ពិតជាមិនធម្មតា លោកគ្រូប្រដាល់គុនខ្មែរជិះរថយន្តទំនើប Lexus
- 2015-01-30 22:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមិនធម្មតា លោកគ្រូប្រដាល់គុនខ្មែរជិះរថយន្តទំនើប Lexus
ចន្លោះមិនឃើញ
ជាករណីដ៏កម្រដែលមានគ្រូបង្ហាត់ប្រដាល់មានរថយន្តទំនើបជិះ ខណៈគ្រូប្រដាល់ភាគច្រើនបំផុតពុំមានជីវភាពធូរធារ។ លោកតា ញ៉ូវ ម៉ាក់ ជាគ្រូប្រដាល់ក្បាច់គុនបុរាណខ្មែរនៅក្លិបតាឡីដំរីមានរិទ្ធិមានជីវភាពធូរធារសមរម្យ និងមានទាំងរថយន្តទំនើបម៉ាក Lexus RX 300 មួយគ្រឿងទៀតផង។
លោកគ្រូធំ ញ៉ូវ ម៉ាក់ បានប្រាប់ថា លោកមិនដែលយកប្រាក់ពីកូនសិស្សពេលឡើងប្រកួតឡើយ សូម្បីសិស្សទទួលបានប្រាក់ឧបត្ថម្ភច្រើន និងយកមកជូនលោកខ្លះ ក៏លោកមិនទទួលដែរ។ ផ្ទុយទៅវិញលោកថែមទាំងផ្តល់ប្រាក់ផ្ទាល់ខ្លួនដល់កូនសិស្សដែលឡើងប្រកួតប្រកបដោយបច្ចេកទេសត្រឹមត្រូវទៀត។ លោកប្រាប់ថា ៖«ខ្ញុំស្អប់ណាស់រឿងយកប្រាក់ពីសិស្ស សម្រាប់ខ្ញុំដាច់ខាតមិនឲ្យកើតមានទេ។ ពេលសិស្សចេញទៅថ្លឹងគីឡូម្តងៗ ខ្ញុំឲ្យលុយទៅហូបបាយពេលព្រឹកគ្រប់គ្នា»។
ចុចអាន៖ ពីក្រោយភាពខ្លាំងរបស់ ផល សោភ័ណ្ឌ ជាគ្រូប្រដាល់ចិត្តធម៌កម្រមាន
ចំណែកលោកស្រី ពាង សុខាន់ ភរិយារបស់លោកគ្រូបានឲ្យដឹងថា ជីវភាពធូរធារសមរម្យរបស់គ្រួសារលោកស្រីមិនមែនដោយសារធ្វើគ្រូបង្ហាត់ប្រដាល់នោះទេគឺដោយសារលោកគ្រូចេះមើលជំងឺ(គ្រូទស្សន៍ទាយ) និងបានលុយមួយចំនួនពីការលក់ដីតិចតួច។
លោកគ្រូ ញ៉ូវ ម៉ាក់
លោកស្រីនិយាយថា ៖«ការបង្កើតក្លិបប្រដាល់ជាការចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោកគ្រូ ហើយគ្រួសារខ្ញុំពឹងផ្អែកលើការងារផ្សេង តែលោកគ្រូស្រលាញ់ និងចង់អភិរក្ស បណ្តុះបណ្តាលកីឡាប្រដាល់បុរាណខ្មែរដល់ក្មេងជុំនាន់ក្រោយទើបគាត់អត់ចោល»។
លោកគ្រូ ញ៉ូវ ម៉ាក់បានបង្កើតក្លិបតាឡីដំរីមានរិទ្ធិតាំងពីឆ្នាំ១៩៧៩។ ក្រៅពីជាគ្រូបង្ហាត់ប្រដាល់ និងគ្រូមើលជំងឺ លោកគ្រូក៏ជាសមាជិកក្រុមប្រឹក្សាសង្កាត់ដង្កោ និងជាប្រធានក្រុមការងារកសាងអនុវិទ្យាល័យទូលអំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ៖ ជាន ចាន់រ៉ា