ជម្រើស​ជាតិ ប៉ះ African All Star និង​ត្រាយអាស៊ី រសៀល​នេះ មុន​ប៉ះ សិង្ហបុរី ចុង​ខែ

  • 2015-02-24 17:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​ទើប​តែ​ប្រមូល​ផ្ដុំ​បាន ៦ ថ្ងៃ នឹង​ត្រូវ​រៀបចំ​ខ្លួន​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ចំនួន ២ ក្នុង​ថ្ងៃ​តែ​មួយ ពោល​គឺ​ជួប​​កីឡាករ​ជនជាតិ​អាហ្វ្រិក African All Star ដែល​ប្រកប​អាជីព​នៅ​កម្ពុជា និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ Hun Sen Cup 2015 ត្រាយអាស៊ី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ នេះ នៅ​ទន្លេបាទី មុន​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម Singapore Selection Team នៅ​ថ្ងៃ​​​ទី ២៨ កុម្ភៈ នៅ​ខេត្ត​ស្វាយរៀង។

 

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ប្រកួត​ជាមួយ​ក្រុម​មក​ពី​ប្រទេស​កូរ៉េខាងត្បូង

  យោង​តាម​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុម​កម្ពុជា​នឹង​​ប៉ះ​ក្រុម  African All Star នៅ​​ម៉ោង ២ រសៀល មុន​ប៉ះ​ក្រុម​ត្រាយអាស៊ី នៅ​ម៉ោង ៣:៣០ នាទី​រសៀល។ ជុំ​វិញ​នឹង​ការ​​ប្រកួត ២ ដង​ក្នុង​ថ្ងៃ​តែ​មួយ​នេះ លោក ពិសិដ្ឋ បាន​លើក​ឡើង​ថា ដោយ​សារ​ក្រុម​ទាំង ២ មិន​សុទ្ធ​តែ​មិន​អាច​ប្រកួត​នៅ​ថ្ងៃ​ស្អែក​បាន​ដូច​គ្នា ហើយ​បើ​លើក​ពេល​ទៅ​ថ្ងៃ​ទី ២៦ កុម្ភៈ នោះ​កាន់​តែ​កៀក​ពេល​ប្រកួត​ជាមួយ​ក្រុម​មក​ពី​សិង្ហបុរី។

  អ្នកចាត់ការក្រុម​បន្ថែម​ថា៖ «ចំពោះ​យើង​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ ព្រោះ​មាន​កីឡាករ​ដែល​កំពុង​ប្រមូល​ផ្ដុំ​ចំនួន ៣២ នាក់ ដូច្នេះ​អាច​បែងចែក​គ្នា​ប្រកួត​បាន»។   ចំណែក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម មក​ពី​សិង្ហបុរី នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៤ ល្ងាច ថ្ងៃ​ទី ២៨ កុម្ភៈ ខាង​មុខ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​តាម​ប៉ុស្ដិ៍ BTV ផង​ដែរ ស្រប​ពេល​​សំបុត្រ​ចូល​ទស្សនា ១០០០ រៀល​សម្រាប់​អ្នក​ឈរ និង ៤០០០ រៀល​សម្រាប់​អ្នក​អង្គុយ។ នេះ​បើ​យោង​តាម​ប្រភព​មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។   ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី២ ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ដើម​ឆ្នាំ ២០១៥ នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដំបូង​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់ FIFA World Cup 2018 ដោយ​​ធ្វើ​ម្ចាស់​ផ្ទះ ប៉ះ​ក្រុម​កោះម៉ាកាវ នៅ​​ជើង​ទី១ ថ្ងៃ​ទី ១២ មីនា និង ជើង​ទី២ ថ្ងៃ​ទី ១៧ មីនា ទៅ​ប្រកួត​នៅ​ម៉ាកាវ វិញ៕

 

អត្ថបទ​ពាក់ព័ន្ធ៖ កម្ពុជា​ធ្លាក់​៥​លេខ​ នៅ FIFA Ranking ​ខែកុម្ភៈ​នេះ

 

ចំពោះ​បញ្ជី​ឈ្មោះ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ សូម​ចុច​ទីនេះ...

 

អត្ថបទ៖ ម៉ឺន រស្មី