​ប្រកាស​ចូល​សិល្បៈ​វិញ​ដែរ"។

 

លោក ស៊ឹម សុរ៉ាមភូមិ ក្នុង​ពិធី​បើក​ផលិតកម្ម​ថ្មី និង​ក្រុង​ពាលីរឿង​ម្សិលមិញ

 

លោក​បាន​បន្ត​ថា​ កត្តា​នាំ​ឱ្យ​លោក​​មិន​មាន​សកម្មភាព​ក្នុង​វិស័យ​​សិល្បៈ​មួយ​រយៈ​ធំ​កន្លង​មក​ ដោយសារតែ​​ខ្លួន​រវល់​​ជាប់​រៀន​​ផ្នែក​និពន្ធ និង​ដឹក​នាំ​រឿង។

 

និយាយ​ពី​ការ​បើក​ផលិតកម្ម​ថ្មី ក៏​ដូច​ជា​ការ​ផលិត​រឿង​ដែល​ជា​ស្នាដៃ​និពន្ធ​លើក​ដំបូង តារា​សម្ដែង​រូប​នេះ​អះអាង​ថា​ដំបូង​ឡើយ MB គឺ​គ្រាន់​តែ​ជា​អង្គការ​តូច​មួយ​បើក​​ក្នុង​គោលបំណង​ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​កុមារ​ក្រីក្រ​តែ​ប៉ុណ្ណោះ។

 

ក៏ប៉ុន្តែ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ក្នុង​ការ​ជំរុញ​ឱ្យ​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត ព្រម​ទាំង​ជួយ​សិល្បករ សិល្បការិនី​ដទៃ​ទៀត ពុំ​មាន​លទ្ធភាព​ លោក​ក៏​សម្រេចចិត្ត​បើ​កជា​ផលិតកម្ម ផលិត​ភាពយន្ត​តែ​ម្ដង។

 

ទុន​ក្នុង​ការ​ចំណាយ​ផលិត​រឿង "គ្រូទាយ​សម័យ​អ៊ីនធឺណិត" ខាង​លើ​មិន​ត្រូវ​បាន​លោក ស៊ឹម សុរ៉ាភូមិ ប្រាប់​ឱ្យ​ដឹង​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​លោក​លើក​ឡើង​ថា​ តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​នេះ​គឺ​សុទ្ធសឹងតែ​ជា​សិល្បករ សិល្បការិនី​ខ្វះខាត ហើយ​សូម្បីតែ​តារា​ធំៗ​មួយ​ចំនួន​ចូល​រួម​សម្ដែង ក៏​មិន​សូវ​ជា​ស៊ី​ថ្លៃ​នោះ​ទេ ព្រោះ​ជា​ផលិតកម្ម​មួយ​ជួយ​ជ្រោមជ្រែង​តារា​មាន​ភាព​ខ្វះខាត ជា​ពិសេស​តារា​ថ្មីៗ។

 

លោក ស៊ឹម សុរ៉ាមភូមិ រួម​នឹង​តារា​សម្ដែង​ក្នុង​ពិធី​ក្រុង​ពាលី​ម្សិលមិញ

 

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ការ​រំពឹង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ក្នុង​ការ​ផលិតកម្ម​ខ្សែ​ភាពយន្ត​បែប​កំប្លែង​លើក​ដំបូង តារា​សម្ដែង និង​ជា​តារា​ចម្រៀង​ខាង​លើ​​និយាយ​ថា មិន​ទាន់​ទាំង​ផលិត​ផង រឿង​របស់​លោក​មាន​រោង​កុន​នៅ​ភ្នំពេញ​មួយ​ចង់​ទិញ​រួច​ទៅ​ហើយ។ ម្យ៉ាង​ទៀត​ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថានីយ​ទូរទស្សន៍ CTN  រួម​នឹង​មជ្ឈដ្ឋាន​ផ្សេង​ទៀត​លោក ជឿជាក់​ថា​ "គ្រូទាយ​សម័យ​អ៊ីនធឺណិត" គឺ​ពិត​ជា​ជោគជ័យ។

 

“ការ​ជួយ​ជ្រោមជ្រែង​ពី CTN និង​រោងកុន​មួយ​ត្រៀម​ទិញ ធ្វើ​ឱ្យ​តារា​សម្ដែង​នានា​រួម​ទាំង​ខ្ញុំ​ជា​អ្នក​និពន្ធ ដឹក​នាំ និង​ជា​ចាងហ្វាង​ផលិតកម្មផង មាន​កម្លាំង​ចិត្ត​តែ​ម្ដង។ ខ្ញុំ​សន្យា​ថា​នឹង​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​ខក​ចិត្ត​ឡើយ"។ លោក ស៊ឹម សុរ៉ាមភូមិ បន្ថែម។

 

មុន​នឹង​ឈាន​បើក​​ផលិតកម្ម​ផ្ទាល់​ខ្លួន​លោក​ ស៊ឹម សុរ៉ាមភូមិ ធ្លាប់​ជា​​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម មហាហង្ស និង​គ្រប់គ្រង Studio ថត​ខ្លួន​ឯង។ អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់​តារា​រូប​នេះ​ច្រើន ក៏​ព្រោះ​តែ​លោក​ធ្លាប់​មាន​ព័ត៌មាន​ពី​ទំនាក់ទំនង​ស្នេហ៍​នឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​សាន់ដេ​គឺ​កញ្ញា សុខ ពិសី៕

 

អានអត្ថបទបន្ត៖ ឆ្នាំ​ថ្មី ២០១៥ ភ្លាម អេនឌី ត្រូវ​បារាំង​ឲ្យ​ភ្លើង​ខៀវ​ភ្លែត

 

អានអត្ថបទបន្ត៖ បី​សន្លឹក​បន្ថែម​ បង្ហាញ​ពី​ភាព​រីករាយ​របស់​ Beyonce ​និង​​

 

អានអត្ថបទបន្ត៖ ១០​យ៉ាង ដែល​អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​មង្គលការ ម៉ារីម៉ា

 

 

អត្ថបទ៖ អ៊ីង សុឡា