មកពីលុយមិនដល់ឬទើបនិស្សិត IT មួយចំនួនចាប់ការងារមិនចំជំនាញ?
- 2015-03-06 16:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីលុយមិនដល់ឬទើបនិស្សិត IT មួយចំនួនចាប់ការងារមិនចំជំនាញ?
ចន្លោះមិនឃើញ
និស្សិតដែលបញ្ចប់ការសិក្សាជំនាញ IT មានចំនួនកាន់តែច្រើន ក្នុងនោះមាននិស្សិតមួយចំនួនទទួលបានការងារត្រូវជំនាញ ប៉ុន្តែមួយចំនួនទៀតបែរជាទទួលបានការងារខុសជំនាញទៅវិញ។ តើការធ្វើការមិនចំជំនាញបែបនេះបណ្ដាលមកពីមូលហេតុអ្វី?
ទោះបីបច្ចុប្បន្នខ្លួនកំពុងសិក្សាជំនាញ IT មែន ប៉ុន្តែ សុខមាន ដឹងខ្លួនមុនថាក្រោយបញ្ចប់ការសិក្សាខ្លួននឹងត្រូវបំពេញការងារខុសជំនាញ។ និស្សិតIT នេះមានទស្សនៈទៅលើបញ្ហាការធ្វើការមិនចំជំនាញថា៖ “វាមិនសំខាន់ថាយើងរៀន IT ហើយត្រូវតែធ្វើការឲ្យចំជំនាញនោះទេ។ យើងអាចរើសការងារអ្វីដែលចិត្តចង់ធ្វើបាន សំខាន់គឺយើងទទួលយកការងារក្រៅពីជំនាញបានអត់”។
និស្សិតជិតនឹងបញ្ចប់ការសិក្សារូបនេះបញ្ជាក់អំពីកត្តាមួយ ចំនួនក្នុងការទទួលបានការងារមិនត្រូវជំនាញថា លោកគិតថាការទទួលការងារខុសជំនាញបែបនេះអាចបណ្ដាលមកពីការមិនរំពឹងច្បាស់លាស់ពិសេសបញ្ហាថវិកាជាចម្បង។
ទាក់ទងការចាប់ការងារខុសជំនាញនេះដែរ បុគ្គលិកផ្នែកគ្រប់គ្រងបណ្ដាញ Network នៅក្នុងក្រុមហ៊ុនឯកជនមួយនៅភ្នំពេញលោក អៀប ខ្លឹមសំរឹទ្ធនិយាយថា ការធ្វើការខុសជំនាញមិនបញ្ហាអ្វីទេ ព្រោះរាល់អ្នកសិក្សាក្រោយបញ្ចប់សិក្សាតែងតែទាមទារការងារជាចម្បង ហើយម្យ៉ាងការងារចំមិនចំមួយភាគក៏ទាក់ទងទៅនឹងជំនាញ IT ដែរ។
យ៉ាងណាបុគ្គលិកដែលទទួលបានការងារចំជំនាញរូបនេះបន្តថា៖ "ប្រសិនបើយើងបានចាប់យកជំនាញ IT ហើយគួររកការងារឲ្យចំជំនាញទោះបីការងារនោះទទួលបានប្រាក់បៀវត្សរ៍តិចក៏ដោយ ប៉ុន្តែអ្វីដែលបានមកវិញគឺបទពិសោធន៍ ហើយបើយើងច្បាស់ប្រាក់នឹងរត់មករកឯង"។
អតីតនិស្សិតជំនាញ ITដែលធ្វើការខុសជំនាញមួយរូបទៀត គីមហេង បានផ្ដល់បទសម្ភាសន៍ដល់ Sabay ថា៖ “ខ្ញុំក៏ធ្លាប់មានការងារផ្នែក IT ដែរ តែប្រាក់ខែមិនបានច្រើននោះទេ ហេតុនេះក៏ទៅស្វែងរកការងារថ្មីដែលមានចំណូលច្រើនជាង”។
បុគ្គលិកប្ដូរអាជីពការងារដោយសារបញ្ហាប្រាក់ខែនេះលើកឡើងថា ការទទួលបានការងារខុសជំនាញបែបនេះនឹងធ្វើឲ្យអ្នកនោះមាន បទពិសោធន៍ការងារបន្ថែមពីលើអ្វីធ្លាប់បានរៀនពីសាលា ពិសេសងាយស្រួលរកការងារផ្សេងទៀត។
ទាក់ទងទៅនឹងការធ្វើការខុសជំនាញរបស់និស្សិត IT សាស្ត្រាចារ្យជំនាញព័ត៌មានវិទ្យានៅវិទ្យាស្ថាន ស៊ីតិក លោក យិន ស៊ីដេតមានប្រសាសន៍ថាបញ្ហានេះបណ្ដាលមកពីកត្តាពីរយ៉ាង គឺទីមួយមកពីសមត្ថភាពនិស្សិតនោះផ្ទាល់។
“មកពីអ្នកខ្លះរៀន ITដែរ តែអត់ចេះទេ អញ្ចឹងទៅធ្វើការផ្នែក IT អត់កើត មានតែធ្វើការជំនាញផ្សេង”។
កត្តាម្យ៉ាងទៀតបណ្ដាលមកពីទីផ្សារនៃជំនាញIT នៅមានលក្ខណៈតូចចង្អៀតបន្តិច អញ្ចឹងមានន័យថាតម្រូវការការងាររបស់គេមិនមាន ដូចនេះគេត្រូវបង្ខំចិត្តធ្វើការខុសជំនាញសិន។
“នៅស្រុកយើងគេមិនគិតថាការងារចំជំនាញអីទេ មានន័យថាយើងរៀនIT យើងក៏អាចធ្វើការខុសពីនេះក៏បានដែ។ មួយទៀតគឺការរកលុយ ប្រសិនបើយើងទៅជំនាញផ្សេងក៏ដោយឲ្យតែការងារនោះបានប្រាក់ខែច្រើនដូចនេះក៏សមគួរដែរ”។
តាមការមើលឃើញរបស់លោក លោកថា បច្ចុប្បន្ននិស្សិត IT ដែលធ្វើការខុសជំនាញមានប្រហាក់ប្រហែល ៣០ ទៅ ៤០ ភាគរយដែលពួកគេមិនប្រើប្រាស់ជំនាញដែលបានសិក្សាយកទៅអនុវត្តក្នុងអាជីពការងារនោះទេ។
អត្ថបទ៖ ប៊ុណ្ណារ៉ា