ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែព្រីងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
- 2015-04-30 17:09:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែព្រីងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ចន្លោះមិនឃើញ
ផ្លែព្រីងដែលមានរសជាតិជូរអែមឆ្ងាញ់ ហើយគ្រប់គ្នានិយមយកវាទៅក្រឡុកជាមួយអំបិលញ៉ាំ ឬញ៉ាំលេងទទេសម្រាប់ជាចំណីកំដរមាត់ ប៉ុន្តែប្រហែលមិនសូវមានអ្នកដឹងថានៅក្នុងផ្លែព្រីងមានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។ ដូចនេះសូមមើលទាំងអស់គ្នាដូចខាងក្រោម៖
១. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
គេប្រើផ្លែព្រីងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមតាមបែបបុរាណ ដោយសារតែវាមានជាតិស្ករទាប។ ដោយឡែកតាមបែបវិទ្យាសាស្ត្រវិញ គឺគេចម្រាញ់ព្រីង ធ្វើជាឱសថសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ហើយការសិក្សាស្រាវជ្រាវបានបញ្ជាក់ថាគ្រាប់ព្រីងអាចកាត់បន្ថយកំហាប់ជាតិស្ករក្នុងឈាមបាន៣០%។
២. ជួយការពារនិ ងធ្វើឲ្យឆ្អឹងរឹងមាំ
នៅក្នុងផ្លែព្រីងមានសមាសធាតុល្អៗសម្រាប់សុខភាព ដូចជាជាតិកាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងវីតាមីនC ដែលនេះជួយការពារឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។
៣. ជួយនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហម
យោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Annamalai នៃប្រទេសឥណ្ឌា ផ្លែឈើដែលសំបូរដោយជាតិវីតាមីន C និងជាតិដែកដូចជាផ្លែព្រីង គឺជួយបង្កើនសារធាតុដែលដឹកនាំអុកស៊ីហ្សែនទៅកាន់កោសិកាឈាមក្រហមដូចជាសមាសធាតុ Haemoglobin ដែលជួយប្រឆាំងនឹងជំងឺខ្វះកោសិកាឈាមក្រហមបាន។
៤. ជួយបង្ការជំងឺបេះដូង
ផ្លែព្រីងមានផ្ទុកសារធាតុ Ellagic acid និងAnthocyanins ដែលសមាសធាតុទាំងនេះជួយបង្ការអុកស៊ីតកម្ម Cholesterol នៃជំងឺបេះដូងបាន ហើយផ្លែព្រីង១០០ក្រាមមានផ្ទុកសារធាតុប៉ូតាស្យូម៥៥មីលីក្រាមដែលជួយបង្ការដំណើរឈាមរត់ខ្លាំងបានផងដែរ។
៥. ជួយបង្ការដំបៅក្លាយ
តាមបែបបុរាណ បន្ថែមពីផ្លែព្រីង ស្លឹក សំបកដើមផ្លែព្រីង និងគ្រាប់ព្រីងត្រូវបានគេប្រើប្រាស់សម្រាប់បង្ការដំបៅក្លាយបាន ហើយជាពិសេសវាមានសារធាតុប្រឆាំងនឹងមេរោគ។
៦. ស្លឹកព្រីងល្អសម្រាប់ប្រព័ន្ធរំលាយអាហារនិងសុខភាពមាត់
ស្លឹកព្រីងគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសុខភាពមាត់ ជាពិសេសគេប្រើស្លឹកព្រីងជាឱសថបុរាណសម្រាប់ព្យាបាលចុកពោះ រាគ ម៉្យាងទៀតវាក៏មានសមាសធាតុប្រឆាំងបាក់តេរីដែលគេប្រើវាជាឱសថព្យាបាលបញ្ហាមាត់បាន។
៧. ជួយបង្ការជំងឺមហារីក
យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាផ្លែព្រីងអាចជួយរារាំងនូវសមាសធាតុដែលបង្កឲ្យមានវិវដ្ដនៃជំងឺមហារីកបាន៕
ចុចអាន៖ ផ្លែក្រខុប និងស្លឹកវាមានអត្ថប្រយោជន៍ហួសស្មាន
ប្រែសម្រួល៖ មាន រតនា ប្រភព៖ thehealthsite