SM ប្រកាសថា Kris និង Luhan នៅតែជាសមាជិក EXO ដដែល
- 2015-05-21 16:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM ប្រកាសថា Kris និង Luhan នៅតែជាសមាជិក EXO ដដែល
ចន្លោះមិនឃើញ
ផលិតកម្មចម្រៀងកូរ៉េ SM Entertainment បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ២០ ខែឧសភា ប្រកាសថាតារាចម្រៀង Kris និង Luhan នៅតែជាតារារបស់ពួកគេនៅឡើយ និងបានលើកឡើងពីបញ្ហាមួយចំនួនអំពីសកម្មភាពថ្មីៗរបស់តារាទាំងពីររូបនៅប្រទេសចិន។
នៅក្នុងសេចក្ដីថ្លែងការណ៍ ផលិតកម្ម SM បានបញ្ជាក់ថា "ក្នុងនាមជាម្ចាស់ផលិតកម្មរបស់សមាជិក EXO Kris និង Luhan ពួកយើងបានដាក់ពាក្យប្ដឹងសមាជិកទាំងពីររូបនេះ និងក្រុមហ៊ុននៅប្រទេសចិន ដែលបានប្រើប្រាស់ Luhan ជាតារាម៉ូដែលផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ពួកយើងបានដាក់ពាក្យបណ្ដឹងទៅតុលាការប្រជាជនប៉េកាំង ដោយចោទប្រកាន់ពួកគេពីបទបំពានកិច្ចសន្យា។ តុលាការបានទទួលពាក្យបណ្ដឹងនេះជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា"។
ផលិតកម្ម SM ក៏បានបញ្ជាក់ដែរថា "កិច្ចសន្យារវាងផលិតកម្ម SM និង Luhan ក៏ដូចជា Kris គឺនៅតែមានប្រសិទ្ធភាព ដរាបណាតុលាការមិនទាន់ចេញសាលដីកាស្ថាពរ ចំពោះករណីដែលពួកគេចង់ចាកចេញពីក្រុម EXO។ ដូច្នេះចំពោះសកម្មភាពរកប្រាក់ចំណេញផ្សេងៗ ដូចជាការធ្វើម៉ូដែលផ្សព្វផ្សាយពាណិជ្ជកម្ម និងចូលថតភាពយន្តផ្សេង គឺជាការបំពានកិច្ចសន្យាយ៉ាងពិតប្រាកដ ហើយយើងមានគម្រោងឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ"។
បន្ទាប់ពីដកខ្លួនពីក្រុម EXO តារាចម្រៀង និងសម្ដែងចិន Kris និង Luhan បានត្រលប់ទៅកាន់ការងារសម្ដែង និងបង្ហាញម៉ូដនៅប្រទេសកំណើតរបស់ពួកគេវិញ។ មួយរយៈចុងក្រោយនេះ Kris កំពុងមមាញឹកក្នុងការថតភាពយន្ត និងកម្មវិធីទូរទស្សន៍ជាមួយតារាសម្ដែង Fan Bingbing ចំណែក Luhan កំពុងថតភាពយន្តថ្មីជាមួយតារាសម្ដែង Yang Mi ៕
ចុចអាន៖Tao ក្រុម EXO លាអ្នកគាំទ្រទៅរៀនបន្ត និងព្យាបាលរបួសនៅអាមេរិក
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo