ច្បាប់​ថ្មី តម្រូវ​ឲ្យ​ម្ចាស់​ហាង​ចុះ​បញ្ជី​រថយន្ត​​ និង ធ្វើ​​ផ្លាក​លេខ​មុន​ប្រគល់​ឲ្យ​អ្នក​ទិញ

  • 2015-01-13 17:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ប្រសិន​បើ​ម្ចាស់​ហាង​នៅ​តែ​មិន​អនុវត្តន៍​ការ​ចុះ​បញ្ជី​ និង សុំ​ផ្លាក​លេខ​មុន​ប្រគល់​ឲ្យ​អ្នក​ទិញ​នឹង​ប្រឈម​មុខ​ចំពោះ​ច្បាប់"។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ពៅ ម៉ាលី អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

 

ថ្វីបើ​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​នៅ​មិនទាន់​​ចូល​ជាធរមាន​ក៏ដោយ ក៏​លោក ពៅ ម៉ាលី បាន​បង្ហើប​ប្រាប់​ខ្លះ​ៗ​ថា ច្បាប់​​នេះ​​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ការ​ទទួល​ខុសត្រូវ និង យានយន្ត​គ្រប់​ប្រភេទ​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវដើម្បី​នៅ​ក្នុង​ការ​គ្រប់គ្រង។ ដូច្នេះ​ហើយ​ច្បាប់​ចរាចរណ៍​​ថ្មី​ បាន​តម្រូវ​ឲ្យ​ម្ចាស់​ហាង​លក់​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​ចុះ​បញ្ជី​រថយន្ត​ និង ធ្វើ​​ផ្លាក​លេខ​មុន​ប្រគល់​ជូន​អ្នក​ទិញ។ ប៉ុន្តែ ចំពោះ​ម៉ូតូ ​គឺ​មាន​ការ​យោគយល់​ខ្លះ។

 

“យើង​ចង់​អនុវត្ត​ខ្លាំង​ចំពោះ​ឡាន ប៉ុន្ដែ ម៉ូតូ​យើង​អាច​អនុគ្រោះ​ខ្លះ"។ លោក ពៅ ម៉ាលី​ និយាយ។ មាន​ការ​កត់​សម្គាល់​ឃើញ​ថា កន្លង​មក​ មាន​រថយន្ត​មួយ​ចំនួន​បាន​បើក​បរ​នៅ​លើ​ដង​ផ្លូវ​មិន​បាន​បំពាក់​ផ្លាក​លេខ ហើយ​ខ្លះ​ទៀត​អត់​ទាន់​ទាំង​ចុះ​​បញ្ជី​ផង។

 

 

លោក ពៅ ម៉ាលី បាន​ប្រាប់​ Sabay ថា ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ និង ការ​ទទួល​ខុសត្រូវ​ច្បាស់​លាស់​ ច្បាប់​ចរាចរណ៍​ជើង​គោក​ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​តម្រូវ​ឲ្យ​ម្ចាស់​ហាង​បំពេញ​ឯកសារ​ឲ្យ​បាន​គ្រប់​គ្រាន់​មុន​នឹង​​ប្រគល់​ជូន​ទៅ​អ្នក​ទិញ។ ប្រសិន​បើ​​ម្ចាស់​ហាង​​មិន​គោរព​តាម​ច្បាប់​នេះ​ទេ គឺ ប្រឈម​នឹង​រដ្ឋប្បវេណី​ នៅ​ពេល​អ្នក​​ទិញ​បើកបរ​នៅ​លើ​ដង​ផ្លូវ​ហើយ​ត្រូវ​នគរបាល​ចរាចរណ៍​​ឃាត់​ ឬ ត្រួតពិនិត្យ​រក​ឃើញ​ថា ពុំ​មាន​​ការ​ចុះ​បញ្ជី ឬ ពុំ​មាន​ផ្លាក​លេខ។ ដូច្នេះ អ្នក​ទិញ​​អាច​ប្ដឹង​មក​កាន់​ម្ចាស់​ហាង​វិញ ព្រោះ​​ម្ចាស់​ហាង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។

 

"ខ្ញុំ​ចង់​បញ្ជាក់​ដែរ​ថា អ្នក​ទិញ​ និង អ្នកលក់​ គឺ​ចចារ​គ្នា​ទៅ ហើយ​បំពេញ​ឯកសារ​ឲ្យ​រួចរាល់ ហើយ​អាច​ចេញ​ផ្លាក​លេខ​បណ្ដោះ​អាសន្ន​ជូន​អ្នក​ទិញ​​ ដើម្បី​ជួយ​សម្រួល​ពេលវេលា​ដល់​អ្នក​ទិញ​ផង ព្រោះ​គ្នា​ត្រូវ​រត់​ឯកសារ​ខ្លួន​ឯង​ពេល​ខ្លះ​ខ្វះ​នេះ ខ្វះ​នោះ អញ្ចឹង​បើ​ហាង​ធ្វើ​គឺ​ងាយ​ស្រួល​ណាស់​​​ចំណេញ​ពេល​ផងដែរ"។ លោក ពៅ​ ម៉ាលី បន្ថែម។

 

ច្បាប់​ចរាចរណ៍​ថ្មី ដែល​រង់​ចាំ​តែ​ការ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ ព្រះ​បរមនាថ នរោត្តម ​សីហ​មុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ហើយ​នឹង​ចូល​ជាធរមាន​ គឺ នៅ​ត្រង់​ មាត្រា​ ៤៨ បាន​ចែង​ថា គ្រប់​ម្ចាស់​ហាង​លក់​យាន​គ្រប់​ប្រភេទ​ មាន​កាតព្វកិច្ច​បំពេញ​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត​សុំ​ប័ណ្ណ​សម្គាល់​យានយន្ត​ និង សុំ​ផ្លាក​លេខ​សម្គាល់​យានយន្ត​ឲ្យ​បាន​ចប់​សព្វ​គ្រប់​មុន​នឹង​ប្រគល់​ឲ្យ​អ្នក​ទិញ។ ការ​លក់​ទិញ ការ​ធ្វើ​អំណោយ​ និង រាល់​ទម្រង់​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​​មាន​ការ​ផ្លាស់​ប្ដូរ​កម្មសិទ្ធិករ​នៃ​យានយន្ត​​ត្រូវ​បំពេញ​សំណុំ​បែបបទ​​ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត។

 

 

ទាក់ទង​នឹង​បញ្ហា​នេះ លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​បញ្ចេញ​ជា​យោបល់​ថា ច្បាប់​ថ្មី​នេះ គឺ​មាន​ភាព​ប្រសើរ​ជាង​ច្បាប់​ចាស់​ កាល​ពី​ឆ្នាំ ២០០៧។ ប៉ុន្ដែ លោក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​អនុវត្តន៍​ទៅវិញ។

 

លោក​បាន​និយាយ​ថា ច្បាប់​ចាស់​នៅ​មាត្រា​មួយ​ចំនួន​នៅ​មិនទាន់​អនុវត្តន៍​បាន​​នៅ​ឡើយ​ ហើយ​ច្បាប់​ថ្មី​នេះ ក៏​នឹង​ប្រហាក់ប្រហែល​គ្នា។ ការណ៍​ដែល​មិន​អាច​អនុវត្តន៍​ព្រោះ​តែ​​​សព្វថ្ងៃ​នេះ កង្វះ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​របស់​នគរបាល​ចរាចរណ៍​ ហើយ​កង្វះ​ឆន្ទៈ​ក៏​ជា​ឧបសគ្គ​ផងដែរ។

 

ទោះ​បី​ជា​​យ៉ាង​ណា លោក សុក សំអឿន បាន​លើក​ឡើង​ថា ប្រសិន​បើ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​​អាច​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បាន​ ក៏​ជា​ផ្នែក​មួយ​បង្កើន​ចំណូល​រដ្ឋ ហើយ​​នឹង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​នៅ​ពេល​យានយន្ត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

 

“ខ្ញុំ​លើក​ឧទាហរណ៍​ថា មាត្រា​មួយ​នៃ​ច្បាប់​បាន​និយាយ​ថា អ្នក​បើកបរ​មាន​ទោស​ព្រហ្មទណ្ឌ ឯ​ម្ចាស់​យានយន្ត​មាន​ទោស​ផ្នែក​រដ្ឋប្បវេណី​ ដូច្នេះ កន្លង​មក​មាន​អ្នក​លក់​រថយន្ត​មួយ​ចំនួន​មិន​បាន​ផ្ទេរ​ឈ្មោះ​នោះ​ទេ ចុះ​ពេល​មាន​គ្រោះ​ថ្នាក់​ពិបាក​រក​អ្នក​ទទួល​ខុសត្រូវ​​​ព្រោះ​ឈ្មោះ​ចុះ​បញ្ជី​ផ្សេង​ ឯ​អ្នក​លក់​ដូរ​រថយន្ត​បាន​លក់​ជាច្រើន​តំណ។ ម្យ៉ាង​បើ​គ្រប់​គ្នា​លក់​បន្ត​ហើយ​ផ្លាស់​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ គឺ​រដ្ឋ​ចំណេញ​ច្រើន​ងាយ​គ្រប់​គ្រង​ផង និង បាន​ចំណូល​ផង"។

 

ច្បាប់​ថ្មី​មាន​ ១២ ជំពូក និង ៩២ មាត្រា ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ កាល​ពី​ថ្ងៃ​ទី ៥ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​សំឡេង​គាំទ្រ ១០៣ លើ ១០៦ សំឡេង និង បាន​ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ ដោយ​រង់​ចាំ​តែ​ការ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ ព្រះ​បរមនាថ នរោត្តម ​សីហ​មុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ប៉ុណ្ណោះ។

 

នៅ​ក្នុង​ច្បាប់​ថ្មី​ដែល​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​ មាត្រា​ ៤៧ ក៏​បាន​ចែងដែរ​​ថា គ្រប់​យានយន្ត​នៅ​ពេល​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត​ និង មាន​ពាក់​​ផ្លាក​លេខ​​សម្គាល់​​យានយន្ត។ គ្រប់​យានយន្ត​ត្រូវ​ចុះ​បញ្ជី​ផ្ដល់​បណ្ណ​សម្គាល់​យានយន្ត​ និង បំពាក់​ផ្លាក​លេខ​សម្គាល់​យានយន្ត​ដោយ​ក្រសួង​សាធារណៈ​ការ​ និង ដឹក​ជញ្ជូន លើក​លែង​តែ​យានយន្ត​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​សម្រាប់​បម្រើ​ការ​សន្តិសុខ​ជាតិ សណ្ដាប់​ធ្នាប់​សង្គម និង ការពារ​ជាតិ គ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ​ ឬ ក្រសួង​ការពារ​ជាតិ​ ត្រូវ​ចុះ​បញ្ជី​យានយន្ត​ផ្ដល់​បណ្ណ​សម្គាល់​យានយន្ត​ និង បំពាក់​ផ្លាក​លេខ​ដោយ​ក្រសួង​មហាផ្ទៃ​ឬ​ក្រសួង​ពារ​ជាតិ។ យានយន្ត​ដែល​ពុំ​ទាន់​ចុះ​បញ្ជី​យានយន្ត​​សុំ​បណ្ណ​សម្គាល់​ និង គ្មាន​ផ្លាក​លេខ ត្រូវ​ផ្ទុក​លើយាន​ដែល​មាន​ផ្លាក​លេខ​នៅ​ពេល​ធ្វើ​ចរាចរណ៍។ ចំពោះ​រ៉ឺម៉ក ឬ សឺមីរ៉ឺម៉ក​ និង សុំ​ផ្លាក​លេខ​ដូច​យានយន្ត​ដែរ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី