ដួង ហ្សូរីម៉ា ទម្លាយរឿងផ្ទៃក្នុងក្រុម Cambodia Super Model
- 2015-01-06 16:45:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង ហ្សូរីម៉ា ទម្លាយរឿងផ្ទៃក្នុងក្រុម Cambodia Super Model
ចន្លោះមិនឃើញ
កញ្ញា ដួង ហ្សូរីម៉ា ប្អូនស្រីបង្កើត កញ្ញា ដួង ហ្សូរីដា ប្រធានក្រុមបង្ហាញម៉ូដ Cambodia Super Model បានបកស្រាយបញ្ហាខ្លះៗក្នុងក្រុម បន្ទាប់ពីសមាជិកមួយចំនួនក្នុងក្រុមល្បីឈ្មោះមួយនេះបានចេញជាបន្តបន្ទាប់ និង មួយចំនួនទៀតត្រៀមនឹងចាកចេញ។
អតីតសមាជិកក្រុម Cambodia Super Model ម្នាក់បាននិយាយប្រាប់ Sabay ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការចាកចេញពីក្រុម គឺដោយសារតែកាលខ្លួននៅជាសមាជិកមិនសូវបានចេញដើរម៉ូដ ហើយតារាម៉ូដែល ដែលឧស្សាហ៍ចេញដើរម៉ូដនោះ ភាគច្រើន គឺជា អ្នកដែលស្និទ្ធមេក្រុម ឬ ជាសាច់ញាតិរបស់ថ្នាក់ដឹកនាំក្នុងក្រុមតែម្ដង។
តារាម៉ូដែល ដែលបានដើរចេញពីក្រុម Cambodia Super Model ទៅចូលក្រុមផ្សេង ហើយបច្ចុប្បន្នកំពុងមានទីផ្សារចេញស្ទើរតែមិនមានពេលសម្រាកនោះ បានឲ្យដឹងទៀតថា មិនមែនមានតែខ្លួនទេ ដែលមិនពេញចិត្តទៅនឹងការដឹកនាំក្រុមបង្ហាញម៉ូដមួយនេះ បច្ចុប្បន្នមានតារាម៉ូដែលជាច្រើនអ្នកទៀតក៏មានការអន់ចិត្ត ហើយតារាទាំងនោះ ក៏មានគម្រោងដើរចេញដូចគ្នាដែរ គ្រាន់តែមិនទាន់ដល់ពេល។ "ខ្ញុំចង់ប្រាប់បងថា សមាជិកក្រុមភាគច្រើនចង់ចាកចេញនោះ គឺដោយសារតែពួកគេមិនពេញចិត្តការដឹកនាំ ជាពិសេសកញ្ញា ដួង ហ្សូរីម៉ាតែម្ដង ព្រោះនាងដឹកនាំបែបបក្សពួកនិយម"។
ទាក់ទងនឹងបញ្ហានេះ កញ្ញា ដួង ហ្សូរីម៉ា បានបានទទួលស្គាល់ថា ក្រុម Cambodia Super Model ពិតជាមានសមាជិកមួយចំនួនដើរចេញពិតប្រាកដមែន ប៉ុន្តែ មិនមានច្រើននោះឡើយ។ តារាស្រីម្នាក់នេះ បានបន្តថា ការដើរចេញនៃសមាជិកទាំងនោះ ការអាក់អន់ចិត្តមិនសូវបានចេញដើរម៉ូដគឺជាចំណែកធំ ប៉ុន្តែក្រុមបង្ហាញម៉ូដរបស់នាងមិនបានចងជើងតារាម៉ូដែលណាម្នាក់នោះទេ។
ហ្សូរីម៉ា បានបញ្ជាក់ថា ការសម្រេចឲ្យតារាម៉ូដែលណាម្នាក់ទៅដើរម៉ូដក្នុងកម្មវិធីមួយ មិនមែនចេះតែធ្វើតាមចិត្តនោះឡើយ គឺធ្វើតម្រូវទៅតាមកម្មវិធី។ នាងថា ម្ចាស់កម្មវិធី គេតម្រូវយកម៉ូដែលប្រភេទណា ត្រូវធ្វើតាមការកុម្ម៉ង់របស់គេ ដោយសារតែក្រុមក្រុម Cambodia Super Model មានសមាជិកច្រើន ដូចនេះ មិនអាចយកសមាជិកទាំងអស់បានឡើយ។ ចំណុចមួយទៀត ហ្សូរីម៉ា ប្រាប់ថា ក្រុមរបស់នាងត្រូវការ ធ្វើការជាមួយសមាជិកណាដែលស្រួលធ្វើការងារមួយគ្នាតែប៉ុណ្ណោះ។
ចំពោះសំណួរដែលសួថា តើការដើរចេញរបស់សមាជិកក្រុមជាបន្តបន្ទាប់ វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រុម Cambodia Super Model កម្រិតណា ខណៈដែលបច្ចុប្បន្នមានក្រុមម៉ូដែលជាច្រើនត្រូវបានបង្កើតជាបន្តបន្ទាប់? ហ្សូរីម៉ា លើកឡើងថា Cambodia Super Model បង្កើតឡើង ដើម្បីធ្វើការជាមួយគ្នា ជោគជ័យជាមួយគ្នា មិនមានចេតនាចង់ត្រកួតប្រជែងជាមួយក្រុមម៉ូដែលណាម្នាក់ឡើយ។ ហ្សូរីម៉ា បាននិយាយជាចុងក្រោយថា មិនខ្វះម៉ូដែលទេដែលចង់ចូលក្នុងក្រុមរបស់ខ្លួន ប៉ុន្តែ ក្រុមរបស់នាង ផ្ដល់ឱកាសដល់អ្នកដែលមានសមត្ថភាពតែប៉ុណ្ណោះ៕
អានអត្ថបទ៖ សុគន្ធ ធារ៉ាត់ សារភាពថា ជ្រុលលង់ស្នេហ៍ជាមួយ យ៉ា ដាវ ម្ដងម្កាល អានអត្ថបទ៖ ពេជ្រ សូរីតាថា សុំ Sexy បន្តិចហើយឆ្នាំ ២០១៥ កុំប្រកាន់!
អត្ថបទ៖ ខុត សីហា