និស្សិតខ្មែររៀនសាលាថ្លៃជិត១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ មានប្រវត្តិម្តាយទូលនំលក់
- 2015-01-13 21:55:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតខ្មែររៀនសាលាថ្លៃជិត១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ មានប្រវត្តិម្តាយទូលនំលក់
ចន្លោះមិនឃើញ
មានទីកន្លែងកំណើត ក្នុងរាជធានីភ្នំពេញមែនពិត សន សេដ្ឋភាព គឺជាយុវជនមួយរូបធំដឹងក្តី ក្នុងគ្រួសារក្រីក្រ ដែលមានតែម្តាយមេម៉ាយ តស៊ូគ្រប់យ៉ាងចិញ្ចឹមបីបាត់កូន៤នាក់ ក្នុងបន្ទុក។ សេដ្ឋភាព គឺជាកូនទី៣ ក្នុងចំណោមបងប្អូន៤ នាក់។ បច្ចុប្បន្នយុវជនរូបនេះបានប្រែក្លាយជាយុវជនឆ្នើមមួយរូប ដែលបានសិក្សានៅសាកលវិទ្យាល័យល្បីមួយ នៅសហរដ្ឋអាមេរិក ដោយចំណាយថ្លៃសិក្សាជិត ១០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
សេដ្ឋភាព ដែលកំព្រាឪពុកតាំងពីអាយុ៩ ឆ្នាំ ដោយសារជំងឺលើសឈាម បានចូលរៀននៅអនុវិទ្យាល័យបណ្តើរ និងឆ្លៀតចូលរៀននៅសាលារ៉ៃយំ ផ្នែកគំនូរតាំងពីអាយុ១៤ឆ្នាំ និងក្រោយមកបានចូលរៀនផ្នែករបាំសហសម័យតាមការណែនាំពីមិត្តភ័ក្កិស្គាល់គ្នា។ មិនយូរប៉ុន្មានទេពកោសល្យសិល្បៈផ្នែករបាំង បានរុញច្រានឲ្យកេរ្តិ៍ឈ្មោះយុវជន រូបនេះឲ្យមនុស្សជាច្រើនបានស្គាល់ រហូតអាចចេញទៅសម្ដែងនៅក្រៅប្រទេសជាច្រើនដង។ "និយាយទៅដំបូងខ្ញុំអត់មានដុង និងអត់ស្គាល់ថា អ្វីទៅជារបាំសហសម័យទេ តែយូរៗទៅពួកខ្ញុំយកចិត្តទុករៀន និងអាចចាប់បាន ក៏គ្រូបង្រៀនបរទេសម្នាក់នៅសាលារ៉ៃយំ បង្ហើបគម្រោងនាំពួកខ្ញុំ ទៅសម្ដែងនៅអាមេរិក អញ្ចឹងខ្ញុំក៏កាន់តែប្រឹងហាត់រៀន រហូតឆ្នាំ២០០៦ បានចេញទៅសម្ដែងនៅអាមេរិកជាលើកដំបូង”។
ឆ្នាំ២០០៦ សេដ្ឋភាព បានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជាស្ថាពរ ហើយសំណាងល្អ ត្រូវបានសប្បុរសជនម្នាក់ស្គាល់គ្នា ពេលទៅសម្ដែងរបាំនៅឯសហរដ្ឋអាមេរិក បានឧបត្ថម្ភបង់ថ្លៃឲ្យចូលរៀននៅសាកលវិទ្យាល័យន័រតុនជំនាញស្ថាបត្យកម្ម។ សេដ្ឋភាព មានអារម្មណ៍ត្រេកអរជាខ្លាំង ព្រោះ បើគ្មានការជួយជ្រោមជ្រែងពីសប្បុរសជន ម្ល៉េះក៏គ្មានលទ្ធភាពរៀននៅសាកលវិទ្យាល័យដែរ។ "ពួកខ្ញុំរៀននៅសាលារ៉ៃយំភាគច្រើនជាកូនអ្នកក្រីក្រ ចៃដន្យពេលដែលខ្ញុំរៀនចប់បាក់ឌុប សប្បុរសជនបានជួយខ្ញុំ និងនិស្សិតមួយចំនួនទៀតបានរៀននៅមហាវិទ្យាល័យ ដោយបានសាកសួរពីប្រវត្តិសិក្សា និងក្រុមគ្រួសាររបស់ខ្ញុំយ៉ាងលំអិត”។
ច្រើនឆ្នាំកន្លងមកនេះម្តាយ សេដ្ឋភាព បានដើរតួនាទីជាឪពុកផង និងម្តាយផង ចិញ្ចឹមបីបាច់កូន តាំងពីលោកឪពុកស្លាប់។ "ម្តាយខ្ញុំធ្លាប់ប្រកបរបរជាអ្នកលក់ចេកចៀន លក់បាយ និងធ្វើការងារតាមផ្ទះជនបរទេស ដល់បច្ចុប្បន្ននេះ ដើម្បីកូនបានចូលសាលាហ្នឹងគេ។ ប៉ុន្តែគួរឲ្យស្តាយបងប្រុស និងបងស្រីរបស់ខ្ញុំមិនបានរៀនច្រើនដូចខ្ញុំទេ”។
ការចាប់យកជំនាញស្ថាបត្យកម្មនៅថ្នាក់ឧត្តមសិក្សាត្រូវបាន សេដ្ឋភាព រំលឹកថា ខ្លួនស្រលាញ់ជំនាញគូររូបនេះ តាំងពីកុមារភាពមក ជាពិសេសពេលឃើញការដាក់បង្ហាញរូបគំនូរបុរាណ និងគំនូររូបភាពជាច្រើននៅម្តុំសាលារចនា ខណៈទីនោះនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ សេដ្ឋភាព។ សេដ្ឋភាព បានយកចិត្តទុកដាក់សិក្សា នៅមហាវិទ្យាល័យ បើទោះជាពេលខ្លះការចេញសម្ដែងនៅក្រៅប្រទេស បានធ្វើឲ្យខកខានការសិក្សានៅសាលាខ្លះក្តី។
ពេលវេលាបានដើរទៅមុខយ៉ាងឆាប់រហ័ស នៅឆ្នាំ២០១២ ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យន័រតុន បានចប់ដោយជោគជ័យ។ ពេលទទួលសញ្ញាបត្រ សេដ្ឋភាព នៅតែមិននឹកស្មានថា ខ្លួនអាចរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញស្ថាបត្យកម្ម។ "ដំបូងការស្រមើស្រមៃរបស់ខ្ញុំ មានលំដាប់ ខ្ញុំគិតថា ចាប់យកជំនាញជាអ្នកគូររូបធម្មតាទេ តែទីបំផុតអាចរៀនចប់ថ្នាក់បរិញ្ញាបត្រលើជំនាញដែលខ្លួនចូលចិត្ត រំភើបមែនទែន”។
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលម្តងទៀត តាមរយៈអាជីពអ្នករបាំសហសម័យនៅសាលារ៉ៃយំ សេដ្ឋភាព បានស្គាល់សប្បុរសជនម្នាក់ទៀតជាជនបរទេស ដែលស្ម័គ្ររ៉ាប់រងលើការសិក្សានៅថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក ដែលមានខ្ទង់ចំណាយជិត ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋភាព បានទៅសិក្សានៅសាកលវិទ្យាល័យ Parsons នៃទីក្រុងញ៉ូញក សហរដ្ឋអាមេរិក។ “ដំបូងខ្ញុំប្រុងរៀន នៅថៃ ប៉ុន្តែដោយសារនៅអាមេរិក មានមិត្តភ័ក្ដិ និងម្យ៉ាងម្ចាស់ឧបត្ថម្ភគាត់នៅអាមេរិកផង ក៏សម្រេចរៀននៅទីនោះតែម្តង”។
រយៈពេលជាងមួយឆ្នាំមកហើយ ដែល សេដ្ឋភាព បានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិតជំនាញស្ថាបត្យកម្ម ។ មានហេតុផលពីរយ៉ាងដែលបានរុញច្រានឲ្យមកដល់ចំណុចនេះ។ ទី១ ការខិតខំប្រឹងប្រែង និងការកំណត់គោលដៅមួយច្បាស់លាស់ និងទី២ សំណាង។ បើតាម សេដ្ឋភាព គ្មានអ្វីមួយកើតឡើងដោយឯកឯងនោះទេ លុះត្រាតែយើងចេះចាប់ផ្តើមពីជំហានដំបូង ទើបសំណាងមកតាមក្រោយ។ មកដល់ពេលនេះអ្វីដែល សេដ្ឋភាព មិនអាចបំភ្លេចបានគឺការខិតខំប្រឹងប្រែងតស៊ូរបស់ម្តាយ ទោះត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏នៅតែពុះពារឲ្យកូនខំរៀន។ ទន្ទឹមគ្នាដែរការផ្តល់ឱកាសពីថ្នាក់ដឹកនាំរបស់សាលារ៉ៃយំ បើគ្មានសាលាខាងលើជួយបណ្តុះបណ្តាលផ្នែករបាំសហសម័យទេ ម្ល៉េះក៏គ្មានថ្ងៃនេះដែរ។
សេដ្ឋភាព បានរៀបរាប់ទៀតថា ការសិក្សានៅសាកលវិទ្យាល័យ Parsons គឺមាននិស្សិតមកពីគ្រប់ជាតិសាសន៍ ក្នុងនោះមាននិស្សិតខ្មែរសិក្សានៅទីនោះ៤ នាក់។ ការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកគឺមានភាពមមាញឹក ស្ទើរគ្មានពេលលំហែនោះទេ ចប់មួយចូលមួយ ពិសេសមួយសបា្តហ៍ដំបូងគឺកិច្ចសាលាមកច្រើនមែនទែន។
ក្រោយចប់ថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០១៧ សេដ្ឋភាព មានគម្រោងបម្រើការងារ២ ឆ្នាំនៅសហរដ្ឋអាមេរិក ដើម្បីយកបទពិសោធន៍ការងារ និងបន្ទាប់មកវិលមកបម្រើការងារ ក្នុងប្រទេសកម្ពុជា។ សេដ្ឋភាព ចង់ពង្វឹកខ្លួនឯងមិនត្រឹមជាស្ថាបត្យករ ដែលមានតែឈ្មោះនោះទេ ពោលគឺមានទាំងឈ្មោះនិងស្នាដៃ ពិសេសចង់បង្កើតអ្វីជារបស់ខ្មែរ ដោយយកលោកតា វណ្ណ មូលីវណ្ណ បិតាស្ថាបត្យករជាគំរូ៕
(រូបថតអនុស្សាវរីយ៍ជាមួយ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ហ៊ីល ឡារីគ្លីនតុន)
អត្ថបទ៖មៃ សុខលីម