សាន់ដេឆ្លើយតបនឹងការរិះគន់ រឿងអាល់ប៊ុមចូលឆ្នាំ សិរីមន្ត និង ស្រីពៅ ចម្លងចម្រៀងពីថៃ
- 2015-03-20 22:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន់ដេឆ្លើយតបនឹងការរិះគន់ រឿងអាល់ប៊ុមចូលឆ្នាំ សិរីមន្ត និង ស្រីពៅ ចម្លងចម្រៀងពីថៃ
ចន្លោះមិនឃើញ
សាន់ដេ ឆ្លើយតបចំពោះការរិះគន់ក្នុងបណ្ដាញសង្គម Facebook និង Youtube ទៅលើអាល់ប៊ុមចូលឆ្នាំថ្មី ពីតារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត និងខេមរៈ ស្រីពៅ ថា ចម្លងបទចម្រៀងមកពីថៃ។ បទចម្រៀងទស្សនិកជនរិះគន់ខ្លាំងលើតារាចម្រៀងទាំងពីរ គឺបទ "រាំកាឡុក" និង បទ "រាំនឹងខ្ញុំ" យកលំនាំពីបទ I Fine Thank You Love You។
 
ស្រីពៅ និងសិរីមន្ត រងការរិះគន់ពីទស្សនិកជនចំពោះយកលំនាំបទចម្រៀងពីថៃ
អ្នកចាត់ការទូទៅផលិតកម្ម សាន់ដេ ឡាយ សុកចំរើន និយាយថា៖ "ខ្ញុំទទួលស្គាល់ការរិះគន់ពីទស្សនិកជនរឿងបទចម្រៀងពីនេះ។ តែខ្ញុំសូមឱ្យទស្សនិកជនមើលផងយើងធ្វើថ្មីច្រើនណាស់ឆ្នាំនេះរហូត ៧០% ហេតុអ្វីមករិះគន់តិចតួចបែបនេះ។ យើងមិនទាន់ឈានទៅធ្វើបទថ្មីបាន ១០០% ទេ ព្រោះទីផ្សារយើងនៅមានកម្រិត"។
លោក ឡាយ សុកចំរើន បន្តថា ប្រសិនបើផលិតកម្ម ផលិតចម្រៀងថ្មីសុទ្ធទាំងអស់ អាចនឹងដួលរលំ ព្រោះត្រូវចំណាយដើមទុន និង ពេលវេលាច្រើន ស្របពេលដែលទស្សនិកជនខ្មែរមួយចំនួននៅមិនទាន់ហ៊ានទិញចម្រៀង Original ឱ្យបានទាំងអស់គ្នានៅឡើយគឺចូលចិត្តទិញរបស់ក្លែងក្លាយ។
តាមរយៈការរិះគន់ខ្លាំងពីទស្សនិកជនលើបណ្ដាញសង្គម Facebook និង Youtube លើចម្រៀងត្រៀមចូលឆ្នាំថ្មីរបស់ ខេមរៈ សិរីមន្ត និងខេមរៈ ស្រីពៅ ខាងលើ អ្នកចាត់ការទូទៅវ័យក្មេងរូបនេះ អះអាងថាផលិតកម្មលោកបានព្យាយាមកាត់បន្ថយការចម្លងស្នាដៃឱ្យនៅកម្រិតទាបបំផុតទៅថ្ងៃមុខ។ ក្នុងនោះផលិតកម្មត្រៀមនឹងឱ្យតម្លៃខ្ពស់សម្រាប់យុវជនក្មេងៗជំនាន់ក្រោយ មានសមត្ថភាពក្នុងការតែងនិពន្ធជាស្នាដៃថ្មីសុទ្ធ។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកនិពន្ធ ខេមរៈ ភារុណ ត្រូវជាបងប្រុស ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ និង ជាអ្នកនិពន្ធបទចម្រៀង "រាំកាឡុក" និង បទ "រាំនឹងខ្ញុំ" យកលំនាំតាមបទថៃ បានលើកឡើងថា ការតែងនិពន្ធមិនអាចផ្គាប់ចិត្តអ្នកស្ដាប់បាន ១០០% ទេ។
លោកបានបញ្ជាក់ដូច្នេះថា៖ "ខ្ញុំសួរទៅពួកគាត់រិះគន់ហ្នឹងវិញបានទិញឌីស original ស្ដាប់ហើយឬនៅ។ បើពួកគាត់មិនទាន់គាំទ្រស្នាដៃថ្មីផង ឱ្យគេផលិតស្នាដៃថ្មី ១០០ភាគរយម៉េចកើត។ ក្រុមហ៊ុនគេត្រូវការចំណេញដែរ បើធ្វើតែបទថ្មីអត់អ្នកទិញស្ដាប់ គេមិនដួល"។
អ្នកនិពន្ធរូបនេះស្នើឱ្យអ្នករិះគន់ពិចារណាឱ្យបានច្រើន មុននឹងធ្វើការរិះគន់ទៅលើនរណាម្នាក់ ឬផលិតកម្មណាមួយ ហើយស្នើឱ្យជួយគាំទ្រស្នាដៃបង្កើតថ្មី ដើម្បីឱ្យផលិតកម្ម ក៏ដូចជាអ្នកនិពន្ធឈានទៅរកការកាត់បន្ថយទាំងស្រុងពីការចម្លងស្នាដៃពីបរទេស។
បទចម្រៀង "រាំកាឡុក" របស់ ខេមរៈ សិរីមន្ត និងបទ "រាំហ្នឹងខ្ញុំ" របស់ ខេមរៈ ស្រីពៅ គឺជាបទចម្រៀងត្រៀមចូលឆ្នាំប្រពៃណីជាតិខាងមុខ ក្នុងផលិតកម្ម សាន់ដេ។
បើទោះជាមានការរិះគន់ខ្លាំងក្ដីពីទស្សនិកជនលោក ឡាយ សុកចំរើន អះអាងថា បទចម្រៀងខាងលើកំពុងតែលក់ដាច់បំផុត ១ គុណជា ១០ នាពេលបច្ចុប្បន្ន ដោយក្នុងនោះ ផលិតកម្មលក់ត្រឹម ២៥០០៛ ប៉ុណ្ណោះ ក្នុងមួយអាល់ប៊ុម។
លោក ឡាយ សុកចំរើន និយាយថា៖ "រិះគន់មែន តែអាល់ប៊ុម រាំកាឡុក ហ្នឹង លក់ដាច់មួយ គុណជា ១០នាពេលនេះ។ យើងសន្យាថា នឹងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជនតទៅទៀតដើម្បីចៀសវាងការរិះគន់"៕
អានអត្ថបទបន្ត៖ ត្រួសៗពីបរិវេណ និង ពិធីការ កម្មវិធីជប់លៀងមង្គលការដ៏
អានអត្ថបទបន្ត៖ ពិធីសែនចងដៃ មង្គលការអ្នកឧកញ៉ា គិត ម៉េង
អានអត្ថបទបន្ត៖ រូបភាពបន្ថែមស្អាតៗត្រជាក់ភ្នែក ពីមង្គលការសេដ្ឋីខ្មែរ គិត ម៉េង
អត្ថបទ៖ អ៊ីង សុឡា