ម៉ូតូទើបទិញថ្មី ផាកពិន័យខុសទេ បើអត់ស្លាកលេខ?
- 2015-02-23 18:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូទើបទិញថ្មី ផាកពិន័យខុសទេ បើអត់ស្លាកលេខ?
ចន្លោះមិនឃើញ
មានយុវជនម្នាក់ ដែលទើបទិញម៉ូតូថ្មី ត្រូវបានមន្ត្រីប៉ូលិសដក ហូតម៉ូតូទុកមួយយប់ ដោយសារតែមិនបានដាក់ឯកសារតាមខ្លួន និងមិនទាន់មានស្លាកលេខ។ យុវជនម្នាក់នោះឈ្មោះ ភារុណ។ ភារុណ បានសរសេរ នៅក្នុងគេហទំព័រសង្គម រៀបរាប់ពីរឿងពិតរបស់ខ្លួនថា ខ្លួនបានយកម៉ូតូ ដែលទើបនឹងទិញថ្មីយកទៅបិទស្កុត ដោយមិនបានដាក់ឯកសារម៉ូតូតាមខ្លួន។ នៅវេលាម៉ោងជាង ៦ល្ងាច ខណៈជិះដល់វត្តមហាមន្ត្រី ក៏ត្រូវប៉ូលិសពីរនាក់ឃាត់ឲ្យឈប់ ហើយសួរនាំ អំពីមូលហេតុ ដែលម៉ូតូគ្មានស្លាកលេខ។ យុវជន រូបនោះបានរៀបរាប់ប្រាប់ប៉ូលិសបន្តថា ម៉ូតូរបស់ខ្លួននេះទើបទិញថ្មី មិនទាន់បានធ្វើស្លាកលេខទេ។ បន្ទាប់មកប៉ូលិសនោះក៏សួរ រកឯកសារ ហើយប៉ូលិសប្រាប់ថា បើគ្មានឯកសារទេ ត្រូវយកម៉ូតូទៅខណ្ឌ។ ភារុណ បន្តថា គាត់មានឯកសារទាំងអស់ តែមិនបានយកតាមខ្លួនទេ។ លោកថា សូមឲ្យចាំបន្តិចសិន លោកនឹងទូរស័ព្ទឲ្យមិត្តភ័ក្ដិយកមកឲ្យ។ ភ្លាមនោះៗ ប៉ូលិសមិនព្រម ដោយនិយាយថា ពួកគាត់មានការងារច្រើនណាស់ គ្មានពេលចាំទេ ហើយទាមទារយកម៉ូតូលោកទៅខណ្ឌ។
បន្ទាប់មក ភារុណ ជិះម៉ូតូនេះជាមួយប៉ូលិស មកខណ្ឌចំការមន។ ពេលមកដល់ខណ្ឌ ប៉ូលិសបានរក្សាទុកម៉ូតូ ព្រមទាំងយកសោទុក។ ក្រោយមកឲ្យទៅជួបប៉ូលិសម្នាក់ទៀត។ ប៉ូលិសបានប្រាប់ថា ឲ្យទៅយកឯកសារមក។ បន្តិចក្រោយមក ភារុណ បានប្រគល់ឯកសារឲ្យប៉ូលិសម្នាក់នោះត្រួតពិនិត្យ ឃើញថាត្រឹមត្រូវទាំងអស់ តែប៉ូលិសនោះ បែរជាឲ្យប្អូនយកឯកសារទាំងនេះទៅថតចម្លង១ច្បាប់ រួចយកមកឲ្យគាត់វិញ។ ភារុណ បានសរសេររៀបរាប់ទៀតថា ៖“ខ្ញុំនឹកហួសចិត្តគិតថា ម៉េចពេលប្រាប់ឲ្យយកឯកសារមិនឲ្យថតចម្លងមកឲ្យហើយ? ខ្ញុំក៏ត្រលប់យកឯកសារទាំងអស់ទៅរកកន្លែងថតចម្លង ហើយប្រគល់ឲ្យប៉ូលិសនោះវិញ។ ប៉ូលិសនោះបានឯកសារហើយក៏ប្រាប់ខ្ញុំថាម៉ូតូនេះ ចាំព្រឹកម៉ោង ៩ សឹមមកជួបម្ដងទៀត ”។ ភារុណ ថា ៖“ខ្ញុំឆ្ងល់ណាស់ឯកសារគ្រប់អស់ហើយ ម៉េចបានចាំព្រឹកបានឲ្យមកជួបម្ដងទៀត។ ម្យ៉ាងបើចាំព្រឹកស្អែក ចាំមកជួបទៀតដដែល ម៉េចចាំបាច់ឲ្យរត់ទៅយកឯកសារផង ថតចម្លងឯកសារផង ពីរបីត្រឡប់ធ្វើអី ? ។ទាល់តម្រិះក៏ដើរចេញពីខណ្ឌ ដោយក្ដីបារម្មណ៍ ត្បិតអីទាំងម៉ូតូ ទាំងសោនៅគេទាំងអស់។ តើគេទុកម៉ូតូយើងធ្វើអ្វី បើឯកសារ ដែលទាមទារប្រគល់ឲ្យអស់ហើយនោះ?។
លោកបានចោទជាសំណួរថា ៖“ខ្ញុំឆ្ងល់ថា តើនេះជានីតិវិធីអ្វីទៅ? បើចាប់ម៉ូតូហើយ យកឯកសារមកឲ្យមិនព្រមចាំ , ដល់ខណ្ឌក៏ទាមទារឯកសារទាំងនោះ ហើយបានយកឲ្យពិនិត្យមើលថាត្រឹមត្រូវហើយ ក៏នៅតែមិនព្រមឲ្យយកម៉ូតូមកផ្ទះ នៅទាមទាររក្សាម៉ូតូទុក ចាំស្អែក សឹមមកជួយម្ដងទៀត។ ដូច្នេះតើប៉ូលិសអាចសម្រួលនីតិវិធីការងារឲ្យប្រសើរជាងនេះ ដើម្បីសម្រួលដល់អ្នក ដែលគោរពច្បាប់ខ្លះផងបានទេ” ?
ទោះយ៉ាងណា ភារុណ បានទទួលម៉ូតូយកមកវិញហើយ មិនមានបាត់បង់អ្វីនោះទេ។ ចំណែកការផាកពិន័យវិញ ក៏គ្មានដែរ។
ជុំវិញការលើកឡើងខាងលើនេះលោកចេវ ហាក់ នាយ ការិយាល័យនគរបាលចរាចរណ៍ជើងគោកបានមានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ចំពោះម៉ូតូគ្មានស្លាកលេខនឹងមិនត្រូវបាន អនុញ្ញាតឲ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈទេ ដូច្នេះម្ចាស់ទោចក្រក្រយានយន្ត ដែលទើបទិញម៉ូតូថ្មី អាចមានពេលមួយសប្ដាហ៍ ដើម្បីធ្វើស្លាកលេខ និងភ្ជាប់ឯកសារតាមខ្លួនជានិច្ច ក្រែងមានករណីត្រួតពិនិត្យលើលិខិតស្នាមទោចក្រយានយន្ត។ លោកបានបន្ថែមថា បើមិនអនុវត្តតាមការកំណត់ខាងលើសមត្ថកិច្ចអាចមានសិទ្ធិផាកពិន័យ និងធ្វើការឃាត់ទុក ទោចក្រក្រយានយន្តក្នុងចន្លោះពី១ ទៅ២ ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់ឯកសារ។ លោក ចេវ ហាក់ បានផ្តាំផ្ញើទៅម្ចាស់ម៉ូតូទើបទិញថ្មីត្រូវ ប្រញាប់រូសរាន់ចុះបញ្ជី ធ្វើស្លាកលេខ។
អត្ថបទ៖កង ចាន់បញ្ញា