តើ​ប្រាសាទ​បុរាណ​​ខ្មែរ​នៅ​សល់​ប៉ុន្មាន​​​? ​

  • 2015-01-22 16:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មែរ​ធ្លាប់​មាន​វប្បធម៌​ និង​អរិយធម៌​ល្បី​រន្ទឺ​ពាស​ពេញ​តំបន់​​​អាស៊ី​អាគ្នេយ៍​ ជា​ពិសេស​ក្នុង​សម័យ​អង្គរដ៏​រុង​រឿង។ កេរ្តិ៍​ដំណែល​​ ដែលបន្សល់​ទុក​ពី​​អតីតកាល ​មាន​សម្បត្តិ​វប្បធម៌​ជា​ច្រើន​ ក្នុង​នោះ​មាន​ប្រាសាទ​បុរាណ​ នៅ​រាយ​ប៉ាយ​​ពាស​ពេញ​ផ្ទៃ​ប្រទេស​​ ដែល​ខ្លះ​នៅ​មាន​រូប​រាង​​ល្អ​  ​ខ្លះ​បែក​បាក់​ ​ខ្លះ​ទៀត​នៅ​សល់​តែ​​ដុំ​ថ្ម​​ និង​ខ្លះ​ទៀត​​​បាន​​បាត់​បង់​​ទៅ​ប្រទេស​ដទៃ។ លោក​ ​​ប្រាក់​សុណ្ណារ៉ា​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​​បេតិ​កភណ្ឌ​​​​នៃ​ក្រសួង​វប្បធម៌​ ស្ម័គ្រ​ចិត្ត​ ​​កន្លង​មក​បាន​ផ្ដល់​សម្ភាស​​ដល់​ Sabay ចែក​រំលែក​ព័ត៌មាន​មួយ​ចំនួន​​​ជុំ​វិញ​ប្រធានបទ​​​ប្រាសាទ​បុរាណ​ខ្មែរ​ដូច ​ខាង​ក្រោម។ Sabay ៖ តើ​ប្រាសាទ​ខ្មែរ​ចាប់​​ផ្ដើម​កសាង​ឡើង​នៅ​សតវត្ស​ទី​ប៉ុន្មាន? ទន្ទឹម​គ្នា​នៃ​​ការ​កកើត​ទឹក​ដី​ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែរ​​ឬ​យ៉ាង​ណា?

 

ប្រាក់ សុណ្ណារ៉ា ៖  ប្រាសាទ​ខ្មែរ​ចាប់​ផ្ដើម​កសាង​ដំបូង​ នៅ​សតវត្ស​ទី​៦ នៃ​គ្រិស្តសករាជ​ ​ដែល​អាច​និយាយ​បាន​ថា​ ចាប់​ពី​​សម័យ​សម័យ​ចេនឡា។  ​តែ​នេះ​ ខ្ញុំ​ចង់​សំដៅ​តែ​​ទៅ​លើ​ប្រាសាទ​​នៅ​ក្នុង​ទឹក​ដី​​ខ្មែរ​​ប៉ុណ្ណោះ។ ប្រាសាទ​ទាំង​នោះ​មាន​ដូច​ជា​ ​អាស្រម​មហាឥសី​​ (តាកែវ) ក្រុម​ប្រាសាទ​​សម្បូណ៍​ព្រៃ​គុក​ (កំពង់​ធំ)​ ប្រសាទ​​ក្នុង​រូង​ភ្នំ​ ដូច​ជា​នៅ​ភ្នំ​ខ្យង​ ភ្នំ​​ឈ្នួប​ និង​​ប្រាសាទ​ជា​ច្រើន​ទៀត។ ​​ការ​កសាង​ប្រាសាទ​ទាំង​នេះ​ មិន​មែន​ ​ទន្ទឹម​គ្នា​នឹង​ការ​​កកើត​ឡើង​ដំបូង​​នៃ​​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ​ទេ។ ​បើ​តាម​ការ​សិក្សា ​របស់​ក្រុម​អ្នក​ប្រវត្តិ​វិទូ​ផ្សេង​ៗ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ចាប់​ផ្ដើម​កកើត​ចាប់​ពី​សតវត្ស​ទី១​នៃ​គ្រិស្តសករាជ ​ ហើយ​ការ​កសាង​រាជធានី​ក៏​ចាប់​ផ្ដើម​កកើត​ចាប់​តាំង​ពី​ពេល​នោះ​ដែរ​ ក៏​ប៉ុន្តែ​ នៅ​តាម​រាជធានី​នីមួយ​ៗ​ ​ពុំ​ទាន់​មាន​ការ​កសាង​ប្រាសាទ​​​នោះ​ទេ​ គឺ​រហូត​ដល់​ដើម​សតវត្ស​ទី​​៦​​មក​ទើប​ចាប់​​​កសាង​។

 

Sabay ៖ ​តើ​ប្រាសាទ​ខ្មែរ​កសាង​ពី​អ្វី​ខ្លះ​ទៅ?

 

ប្រាក់​ សុណ្ណារ៉ា ៖ ប្រាសាទ​ខ្មែរ​កសាង​ពី​​​​​​​ ​ ឥដ្ឋ ថ្ម​ភក់ ​ថ្ម​បាយ​ក្រៀម​ដ ថ្ម​​ថ្លើម​អណ្ដើក​ ថ្ម​ពពុះ ​(​ថ្មបាសាល) និង​ឈើ (​ធ្វើ​ជា​ធ្នឹម​ប៉ុណ្ណោះ)​។

 

Sabay ៖ តើ​មូលហេតុ​អ្វី​បាន​ជា​ខ្មែរ​និយម​ កសាង​ប្រាសាទ​ច្រើន​ ​បែប​នេះ​? ប្រាក់​​ សុណ្ណារ៉ា ៖ បាទ! មានហេតុ​ផល​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​ព្រះ​រាជា​ខ្មែរ​សម័យ​បុរាណ​និយម​កសាង​ប្រសាទ​​​​ ​មាន​ដូច​ជា​ ដើម្បី​​ឧទ្ទិស​ដល់​​សាសនា ​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​ និង​ឧទ្ទិស​ដល់​​ខ្លួន​ឯង​​។ ​ក្នុង​ចំណោម​កត្តា​បី​ធំ​ៗ​នេះ​ គឺ​​​ខ្ញុំ​សង្កេត​ឃើញ​ថា​ ជំនឿ​​​លើ​សាសនា​ ជា​​ហេតុ​ផល​ចម្បង​មួយ។​ នៅ​សម័យ​បុរាណ​ ខ្មែរ​និយម​​មាន​ជំនឿ​​លើ​​សាសនា​​ព្រាហ្មណ៍​​ ​ហើយ​សាសនា​​នេះ​​ សម្បូរ​ទៅ​ដោយ​អាទិទេព​ជា​​ច្រើន​ ​ដែល​​​ព្រះមហាក្សត្រ​ខ្មែរ​​​​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​អាទិទេព​ទាំង​នេះ​ ទើប​ជំរុញ​​ឲ្យ​មាន​ការ​​កសាង​ប្រាសាទ​ដើម្បី​​​ឧទ្ទិស​ដល់​អាទិទេព​ទាំង​ នោះ។

 

Sabay ៖ ​ប្រាសាទ​ខ្មែរ​បែង​ចែក​ជា​ប៉ុន្មាន​ប្រភេទ? ​អ្វី​ខ្លះ?

 

ប្រាក់ សុណ្ណារ៉ា ៖ ប្រាសាទ​ខ្មែរ​​បែង​ចែក​ជា​​បី​ធំ​ៗ​គឺ​ ប្រាសាទ​​សង់​លើ​ដី​រាប (ប្រាសាទ ​ភូមិ​ប្រាសាទ ប្រាសាទ​ព្រះខ័ន…) ប្រាសាទ​​ទី​ទួល (ប្រាសាទ​លលៃ…)​ និង ប្រាសាទ​ភ្នំ។ ប្រាសាទ​​ភ្នំ បែង​ចែក​ជា​ពីរ​គឺ ប្រាសាទ​ភ្នំ​​ធម្មជាតិ (​​ភ្នំ​បាខែង …)​ និង ប្រាសាទ​ភ្នំ​​លើ​ដី​រាប​ស្មើ (ប្រាសាទ ​កោះ​ កេរ្តិ៍​ ប្រាសាទ​បាគង ប្រាសាទ​បក្សី​ចាំក្រុង ប្រាសាទ​ធំ ប្រាសាទ​ប្រែ​រូប ប្រាសាទ​តាកែវ ប្រាសាទ​បាពួន ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន…)។

 

 

 

 

Sabay ​៖ នៅ​សម័យ​ណា​ ​មាន​ការ​កសាង​​ប្រាសាទ​បាន​ច្រើន​ជាង​​គេ? ហេតុ​អ្វី?

 

ប្រាក់​ សុណ្ណារ៉ា ៖ សម័យ ​ដែល​មាន​ការ​កសាង​​ប្រាសាទ ​ច្រើន​ជាង​គេ​ គឺ​នៅ​សម័យ​អង្គរ។ កត្តា​ដែល​ជំរុញ ​​ឲ្យ​​មាន​​កសាង​ប្រាសាទ​បាន​ច្រើន​​​ក្នុង​សម័យ​នេះ​​ គឺ​ដោយ​​សារ​កត្តា​សេដ្ឋកិច្ច​ និង​កត្តា​នយោបាយ​ នៃ​ចក្រភព​អង្គរ​​ ពោរ​ពេញ​ដោយ​ភាព​ខ្លាំង​ ល្បី​រន្ទឺ​សុះសាយ​​ពាស​ពេញ​តំបន់ ហើយ​ព្រះរាជា​នា​សម័យ​នោះ​ គឺ​​មាន​​ការ​​ខ្នះ​ខ្នែង និង​​មាន​ការ​​​​​​ប្រណាំង​ប្រជែង​គ្នា​​កសាង​ប្រាសាទ​​​ខ្លាំង​បំផុត។ Sabay ៖ ​ព្រះរាជា​អង្គរ​ណា​ ដែល​បាន​កសាង​ប្រាសាទ​បាន​ច្រើន​ជាង​គេ? ​ហេតុ​អ្វី​បាន​​ជាអាច​កសាង​បាន​ច្រើន​បែប​នេះ?

 

ប្រាក់​ សុណ្ណារ៉ា ៖ ក្នុង ​ចំណោម​ព្រះមហាក្សត្រ​​ខ្មែរ​​ ដែល​បាន​បាន​គ្រង​តំណែង​ក្នុង​សម័យ​នគរភ្នំ​ សម័យ​ចេនឡា​ សម័យ​អង្គរ​ និង​សម័យ​ក្រោយ​អង្គរ​​ មាន​តែ​​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១​ (១០០២-១០៥០)។ ​ក្នុង​សម័យ​​នោះ ​​អាណាចក្រ​អង្គរ​​មាន​ភាព​ល្បី​ល្បាញ ​​ក្នុង​វិស័យ​ នយោបាយ​ សេដ្ឋកិច្ច និង​​យោធា​ និង​ជា​ពិសេស ​អាណាចក្រ​អង្គរ​មាន​សន្តិភាព​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ទើប​ធ្វើ​ឲ្យ​​ព្រះ​អង្គរ​អាច​អាច​គ្រង​តំណែង​​បាន​ជិត​កន្លះ​សតវត្ស និង​កសាង​ប្រាសាទ​បាន​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​។ ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែល​បាន​បន្សល់​ទុក​សព្វ​ថ្ងៃ ​​មាន​ដូច​ជា​ ប្រាសាទ​ព្រះវិហារ​ (សំណង់​មួយ​ភាគ​ធំ​ត្រូវ​បាន​កសាង​ឡើង​​​បន្ថែម​​​ពី​លើ​សំណង់​ដែល​សង់​ដោយ​ ​ព្រះបាទ​​ យសោវរ្ម័ន​ទី​១ ជ័យ​វរ្ម័ន​ទី​៤ រាជេន្ទ្រ​វរ្ម័ន និង​ជ័យ​វរ្ម័ន​ទី​៥) ប្រាសាទ​ភិមាន​អាកាស​ និង​បារាយ​ខាង​លិច (សៀមរាប) ​ប្រាសាទ​​ភ្នំ​ជីសូ​ និង​ភ្នំ​តាម៉ៅ​ (តាកែវ)​ ​ប្រាសាទ​គោកព្រីងជ្រុំ ​ប្រាសាទ​ភ្នំ​ធំ ប្រាសាទ​​ជើង​ព្រៃ និង​ប្រាសាទ​ព្រះធាតុ​ទឹក​ឆា (កំពង់ចាម)​ ​ប្រាសាទ​វត្តឯក ប្រាសាទ​​បាសែត​ និង​ប្រាសាទ​ស្នឹង​ (បាត់ដំបង)​ និង​ប្រាសាទ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទឹក​ដី​ឡាវ​ និង​ថៃ។

 

Sabay ៖ ​​តើ​អ្វី​ទៅ​ជា​ស្ថានីយ​បុរាណ​វិទ្យា​? តើ​​បច្ចុប្បន្ន ​ស្ថានីយ​បុរាណ​វិទ្យា​ខ្មែរ​​មាន​ចំនួន​​ប៉ុន្មាន​? ​​ក្នុង​នោះ​មាន​ប្រាសាទ​ប៉ុន្មាន​? ​សម្បត្តិ​វប្បធម៌​ផ្សេង​ៗ​ទៀត​ប៉ុន្មាន?

 

ប្រាក់ សុណ្ណារ៉ា​ ៖ ស្ថានីយ​បុរាណ​​​​ វិទ្យា គឺ​សំដៅ​លើ​បណ្ដុំ​​សម្បត្តិ​វប្បធម៌​​​ ក្នុង​នោះ​មាន​ដូច​ជា​ ប្រាសាទ​បុរាណ ​ប្រាសាទ​បាក់​បែក​សល់​តែ​គ្រឹះ ទួល​បុរាណ ស្ពាន ​បុរាណ និង​ការដ្ឋាន​​​ផ្សេង​​ៗ​ទៀត​។ ​គិត​ត្រឹម​ឆ្នាំ​២០១០​ មាន ​៦៥៩០​ស្ថានីយ​បុរាណ​វិទ្យា នៅ​ក្នុង​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​នោះ​ មាន​​​ប្រាសាទ​​ដែល​មាន​រូប​រាង​​ប្រមាណ​៥៨២ ប្រសាទ ​បាក់​បែក​សល់​តែ​គ្រឹះ​មាន​៣៩៣ ទួល​បុរាណ​​៤១៩៧ វត្ត​បុរាណ​១១០៤ ស្ពាន​បុរាណ​១០៧ និង​​ការដ្ឋាន ​ចម្លាក់​ និង​សិលា​ចារឹក​មាន​ចំនួន​២០៧។

 

 

Sabay ៖ ​​តើ​​បច្ចុប្បន្ន​​ ​ខេត្ត​ណា​ដែល​មាន​ប្រាសាទ​ណា​ច្រើន​ជាង​គេ? ​មាន​ស្ថានភាព​​យ៉ាង​ណា​ដែរ? ប្រាក់​ សុណ្ណារ៉ា ៖ បច្ចុប្បន្ន ​ ​ខេត្ត​សៀមរាប​​មាន​ប្រាសាទ​ច្រើន​ជាង​គេ​ ហើយ​​​ប្រាសាទ​ទាំង​នោះ​​ មាន​​រូប​រាង​នៅ​ល្អ​ប្រសើរ​ជាង​គេ​​ក្នុង​ចំណោម​​ប្រាសាទ​នៅ​ខេត្ត​​ផ្សេង​ ​ៗ​ទៀត ​ក៏​ប៉ុន្តែ ​ខ្ញុំ​ពុំ​បាន​ដឹង​ច្បាស់​​ថា​ នៅ​ក្នុង​ខេត្ត​នោះ​មាន​ប្រាសាទ​សរុប​​ប្រមាណ​ឲ្យ​ប្រាកដ​នោះ​ទេ។

 

Sabay ៖ ហេតុ​អ្វី​បាន​ជា​​ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ នៅ​មាន​រូប​រាង​​នៅ​ល្អ​ប្រសើរ​ជាង​គេ?

 

ប្រាក់​ សុណ្ណារ៉ា ៖ ជា​ការ​ពិត ​សង្គ្រាម​​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ ហើយ​សុទ្ធ​តែ​បាន​បំផ្លាញ​ប្រាសាទ​បុរាណ​ស្ទើរ​តែ​​គ្រប់​កន្លែង​ទាំង​អស់​​ គ្រាន់​តែ​ក្នុង​ទ្រង់​ទ្រាយ​តិច​និង​ច្រើន​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​មាន​រូបរាង​ល្អ​ ប្រសើរ​ជាង​​គេ​ គឺ​ដោយ​សារ​តែ​មាន​​ អភិរក្ស​​​ស្ថាន​​អង្គរ ប្រចាំ ​ខេត្ត​សៀមរាប​​ ដែល​បាន​បង្កើត​ឡើង​​ ដោយ​​​​បារាំង ​​​នៅ​ក្នុង​សម័យ​អាណានិគមនិយម​​​តាំង​ពី​ឆ្នាំ​១៩០៨។ ​ អភិរក្ស​​ស្ថាន​អង្គរ​ មាន​នាទី​ថែរក្សា និង​ជួយ​អភិរក្ស​​​​ប្រាសាទ​បុរាណ​ទាំង​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាសាទ​ទាំង​នោះ​​នៅ​មាន​រូបរាង​ល្អ​ប្រសើរ។

 

Sabay ៖ តើ​សម័យ​ណា​ ដែល​ខ្មែរ​លែង​មាន​ការ​សាង​សង់​ប្រាសាទ​​?​ មក​ពី​មូលហេតុ​អ្វី​ បាន​ជា​លែង​មាន​ការ​សាង​សង់​បែប​នេះ?

 

ប្រាក់​ សុណ្ណារ៉ា ៖ របត់ ​នៃ​សាសនា​គឺ​ជា​មូលហេតុ​​ចម្បង ​បំផុត ​ដែល​ជំរុញ​ឲ្យ​ខ្មែរ​បោះ​បង់​ចោល​ការ​កសាង​ប្រសាទ​បុរាណ។ ​​តាម​ការ​សិក្សា​របស់​ខ្ញុំ​ផ្ទាល់​ គឺ​​បញ្ចប់​នៅ​សតវត្ស​ទី​១៣​ ឬ​ក្រោយ​សម័យ​អង្គរ​។ ចាប់​ពី​សតវត្ស​នេះ​មក​ ខ្មែរ​បាន​ដូរ​មក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​ ដែល​និយម​យក​ឈើ​មក​ធ្វើ​ជា​ព្រះវិហារ​ គឺ​លែង​មាន​ការ​សាងសង់​ប្រាសាទ​ទៀត​ហើយ។

 

Sabay ៖ តើ​ប្រាសាទ​មួយ​ណា ដែល​ចាត់​ទុក​ជា​ប្រាសាទ​​កសាង​ក្រោយ​​គេ​​​បង្អស់​ ហើយ​កសាង​ដោយ​នរណា? ​អំឡុង​ឆ្នាំ​ណា?

 

ប្រាក់​ សុណ្ណារ៉ា ៖ ប្រាសាទ​​ដែល​កសាង​ចុង​ក្រោយ​បំផុត​​នោះ​គឺ​ ប្រាសាទ​មង្គលាថ៌ (ប្រាសាទ​តុប)​ ដែល​កសាង​ឡើង​ដោយ​ព្រាហ្មណ៍​​ម្នាក់​​ នៅ​ប្រហែល​ដើម​សតវត្ស​ទី​១៤ ស្ថិត​ក្នុង​ខេត្ត​សៀមរាប។

 

Sabay ៖ តើ​ប្រាសាទ​​​ខ្មែរ​បាត់​បង់​ទៅ​​ប្រទេស​ណា​ខ្លះ? ​ប្រទេស​ណា​ច្រើន​ជាង​គេ? ​ចំនួន​ប៉ុន្មាន?

 

ប្រាក់ សុណ្ណារ៉ា ៖ បើ​ផ្អែក​តាម​​ឯកសារ​ប្រវត្តិសាស្ត្រ​ ប្រាសាទ​ខ្មែរ ​បច្ចុប្បន្ន​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម។ ខាង​ក្រសួង​ មិន​បាន​រាប់​ចំនួន​ប្រាសាទ​ដែល​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង​ទាំង​នោះ​ទេ​ តែ​បើ​តាម​​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ផ្ទាល់​ គឺ​​​មិន​ដល់​មួយ​រយ​ប្រាសាទ​ទេ​។ ក្នុង​ចំណោម​ប្រទេស​ទាំង​បី​ គឺ​ប្រាសាទ​នៅ​ទឹក​ដី​ថៃ​ មាន​ចំនួន​ច្រើន​​ជាង​នៅ​ឡាវ​ និង​វៀតណាម។ Sabay ៖ តើ​ប្រទេស​​ទាំង​នោះ​ បាន​ទទួល​ស្គាល់​ថា​ ប្រាសាទ​ទាំង​នោះ​ជា​របស់​ខ្មែរ​ទេ?

 

ប្រាក់ សុណ្ណារ៉ា ៖ ​មាន​ប្រទេស​ខ្លះ​ទទួល​ស្គាល់​ថា​​ជា​របស់​ខ្មែរ។ ខ្ញុំ​បាន​ចុះ​​ទស្សនកិច្ច​​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​​ជា​មួយ​ប្រទេស​ផ្សេង​ៗ ​ទៀត​នៅ​ប្រទេស​ថៃ​។ នៅ​ថៃ​មាន​ប្រាសាទ​​ខ្មែរ​ជា​ច្រើន … ​ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​ប្រាសាទ​មួយ​​​មាន​ឈ្មោះ​ថា​ ប្រាសាទ​មឿងស៊ិញ​ នៅ​ខេត្ត​កញ្ចនា​​ ក្បែរ​ប្រទេស​ភូមា​។ ​​​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​​ថៃ​ប្រចាំ​ការ​នៅ​ប្រាសាទ​នោះ ​បាន​​បាន​​​រៀប​រាប់​ពី​ប្រវត្តិ​ប្រាសាទ​ទាំង​នោះ​​ប្រាប់​ដល់​មន្ត្រី​ អាស៊ាន​ និង​ខ្ញុំ​ថា​ កសាង​ដោយ​ស្ដេច​ខ្មែរ។ ​ខ្ញុំ​ហ៊ាន​អះអាង​ថា​ អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​ថៃ​ ប្រាកដ​ជា​បាន​ដឹង​ពិត​ប្រាកដ​ និង​ទទួល​ស្គាល់​ថា ​​ប្រាសាទ​ជា​​ច្រើន​ កសាង​ដោយ​​ព្រះរាជា​​ខ្មែរ ក៏​ប៉ុន្តែ​ ​ប្រវត្តិ​ថៃ​បច្ចុប្បន្ន​ បើតាមខ្ញុំ​ដឹង​គឺ​ក្រឡៃ​​​​ពី​ធាតុ​ពិត​។ ​បើ​នៅ​ឡាវ​វិញ​ ទាំង​ប្រជាជន​ និង​ថ្នាក់​ដឹក​នាំ​របស់​គេ គេ​និយាយ​ពេញ​ៗ​មាត់​ថា​ ប្រាសាទ​មួយ​ចំនួន​ដូច​ជា​ប្រាសាទ​វត្តភូ​ គឺ​ជា​របស់​ខ្មែរ។ ​ចំណែក​នៅ​វៀតណាម​ ខ្ញុំ​មិន​ដែល​បាន​ទៅ​​ទីនោះ​ទេ ​ហើយ​ក៏​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​ថា​ ​​គេ​ទទួល​ស្គាល់​ឬ​យ៉ាង​ណា​ទេ។

 

Sabay ៖ តើ​បើ​តាម​ការ​សិក្សា​​របស់​លោក​ផ្ទាល់​ ​តើ​អ្វី​​ជា​មូលហេតុ​ នាំឲ្យ​ប្រាសាទ​ទាំង​នោះ​បាត់​បង់​ទៅ​​ប្រទេស​ជិត​ខាង​​ រួម​ទាំង​ទឹក​ដី​ដ៏​ធំ​ល្វឹង​​ល្វើយ​ដូច្នេះ ជា​ពិសេស​ចាប់​សម័យ​មហា​នគរ​មក​?

 

 

ប្រាក់ សុណ្ណារ៉ា ៖ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា​ និង​ប្រាសាទ​ជា​ច្រើន​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង​ដូច្នេះ។ កត្តា​​ទាំង​នោះ​ មាន​ដូច​ជា​ ​កត្តា​នយោបាយ​ កត្តា​សេដ្ឋកិច្ច ទំនាស់​ផ្ទៃ​ក្នុង​ និង​​បញ្ហា​សង្គ្រាម​ឈ្លាន​ពាន​ពី​បណ្ដា​ប្រទេស​ដែល​ទើប​នឹង​កើត​ថ្មីៗ។ ​ក្រោយ​សម័យ​អង្គរ​​ កម្ពុជា​បាន​បង់​ទឹក​ដី​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​ចាប់​តាំង​ពី​ការ​កកើត​រដ្ឋ​ថ្មី​ៗ​មួយ​ចំនួន​ ជា​ពិសេស​ សៀម​ ដែល​បាន​ប្រកាន់​យក​នយោបាយ​​ឈ្លាន​ពាន​ ​និង​ដណ្ដើម​យក​ទឹក​ដី​​​​​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​ខ្មែរ​ ស្រប​គ្នា​នឹង​ការ​ធ្លាក់​ចុះ​​ខាង​ផ្នែក​សេដ្ឋកិច្ច​ ​ទើប​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​ទឹក​ដី​និង​ប្រាសាទ​ជា​បន្ត​បន្ទាប់។

 

Sabay ៖ ​មាន​​អ្នក​ខ្លះ​លើក​ឡើង​ថា​ ​ក្រសួង​វប្បធម៌​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ប្រាសាទ​មួយ​ចំនួន​ ទេ គឺ​ទាល់​តែ​ជិត​ខូច​ខាត​អស់​ ឬ​​​ក៏​គេ​យក ទើប​ចាត់​វិធានការណ៍​​ តើ​ពិត​ជា​អីចឹង​មែន​ឬ​យ៉ាង​ណា? ប្រាក់ សុណ្ណារ៉ា​ ៖ ខ្ញុំ ​សូម​បដិសេធ​​ទាំង​ស្រុង​ចំពោះ​ ការ​លើក​ឡើង​បែប​នេះ​ ​ក្នុង​នាម​ខ្ញុំ​​ជា​អ្នក​ស្រាវ​ជ្រាវ​ ​ជា​អ្នក​ទៅ​ដល់​​និង​ចុះ​​ផ្ទាល់​ទៅ​ដល់​​ប្រាសាទ​​ជា​​ច្រើន​ ពី​ព្រោះ​​អ្នក​ដែល​​ថា​ គឺ​ចេះ​តែ​ថា​ គឺ​ពុំ​មាន​ជំនាញ​ និង​បច្ចេកទេស​អី​នោះ​ទេ​ គឺ​មាន​​តែ​ក្រសួង​ទេ​ជា​អ្នក​ចាត់​ចែង​ការ​ងារ​ទាំង​នេះ​ផ្ទាល់​តែ​ម្ដង។ ​ខាង​ក្រសួង​បាន​ចាត់​វិធានការណ៍​ជា​ហូរហែ​ គឺ​ចាប់​តាំង​ពី​បង្កើត​​ក្រសួង​វប្បធម៌​​មក​ម្ល៉េះ។ ​កញ្ចប់​ថវិកា​ ដែល​រដ្ឋាភិបាល​បាន​ចំណាយ ​ទៅ​លើ​វិស័យ​នេះ​ ក៏​​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ គឺ​មិន​មែន​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់ ​ទុក​ឲ្យ​គេ​យក​នោះ​ទេ។

 

 

Sabay ៖ តើ​ក្រសួង​បាន​ចាត់​វិធានការណ៍​យ៉ាង​ណា​ខ្លះ​ ​ក្នុង​ការ​​អភិរក្ស​ និង​ថែរក្សា​ប្រាសាទ​​ទាំង​នោះ?

 

 

ប្រាក់ សុណ្ណារ៉ា ៖ ក្រសួង​បាន​ចាត់​វិធានការណ៍​ជា​ច្រើន ​​ទាក់​ទិន​ទៅ​នឹង​​ការ​អភិរក្ស​ និង​ថែរក្សា​ប្រាសាទ​​ ក្នុង​នោះ​ក្រសួង​បាន​បង្កើត​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​ក្រោយ​មក​បាន​បង្កើត​ជា​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​​ដែល​​នាយកដ្ឋាន​​តូច​ៗ​ ចំនួន​បួន​ទៀត​ ដូច​ជា​នាយកដ្ឋាន​បុរាណ​វត្ថុ​​ នាយកដ្ឋាន​សារមន្ទីរ​ នាយកដ្ឋាន​​​គាំ​ពារ​និង​​​អភិរក្ស​សំណង់​បុរាណ​ និង​នាយកដ្ឋាន​បុរាណវិទ្យា​ និង​បុរេប្រវត្តិ។ ​ក្នុង​នោះ​ នាយកដ្ឋាន​គាំ​ពារ​ និង​អភិរក្ស​សំណង់​បុរាណ​មាន​នាទី​សំខាន់​ជាង​គេ​​ ក្នុង​ការ​ថែរក្សា​ និង​​អភិរក្ស​លើ​ប្រាសាទ​ទាំង​អស់​​នៅ​ក្នុង​ប្រទេស ហើយ​បាន​ចាត់​វិធានការណ៍​អភិរក្ស​ និង​ថែរក្សា​ទៅ​លើ​ប្រាសាទ​ជា​ច្រើន​​ជា​បន្ត​​បន្ទាប់។

 

 

Sabay ៖ តើ​ក្រសួង​មាន​បាន​រក​ឃើញ​ប្រាសាទ​ថ្មី​ៗ​​ទេ​ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ? ​ក្រសួង​បាន​ចាត់​​វិធានការណ៍​យ៉ាង​ណា​ចំពោះ​ប្រាសាទ​​នោះ?

 

 

ប្រាក់​ សុណ្ណារ៉ា ៖ ប្រាសាទ​រក​ឃើញ​ចុង​ក្រោយ​​គេ​បង្អស់​​គឺ​ ប្រាសាទ​អូស្វាយ ស្ថិត​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ ប្រាសាទ​នេះ​​រក​ឃើញ​ក្នុង​ឆ្នាំ​២០១០។​ ប្រាសាទ​​នេះ​មាន​ចម្ងាយ​តែ​ប្រាំ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភ្នំ​ដង​រែក​ និង​ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ។ ​ខាង​​ក្រសួង​ បាន​ចុះ​ទៅ​​ពិនិត្យ​មើល​​ប្រាសាទ​នេះ និង​ចាត់​វិធានការណ៍​មួយ​ចំនួន​ដូច​ជា​ដោះ​មីន និង​បាន​ចុះ​បញ្ជី​​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ក្រសួង​ និង​​បាន​ថត​ទុក​ និង​យក​សំណល់​សំខាន់​​ៗទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ទៀត​ផង។

 

 

Sabay ៖ ជា​ចុង​ក្រោយ​ លោក​មាន​អ្វី​​បន្ថែម​ ក៏​ដូច​ជា​ផ្ដាំ​ផ្ញើ​ដល់​​​ប្រជាពលរដ្ឋ​ ឬ​មិត្ត​យុវវ័យ​ដែរ​ឬ​ទេ? ប្រាក់ សុណ្ណារ៉ា ៖ បាទអរគុណ​​គេហទំព័រ​ Sabay។ ជា​ការ​ពិត​ ប្រាសាទ​បុរាណ​គឺ​​​បេតិកភណ្ឌ​វប្បធម៌​មួយ​ដ៏​សំខាន់​​ដែល​មិន​អាច​កាត់​ ថ្លៃ​បាន។ មិន​អាច​កាត់​ថ្លៃ​បាន​ មាន​ន័យ​ថា​ មាន​តម្លៃ​ជាតិ​​ និង​ជា​អត្តសញ្ញាណ​ជាតិ និង​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ​ និង​មាន​បង្កប់​តម្លៃ​សេដ្ឋកិច្ច។ ​ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ ជា​ពិសេស​យុវជន​ ​មេត្តា​ចូល​រួម​ថែរក្សា​ ការ​ពារ​ និង​អភិរក្ស​​ទាំង​អស់​គ្នា​ ហើយ​​បើ​ មិន​បាន​​ចូល​រួម​ថែរក្សា​ សូម​មេត្តា​កុំ​បំផ្លាញ ៕

 

អត្ថបទ៖ Sabay

អត្ថបទពេញនិយម
អត្ថបទថ្មី