ថា​វាយប្រហារ​តាម DoS សាហាវ តែ DDoS កាន់​តែ​សាហាវ​ទ្វេដង

  • 2015-05-11 15:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ស្គាល់​អ្វី​ហៅ​ថា​ការ​វាយប្រហារ​តាម​បែប DoS និង DDoS ទេ? Sabay ណែនាំ​​​ប្រិយមិត្ត​ស្គាល់​ពី​ការ​វាយប្រហារ​ទាំង​ពីរ​នេះ​តើ​សាហាវ​យ៉ាង​ដូចម្ដេច​និង​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

 

 

តាម​គេហទំព័រ Secudemy បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​បែប DoS (Denial of Service) ពាក់ព័ន្ធ​ការ​រំខាន​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ក៏​បណ្តាញ​ដែល​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត។ ទម្រង់​មួយ​នៃ​ការ​វាយ​ប្រហារ​ដែល​ពេញ​និយម​គឺ​ការ​ធ្វើ​ឲ្យ bandwidth របស់​បណ្តាញ​ជន​រងគ្រោះ​មាន​ទំហំ​ធំ ឬ​លើស​ពី​ការ​ទ្រាំទ្រ​បាន។ ការ​វាយប្រហារ​បែប DoS ជា​ទូទៅ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ពីព្រោះ​ជា​និច្ចកាល​​វា​មាន​គោលដៅ​វាយប្រហារ​ទៅ​លើ​អង្គភាព​ជាក់លាក់​ណា​មួយ។

 

យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រឆាំង​តប​ទៅ​នឹង​បញ្ហា​នេះ គឺ​ត្រូវ​កំណត់​ឲ្យ​បាន​នូវ​ប្រភព​ដើម​នៃ​ការ​វាយប្រហារ​ រួច​ធ្វើការ​ច្រោះ​នូវ​ចរាចរ​បណ្តាញ​របស់​អ្នក​វាយប្រហារ​ដែល​ចេញ​មក​ពី​ប្រភព​នោះ។

 

ចុះ​ការ​វាយប្រហារ​តាម​បែប DDoS (Distributed Denial of Service) ថា​សាហាវ​នោះ​យ៉ាង​ម៉េច​វិញ?

 

 

តាម​គេហទំព័រ​ដដែល ការ​វាយប្រហារ​តាម​ទម្រង់ DDoS គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​ការ​វាយប្រហារ​តាម DoS ពីព្រោះ​វា​ប្រើប្រាស់​នូវ​បណ្តាញ​នៃ​កុំព្យូទ័រ​ជា​ច្រើន (Zombie computers) ដើម្បី​វាយប្រហារ​ទៅកាន់​គោលដៅ​តែ​មួយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​កំណត់​បាន នូវ​ប្រភព​ដើម​ឡើយ (វា​ចេញ​មក​ពី​ច្រើន​កុំព្យូទ័រ​មក​ពី​ច្រើន​តំបន់)។

 

អ្នក​វាយ​ប្រហារ​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​កុំព្យូទ័រ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Zombie PC ដោយ​ប្រើប្រាស់​នូវ​កម្មវិធី​មិន​ល្អ (មេរោគ) ដែល​អាច​ឲ្យ​អ្នក​វាយប្រហារ​ធ្វើការ​បញ្ជា​កុំព្យូទ័រ​នោះ ដើម្បី​ធ្វើការ​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អង្គភាព​ណាមួយ។ កម្មវិធី​ដែល​អ្នក​វាយប្រហារ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ដើម្បី​ធ្វើការ​គ្រប់គ្រង​កុំព្យូទ័រ​នោះ ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Botnet។ Botnet នេះ​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​វាយប្រហារ​បែប DDoS និង​ដទៃ​ទៀត​ដូចជា​ផ្ញើសារ SPAM ជា​ដើម។ អ្នក​វាយប្រហារ​បែប DDoS ធ្វើ​យ៉ាង​ណា​ឲ្យ Bandwidth, CPU ឬ​ក៏ Disk Space របស់​ជនរងគ្រោះ​មិន​អាច​ទ្រាំទ្រ​បាន។ ការ​វាយប្រហារ​បែប DdoS មាន​ការ​លំបាក​ក្នុង​ការ​ទប់ទល់​ណាស់ ហើយ​ជនរងគ្រោះ​ត្រូវ​ចំណាយ​ធនធាន​ច្រើន ដើម្បី​ទប់ទល់​ការ​វាយប្រហារ​ក្នុង​គោលបំណង​ចៀសវាង​ការ​គាំង​មិន​ដំណើរការ។

 

ដោយ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម