គង់ វិច្ឆិកា ស្ទាក់ស្ទើរ​​ពី​ចំណង​ស្នេហ៍​បុរស​នាយ​សមុទ្រ

  • 2015-03-20 17:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង គង់ វិច្ឆិកា ស្ទាក់ស្ទើរ​ចិត្ត​នៅ​ឡើយ​ពី​ចំណង​ស្នេហ៍​​ជា​មួយ​បុរស​ជំនួញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក។ ការ​រារែក​ចិត្ត​ដោយសារ​តែ​នាង​អះអាង​ថា​ នៅ​មើល​ចិត្ត​គ្នា​ឱ្យ​បាន​ច្បាស់​សិន​មុន​នឹង​ឈាន​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍។

 

​​គង់ វិច្ឆិកា បញ្ជាក់​ដូច្នេះ​ថា៖ "ខ្ញុំ​ទើប​តែ​ស្គាល់​គាត់​បាន​ជាង​មួយ​ឆ្នាំ​ហ្នឹង​បង មិន​ទាន់​ដឹង​យ៉ាង​ម៉េច​ទេ​រឿង​រៀបការ ចាំ​មើល​ចិត្ត​ថ្លើម​គ្នា​ឱ្យ​បាន​ច្រើន​សិន​ទើប​សម្រេចចិត្ត​ជា​ក្រោយ"។

 

 

គង់ វិច្ឆិកា ក្នុងពិធី​ថត​ចម្រៀង​ត្រៀម​ចូល​ឆ្នាំ​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ថិ៍លេខ៩ ម្សិលមិញ

 

តារា​សម្ដែង​រូប​នេះ​បន្ត​ថា ជំហាន​ធ្វើ​ឱ្យ​នាង​ស្គាល់​បុរស​​អាណិកជន​អាមេរិក ដោយសារ​តែ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។ ទោះ​ជា​យ៉ាង​ណា​តារា​វ័យ ២០ ​ឆ្នាំ​ ខាង​លើ​ មិន​បង្ហើប​បុរស​នាយ​សមុទ្រ​នោះ​មាន​មុខ​របរ​ជា​អ្វី​ទេ គ្រាន់​តែ​ប្រាប់​ថា​ ជា​អ្នក​រក​ស៊ី និង​ មាន​វ័យ​ជាង ​៣០​ឆ្នាំ​ប្លាយ។

 

ត្បិត​តែ​ស្គាល់​គ្នា​ជិត​មួយ​ឆ្នាំ​មាន​ភាព​ល្អូកល្អិន​មែន ក៏ប៉ុន្តែ​ គង់ វិច្ឆិកា ប្រាប់​ថា​​ នាង​មិន​ទាន់​ជឿជាក់ ១០០​ ភាគ​រយ​ទេ ពី​ជំហាន​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​អាពាហ៍ពិពាហ៍។ មិន​ប្រាកដ​ទាំង​ស្រុង​ដោយ​នាង​សម្អាង​ទៅលើ​​ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ពេក​អាច​នឹង​បែក​បាក់​គ្រប់​ពេល។

 

​ប្រការ​ដូច្នេះ​ហើយ​ទើប​តារា​សម្ដែង​​កំពុង​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ​ទូរទស្សន៍ CTN រូប​នេះ​ ខិត​ខំ​រក​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​តាម​រយៈ​​ការ​ថត​ខ្សែ​ភាពយន្ត ក៏​ដូច​ជា​ដើរ​ម៉ូដ ចៀសវាង​ការ​ពឹង​ពាក់​លើ​គូស្នេហ៍​នៅ​ឯនាយ​សមុទ្រ។

 

“ផ្លូវ​ទៅ​មុខ​យើង​មើល​មិន​ឃើញ​អាច​រៀប​ការ​ភ្លាម ហើយ​ក៏​អាច​ដាច់​គ្នា​ភ្លាម​ដែរ។ ដូច្នេះ​ហើយ​មាន​តែ​យើង​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ចំពោះ​ការងារ​នៅ​ក្នុង​ស្រុក ដោយ​មិន​ផ្ដោត​តែ​លើ​គេ​ម្នាក់​ទេ"។ គង់ វិច្ឆិកា បន្ថែម​ដូច្នេះ។

 

គង់ វិច្ឆិកា ទើប​បោះ​ជំហាន​ចូល​សិល្បៈ​ជាង ៣​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ធ្លាប់​ថត​ខ្សែ​ភាពយន្ត​​បាន​ជិត ៥​រឿង​ តែ​ត្រឹម​តួអង្គ​បន្ទាប់​បន្សំ​ទេ។ ឆ្នាំ ​២០១៤​ កន្លង​ទៅ​នាង​ធ្លាប់​ធ្វើ​ខួប​កំណើត​​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​មិត្ត​សិល្បៈ​ខ្លះ​អះអាង​ថា​ គឺ​ជា​ ការ​ជួយ​ឧបត្ថម្ភ​ពី​គូស្នេហ៍​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ តារា​រូប​នេះ​បដិសេធន៍។

 

នាង​ទើបតែ​បង្ហើប​ពី​ចំណង​ស្នេហ៍​ជា​មួយ​បុរស​នៅ​អាមេរិក​កាល​ពី​ម្សិលមិញ​​ក្នុង​ពិធី​ថត​ចម្រៀង​ត្រៀម​ចូល​ឆ្នាំ​នៅ ស្ថានីយ​ទូរទស្សន៍ ប៉ុស្ថិ៍លេខ ៩ ក្រោយ​ចំណង​ស្នេហ៍​ចាប់​ផ្ដើម​មាន​ពន្លឺ​ខ្លាំង៕

 

អានអត្ថបទបន្ត៖ TV9 ថត​ MV ត្រៀម​ទុក​ ចូលឆ្នាំ​ខ្មែរ ​

អានអត្ថបទបន្ត៖ មាស សុខ សោភា ជួប​ទុក្ខ​ធំ

អានអត្ថបទបន្ត៖ ថ្ងៃ​​ទី​ពីីរ​នៃ​​​​មង្គលការ​​​អ្នក​ឧកញ៉ា​គិត ​ម៉េងចាប់ផ្តើម​​នៅ​ពេល​​បន្តិច​​ទៀត​​នេះ​

 

 

 

អត្ថបទ៖ អ៊ីង សុឡា