គួរ​​ថែ​ទាំ​ដើម​រាសី​​របៀប​ម៉េច​​ ឲ្យ​នៅ​ពណ៌​​បៃតង​​​ល្អ?

  • 2015-01-16 16:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យុវវ័យ​​​មួយ​ចំនួន​ ​​និយម​ដាំ​ដើម​រាសី​ក្នុង​បន្ទប់​ ឬ​ក្នុង​ការិយាល័យ​ ​​ដើម្បី​​​លម្អ​​បន្ទប់​ឲ្យ​មាន​ពណ៌​បៃតង ​​ហើយ​ក៏​មាន​អ្នក​ខ្លះ​ជឿ​ថា​​ ដើម​រាសី​ល្អ​ នឹង​នាំ​សំណាង​ ឬ​លាភ​ដល់​អ្នក​ដាំ​។

 

តាម​គេហទំព័រ​ Flowershopnetwork ​​បាន​ឱ្យ​ដឹង​ថា​ ​ដើម​រាសី​មាន​ប្រភព​នៅ​ប្រទេស​កាមេរ៉ូន​ ​​​ទ្វីប​​​អាហ្វ្រិច​​ ជា​ប្រភេទ​រុក្ខជាតិ​ពណ៌​បៃតង​ដែល​កម្រ​​​មាន​ផ្កា​ ហើយ​ច្រើន​ដាំ​នៅ​ក្នុង​ម្លប់​។​

 

 

​គួរ​ជ្រើស​រើស​ថូ​ណា​ដែល​មាន​ពណ៌​ស្រអាប់ ព្រោះ​កម្ដៅ​ពី​ព្រះ​អាទិត្យ​ដែល​ចូល​តាម​ថូ​ពណ៌​ថ្លា​​​ អាច​ជួយ​ឲ្យ​ដុះ​ស្លែ​បាន​។ ថ្ងៃ​នេះ ​Sabay​ ​នឹង​បង្ហាញ​ពី​វិធី​ថែ​ទាំ​ដើម​រាសី​​ឲ្យ​បាន​ល្អ​ និង​នៅ​តែ​មាន​ពណ៌​បៃតង​​ជា​និច្ច​​។

 

១. ពន្លឺ​៖ គួរ ​ចៀសវាង​​​ ​​ដាំ​ដើម​រាសី​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ដោយ​ផ្ទាល់​។ យក​ល្អ​ គួរ​ដាំ​វា​ក្នុង​ម្លប់​ដែល​​​អាច​មាន​កម្ដៅ​ និង​ពន្លឺ​ស្រាល​ៗ​ ព្រោះ​កម្ដៅ​ថ្ងៃ​ប៉ះ​ផ្ទាល់​ អាច​នឹង​ធ្វើ​ឲ្យ​ស្លឹក​របស់​វា​ឡើង​លឿង​បាន​។

 

២. ការ​ស្រោច​ទឹក​៖ គួរ​ដាំ​ដើម​រាសី​ក្នុង​ថូ​ដែល​មាន​ទឹក​ និង​មាន​គ្រួស​តូច​ៗ​ដើម្បី​ឲ្យ​វា​ដុះ​បាន​ល្អ​។ អ្នក​​គួរ​ស្រោច​ទឹក​ដោយ​ប្រើ​ដប​ ឬ​ទឹក​បាញ់​ ឬ​​ប្រើ​ទឹក​ដែល​ចេញ​​ពី​ក្បាល​​រ៉ូមីណេ​ដែល​ត្រង​ទុក​ ​២៤​ម៉ោង​ដើម្បី​ឲ្យ​វា​បង្ហួត​ជាតិ​ក្លរីន​ជាមុន​សិន​។ ដើម​រាសី​ដែល​មាន​សុខភាព​ល្អ គឺ​តែង​មាន​ដុះ​ឫស​ពណ៌​ក្រហម​។ ម្យ៉ាង​ទៀត​ អ្នក​ត្រូវ​ប្ដូរ​ទឹក​រាល់​សប្ដាហ៍​។

 

៣. សីតុណ្ហភាព​៖ ដើម​រាសីអស់​រស់​នៅ​បាន​​ក្នុង​​​សីតុណ្ហភាព​ក្ដៅ​ល្មម​ គឺ​ចន្លោះ​ពី​១៨​ទៅ​៣២​ អង្សា សេ។ មិន​គួរ​ទុក​ដើម​រាសី​ចំ​ពី​មុខ​ម៉ាស៊ីន​ត្រជាក់​ ឬ​កន្លែង​ដែល​មាន​កម្ដៅ​ខ្លាំង​ឡើយ​។

 

 

៤. ផើង​ ឬ​ថូ​ដែល​ត្រូវ​ដាក់​ដាំ​៖ ក្រៅ​ពី​ដាក់​ក្នុង​ថូ​ដែល​មាន​ទឹក​ អ្នក​អាច​ដាំ​ដើម​រាសី​​ក្នុង​ផើង​ដែល​មាន​ដី​មាន​ជីជាតិ​ និង​អាច​ស្រូប​ទឹក​បាន​ល្អ។ គួរ​ស្រោច​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ដើម​រាសី​ និង​ដី​ស្រូប​ទឹក​បាន​គ្រប់​គ្រាន់​ តែ​មិន​គួរ​ស្រោច​ដល់​ថ្នាក់​ជោគ​ជាំ​ពេក​នោះ​ទេ​។

 

៥. ការ​ដាក់​ជី​៖ ដើម ​រាសី​ដែល​ដាក់​ក្នុង​ទឹក​ ត្រូវ​ការ​ដាក់​ជី​រាល់​ខែ​ ដូច្នេះ​គួរ​ប្រើ​ជី​ឬ​ថ្នាំ​បំប៉ន​ណា​ដែល​មាន​លក្ខណៈ​ស្រាលៗ​ទើប​ជា​ការ​ ល្អ​។ សាក​ល្បង​វិធី​ខាង​លើ​ អ្នក​ប្រាកដ​ជា​បាន​ដើម​រាសី​ដែល​មាន​ការ​លូត​លាស់​បាន​ល្អ​ និង​មាន​ពណ៌​ស្រស់​បំព្រង​ជាក់​ជា​មិន​ខាន​៕ ​ ប្រែ​សម្រួល​៖ សុគន្ធី​

ប្រភព​៖ flowershopnetwork, houseplants

អត្ថបទថ្មី