យុវជន​ម្នាក់​ចាប់​ជំនាញ​សិក្សាពី​ព្រះ​ពុទ្ធ​សាសនា ទោះ​រៀន​ចប់​ក៏​មិន​ស្ដាយ​ក្រោយ

  • 2015-05-20 17:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈុន សំណាង បាន​ជ្រើស​រើស​ជំនាញ​រៀន​ផ្នែក​ពុទ្ធ​សាសន​វិជ្ជា​កម្រិត​អនុបណ្ឌិត ដែល​សិក្សា​ពី​ទ្រឹស្ដី​ព្រះពុទ្ធ​ និង​ទស្សនវិជ្ជា ដោយ​ទើប​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ថ្មី​ៗ​ កាល​ពី​ថ្ងៃ​ទី​ ២ ខែ​ឧសភា ​ឆ្នាំ​ ២០១៥​ នៅ​​ប្រទេស​ឥណ្ឌា​ ​​ពី​​សាកលវិទ្យាល័យ Savitribai Phule Pune  ។ អំឡុង​ពេល​​រៀន​ ក្រុម​គ្រួសារ រួម​ទាំង​មិត្តភ័ក្ដិ​មិន​សូវ​សាទរ​នឹង​ការ​ជ្រើស​រើស​នេះ​ទេ ព្រោះ​ពួក​គាត់​យល់​ថា​ មុខ​វិជ្ជា​នេះ​សម្រាប់​តែ​ព្រះ​សង្ឃ​សិក្សា។

 

 

ប៉ុន្តែ ​យុវជន​វ័យ​ ២៥​ ឆ្នាំ​នេះ​ បាន​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​មុត​មាំ​ថា​ មិន​ស្ដាយ​ក្រោយ​ឡើយ និង​ត្រូវ​តែ​ធ្វើ​ឲ្យ​មុខ​ជំនាញ​មួយ​នេះ​ល្បី​ល្បាញ​ឲ្យ​បាន​នៅ​ថ្ងៃ​ណា​មួយ បើ​ទោះ​ជា​ឥលូវ ​វា​ជា​មុខ​វិជ្ជា​មួយ​ដែល​និស្សិត​ទូ​ទៅ​មិន​ចាប់​អារម្មណ៍​ក៏​ដោយ។

 

 

យុវជន​មាន​​ស្រុក​កំណើត​នៅ​​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ​រូប​នេះ បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ ​Sabay អំពី​មូល​ហេតុ និង​ការ​សិក្សា​អំពី​មុខ​វិជ្ជា​នេះ៖

 

 

 

Sabay ៖ មូលហេតុ​អ្វី​ទើប​សំណាង​ចង់​រៀន​ជំនាញ​ទាក់​ទង​នឹង​ព្រះពុទ្ធ​សាសនា? សំណាង៖ ​ ដោយសារ​ខ្ញុំ​ស្រទ្បាញ់​ព្រះពុទ្ធ​សាសនា​តាំង​ពី​ក្មេង។ ជីតា​របស់​ខ្ញុំ​បួស​ជា​ព្រះសង្ឃ ខ្ញំ​ទទួល​ការ​អប់រំ​តាម​បែប​ព្រះពុទ្ធសាសនា​យ៉ាង​ច្រើន​ពី​ព្រះអង្គ ខ្ញុំ​បាន​រៀន​សូត្រ​ធម៌​ថ្វាយ​បង្គំ​តាំង​ពី​ក្មេង​ៗ​មក​ម្ល៉េះ។ ខ្ញុំ​ដើរ​បិណ្ឌ​បាត្រ​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​​មហាវិទ្យាល័យ។ ពេល​យប់​ខ្ញុំ​តែង​ទៅ​សម្រាក​នៅ​វត្ត ដើម្បី​មើល​ថែរក្សា​ព្រះអង្គ ។

 

កត្តា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រ​ទ្បាញ់​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្លាំង។ ពេល​ថ្នាក់​ទី ១០ ខ្ញុំ​តែង​មើល​មុខ​សៀវភៅ​ព្រះពុទ្ធសាសនា​ស្ទើរ​​រាល់​ថ្ងៃ ខ្ញុំ​តែង​យក​ព្រះពុទ្ធ​ជា​គោល​ក្នុង​ការ​សម្រេច​ចិត្ត ។ ម្ល៉ោះ​ហើយ ធ្វើ​ឲ្យ​ខ្ញំ​តាំង​ចិត្ត​ថា ពេល​ចូល​រៀន​សកលវិទ្យាល័យ ខ្ញុំ​ត្រូវតែ​​រៀន​​ផ្នែក​នេះ​ឲ្យ​បាន ទោះ​បី​ជា​ត្រូវ​លំបាក​យ៉ាង​ណា​ក៏​ដោយ ។ ដូច្នេះ​ ខ្ញុំ​បាន​ចាប់​ជំនាញ​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនានៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ពេល​រសៀល​ ហើយ​រៀន​បរិញ្ញាបត្រ​សិក្សា​អន្តរជាតិ នៅ ​IFL ​​ពេល​យប់ ។​

 

 

 

Sabay ៖ ពេល​រៀន​ផ្នែក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា ក្រុម​គ្រួសារ​ និង ​មិត្តភ័ក្ដិ យល់​យ៉ាង​ណា? សំណាង៖ ក្រុម​គ្រួសារ​ខ្ញុំ​ពុំ​បាន​ជំទាស់​នឹង​ការ​ជ្រើស​ជំនាញ​នេះ​ឡើយ គាត់​ផ្ដល់​ឯករាជ្យ​និង​សេរីភាព​ពេញ​លេញ​ក្នុង​ការ​រើស​​។ តែ​យ៉ាង​ណា គ្រួសារ​និង​មិត្រ​របស់ខ្ញុំ ក៏​នៅ​ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​មុខវិជ្ជា​នេះ​ដែរ។

 

គ្រួសារ​ខ្ញុំ​តែង​សួរ​ខ្ញុំ​ថា តើ​រៀន​មុខ​វិជ្ជា​ហ្នឹង​ធ្វើ​អ្វី? ប្រយ័ត្ន​មិន​ល្អ ហើយ​ចប់​ទៅ​ធ្វើ​អ្វី? ពួក​គាត់​តែង​បារម្ភ​ចំពោះ​ការ​រៀន​ជំនាញ​នេះ។ ទោះ​បី​ជា​គ្រួសារ​ខ្ញុំ​ជា​អ្នក​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក៏​ដោយ អ្នក​ទាំង​អស់​ហាក់​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​យក​ជំនាញ​នេះ​ទេ តែ​អ្នក​ទាំង​អស់​គ្នា​ក៏​មិន​បាន​រារាំង ឫ​ស្ដី​បន្ទោស​អ្វី​នោះ​ដែរ ព្រោះ​គ្រួសារ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព​និង​ឯករាជ្យ​ភាព ។

 

ចំពោះ​មិត្រ​ទាំង​ទ្បាយ​ជុំវិញ​ខ្លួន ក៏​មិន​ខុស​ពី​គ្រួសារ​ខ្ញុំ​ប៉ុន្មាន​ដែរ។ ពួក​គេ​តែង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ ទៅ​រៀន​ជំនាញ​ព្រះ​ពុទ្ធ​សាសនា? ហើយ​មិត្ត​ខ្ញុំ​ថា ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ ព្រោះ​គេ​យល់​ថា​ជំនាញ​នេះ​សម្រាប់​តែ​ព្រះសង្ឃ​នោះ​ទេ ។

 

 

 

Sabay ៖ នៅ​ពេល​គ្រប់​គ្នា​មិន​លើក​ទឹក​ចិត្ត​ចំពោះ​មុខ​វិជ្ជា​ពុទ្ធ​សាសនា​នេះ តើ​សំណាង​ធ្លាប់​មាន​គំនិត​បោះ​បង់​ចោល​ឬ​ទេ?

 

សំណាង៖ មិន​ធ្លាប់​ឡើយ។ ខ្ញុំ​រៀន​ជំនាញ​នេះ​ដោយសារ​ឆន្ទៈ​ផ្ទាល់​ខ្លួន​តែ​ម្ដង ហើយ​មុខ​វិជ្ជា​នេះ​ខ្ញុំ​រើស​ដោយ​ខ្លួន​ឯង ពុំ​មាន​អ្នក​ណា​ដាក់​សម្ពាធ​ឲ្យ​ជ្រើស​រើស ឬ​ផ្ដល់​យោបល់​ឡើយ។ ទោះ​បី​ពុំ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ឫ​មាន​ការ​និយាយ​មិន​ល្អ​ពី​ជំនាញ​នេះ​យ៉ាង​ណា​ ក៏​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ទេពកោសល្យ និង​ការ​សម្រេច​ចិត្ត​​លើ​តម្លៃ​ជីវិត​ខ្លួន​ឯង​ដែរ។

 

ក្នុង​អំទ្បុង​ពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខ្ញុំ​មិន​ត្រឹម​តែ​មិន​អស់​សង្ឃឹម​នោះ​ទេ ខ្ញុំ​ថែម​ទាំង​តាំង​ចិត្ត​បន្ត​ទៀត​ថា ខ្ញុំ​នឹង​បន្ត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បរទេស​ឲ្យ​បាន ទោះ​បី​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ ដើម្បី​ប្រទ្បង​ឲ្យ​ជាប់​ក៏​ដោយ ។ សំណាង​ល្អ​ឆ្នាំ​ ២០១៣ ខ្ញុំ​បាន​ជាប់​អាហារូបករណ៍​ទៅសាកលវិទ្យាល័យ Savitribai Phule Pune  ​ប្រទេស​ឥណ្ឌា​ តាម​គោលដៅ​ដូច​គ្រោង​ទុក ។

 

 

 

សំណាង ជួបជាមួយអភិបាលរដ្ឋ Maharastra នៅទីក្រុងមុំបៃ

 

 

 

Sabay ៖ សម្រាប់​សំណាង​ក្រោយ​សិក្សា​មុខ​វិជ្ជា​នេះ យល់​ថា​ទទួល​បាន​អ្វី​ខ្លះ?

 

សំណាង៖ ក្រោយ​រៀន​ចប់​ហើយ ខ្ញុំ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​ជាច្រើន​ទាក់​ទង​នឹង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​មហាយាន ប្រភព​នៃ​ឯកសារ​ព្រះពុទ្ធ​សាសនា​ជា​ដើម ។ អ្វី​ដែល​សំខាន់​នោះ​គឺ ការ​សិក្សា​ព្រះពុទ្ធ​សាសនា​ជា​ភាសា​អង់គ្លេស ហើយ​ប្រភព​នៃ​ឯកសារ​មាន​ទាំង​សិលាចារឹក​ដើម​របស់​ព្រះបាទ​ធម្មាសោក ប្រភព​មក​ពី​តាម​ប្រាសាទ​ល្បី​ៗ ថែម​ទាំង​អាច​ទទួល​បាន​នូវ​ភូមិសាស្ត្រ​ព្រះពុទ្ធ​សាសនា​ជាក់​ស្ដែង​តែ​ម្ដង មាន​ទាំង​កន្លែង​ត្រាស់​ដឹង សម្ដែង​ធម៌ និង​កន្លែង​បរិនិព្វាន​ជា​ដើម ។

 

 

 

Sabay ៖ សំណាង​សង្ឃឹម​ថា បន្ទាប់​ពី​រៀន​ចប់​នឹង​អាច​យក​ទ្រឹស្ដី​ក៏​ដូច​ជា​ចំណេះ​ទាំង​នេះ​ជួយ​អ្វី​ខ្លះ?

 

សំណាង៖ ខ្ញុំ​សង្ឃឹម​ថា ជំនាញ​ដែល​ខ្ញុំ​បាន​បញ្ចប់​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ទស្សនវិជ្ជា​អហិង្សា​ដល់​សង្គម​ខ្មែរ ។ ខ្ញុំ​នឹង​យក​ចំណេះដឹង​ដែល​ខ្ញុំ​រៀន និង ​បទ​ពិសោធ​ទៅ​សម្រេច​គោល​ដៅ​ចំនួន​​៣​​យ៉ាង​​សំខាន់​ៗ៖

 

១ សំយោគ​ទ្រឹស្ដី​ព្រះពុទ្ធ​ជាមួយ​ទស្សនវិទូ​ទូ​ទៅ​ដើម្បី​ធ្វើ​ជា​ទ្រឹស្ដី​ដឹក​នាំ​ប្រទេស​តាម​បែប​ទស្សនវិជ្ជា។ ២ ប្រៀប​ធៀប​ឲ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​ទស្សនវិជ្ជា​ព្រះពុទ្ធ​ជាមួយ​ទស្សន​វិជ្ជា​របស់​ទស្សនវិទូ​ល្បី​ៗ រួម​មាន​សូក្រាត ផ្លា​តូ អារីស្តូតជាដើម។

 

៣ ដើម្បី​ស្រាវជ្រាវ​ចង​ក្រង​ទស្សនវិជ្ជា​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​ទំនើប ព្រោះ​សព្វថ្ងៃ លំបាក​ក្នុង​ការ​រក​សៀវភៅ​ទស្សន​វិជ្ជា​ខ្មែរ មក​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ សូម្បី​តែ​ស្វែង​រក​ការ​សរសេរ​របស់​បរទេស​ក៏​មិន​ងាយ​រក​បាន​ដែរ។ មនុស្ស​ខ្វះ​ទស្សនវិជ្ជា​គឺ មិន​ស្គាល់​ខ្លួន​ឯង ការ​មិន​ស្គាល់​ខ្លួន​ឯង​នាំ​មក​នូវ​បរាជ័យ និង​គ្មាន​តម្លៃ​ជីវិត​ផ្ទាល់​ខ្លួន។ ចំណែក​ឯ​ប្រទេស​មិន​មាន​ឬ​មិន​ស្គាល់​ទស្សនវិជ្ជា​ខ្លួនឯង នាំ​ឲ្យ​ប្រទេស​ជាតិ​ទន់​ខ្សោយ ​បែក​បាក់ អ្នក​ដឹក​នាំ​មិន​ទុក​ចិត្ត​គ្នា រាស្ត្រ​ខ្វះ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ពិចារណា ងាយ​នឹង​សត្រូវ​ឈ្លាន​ពាន នឹង​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា និង​ការ​ញុះញង់​របស់​មហា​អំណាច​ណា​មួយ ។ ដោយសារ​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​យ៉ាង​ខ្លាំង ដូចនេះ​ដើម្បី​រក​ទស្សនវិជ្ជា​ខ្មែរ​ឃើញ ត្រូវ​ការ​ចំណេះដឹង​ទាំង​អស់​នេះ។

 

ប្រទេស​មហា​អំណាច​ពី​បុរាណ​តែង​មាន​ទស្សនវិជ្ជា​ឲ្យ​ពិភពលោក​រៀន ប្រទេស​ចិន​មាន​ទស្សនវិទូ​ខុង​ជឺ ស្ដេច​សង្រ្គាម​ស៊ុន សឺ ម៉ុង​ហ្គោល​មាន​ចេន​គី​សខាន់ ឥណ្ឌា​មាន​ព្រះពុទ្ធ ចំណែក​ខ្មែរ​ធ្លាប់​ជា​មហា​អំណាច​មួយ​ក្នុង​លោក។ ប៉ុន្តែ​សព្វថ្ងៃ​បាត់​បង់​ទស្សនវិជ្ជា​អស់​ជា​ច្រើន ហើយ​មិន​មាន​ទស្សនវិជ្ជា​ឲ្យ​ពិភពលោក​យក​ទៅ​សិក្សា​នោះ​ទេ ។ ដូច​នេះ ខ្ញុំ​ត្រូវ​មាន​គោល​ដៅ​ស្រាវ​ជ្រាវ និង​បោះពុម្ព​សម្រាប់​គោលដៅ​វែង​ឆ្ងាយ​របស់​ខ្ញុំ​នៅ​ពេល​អនាគត ។

 

 

 

 

 

sabay៖ ក្រោយ​រៀន​ចប់ សំណាង​ចង់​ក្លាយ​ជា​អ្វី?សំណាង៖ ខ្ញុំ​ចង់​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា និង​ ផ្នែក​ព្រះពុទ្ធ​សាសនា ។ ខ្ញុំ​ចង់​ឲ្យ​និស្សិត​ខ្មែរ​មក​សិក្សា​ទស្សនវិជ្ជា​ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ហើយ​សូម​ឲ្យ​និស្សិត​បោះបង់​ចោល​នូវ​ពាក្យ​ថា "រៀន​ទស្សនវិជ្ជា​ទៅ​ឆ្កួត រៀន​ចប់​ទស្សនវិជ្ជា​ទៅ​ដើរ​រាប់​ស្លឹក​ឈើ" ព្រោះ​សង្គម​ខ្មែរ​សំបូរ​ទៅ​ដោយ​បញ្ហា និង​ជំនឿ​មិន​សម​ហេតុ​ផល ជា​ពិសេស​ការ​ធ្វើ​អត្តឃាត ទាំង​នេះ​សុទ្ធ​តែ​មក​ពី​ខ្វះ​ទស្សនវិជ្ជា ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ពិចារណា ។

 

 

សំណាង​បាន​បញ្ជាក់​ថា ក្រោយ​ពេល​រៀន​ចប់​ជំនាញ​ពុទ្ធ​សាសន​វិជ្ជា​នេះ លោក​មិន​បាន​ស្ដាយ​ក្រោយ​នោះ​ទេ ព្រោះ​លោក​បាន​គិត​យ៉ាង​ច្បាស់​លាស់​មុន​ពេល​ជ្រើស​រើស ទោះ​បី​ដឹង​ថា​ ជំនាញ​នេះ មិន​ពេញ​និយម​នៅ​ប្រទេស​ខ្មែរ​ ទោះ​​លំបាក​រក​ការងារ​ធ្វើ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​យ៉ាង​ណា ក៏​លោក​បាន​តាំង​ឆន្ទៈ​យ៉ាង​មុតមាំ​រួច​ហើយ ត្រូវ​តែ​ខិត​ខំ​រក​ការងារ​ល្អ​ឲ្យ​បាន និង​ធ្វើ​ឲ្យ​មុខ​វិជ្ជា​នេះ​ល្បី​ល្បាញ​នៅ​ថ្ងៃ​ណា​មួយ៕

 

 

 

សូមអាន ៖  យុវជន​ខ្មែរ​ឈឺ​ចិត្ត​គេ​មិន​ស្គាល់​កម្ពុជា យក​វប្បធម៌​ទៅ​បង្ហាញ​មុខ​បរទេស​ជាង​​៨០​ប្រទេស

 

 

 

 

អត្ថបទ៖ លឹម សុ​នា