មករៀនធ្វើស៊ូស៊ីដោយខ្លួនឯងទាំងអស់គ្នា
- 2015-06-04 13:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករៀនធ្វើស៊ូស៊ីដោយខ្លួនឯងទាំងអស់គ្នា
ចន្លោះមិនឃើញ
ស៊ូស៊ីគឺជាអាហារមួយប្រភេទរបស់ជនជាតិជប៉ុន ប៉ុន្តែវាក៏ពេញនិយមសម្រាប់ប្រជាជនខ្មែរដែរ។ នៅតាមហាងអាហារជប៉ុនតម្លៃស៊ូស៊ីមួយចាន អាចដល់ទៅ ៧ ដុល្លារហើយមានប្រហែលតែ១០ដុំប៉ុណ្ណោះ។ ថ្ងៃនេះ មករៀនសាកល្បងធ្វើញ៉ាំដោយខ្លួនឯងជាមួយ Sabay តាមវិធីងាយៗទាំងអស់គ្នា។
កញ្ញាឆុំ ជីវ៉ា ជាចុងភៅរបស់ក្រុមហ៊ុនគូប៊ូតាដែលជាក្រុមហ៊ុនជនជាតិជប៉ុនបានប្រាប់ពីវិធីធ្វើស៊ូស៊ីនេះ។ ជាដំបូងត្រូវមានគ្រឿងផ្សំជាមុនសិន ដែលមានដូចជា៖
បន្ទះសារ៉ាយ ( ភាគច្រើនមានលក់នៅតាមផ្សារទំនើប) - អង្ករខ្សាយ ឬ ក៏អង្ករជប៉ុនរឹតតែល្អព្រោះអង្ករជប៉ុនវាស្អិតជាងងាយស្រួលមូល - ឆៃប៉ូវផ្អែម ណែមក្ដាម ត្រសក់ ការ៉ុត ពងទា
ទឹក Mayonnaise (កញ្ញា ជីវ៉ា បញ្ជាក់ថា អ្នកដែលធ្វើខ្លួនឯងភាគច្រើនអត់ដាក់ទឹក Mayonnaise ទេ ហើយច្រើនតែឆ្ងល់ថាម៉េចមិនឆ្ងាញ់ដូចញ៉ាំនៅហាង? ជីវ៉ា ថា ទឹកនេះមានលក់នៅតាមផ្សារទំនើប)។
បន្ទះកន្ទេលឫស្សីសម្រាប់មូលបាយ ចំពោះវិធីធ្វើវិញ កញ្ញាបានឱ្យដឹងថាមិនពិបាកឡើយ គ្រាន់តែការមូលបាយអាចមិនសូវស្អាតសម្រាប់អ្នកដែលមូលលើកដំបូង។ មុនដំបូងត្រូវដាំបាយឱ្យឆ្អិន។ ពងទាត្រូវក្រឡុកហើយដាក់អំបិលបន្តិច តែកុំឱ្យប្រៃពេក រួចចៀនឱ្យឆ្អិន។ បន្ទាប់មកទៀត យកពងទាចៀន ត្រសក់ ណែមក្ដាម ការ៉ុត និងឆៃប៉ូវផ្អែម យកមកហាន់ជាចំណិតវែងៗដូចគ្នា។ របៀបមួលបាយ មុនដំបូងពន្លាបន្ទះកន្ទេលឫស្សី ហើយដាក់សារាយមួយបន្ទះពីលើ។ បន្ទាប់មកដួសបាយដាក់លើសារាយវាសឱ្យពេញលើសារាយតែម្ដងទើបយក ពងទា ការ៉ុត ត្រសក់ ណែមក្ដាម ឆៃប៉ូវ មកតម្រៀបឱ្យស្អាតនៅចំកណ្ដាលបាយ បន្ទាប់មកច្របាច់ទឹកMayonnaise បន្តិចរួចមូលបណ្ដើរកៀសបណ្ដើរឱ្យណែនបាយ បន្ទាប់មកយកកាំបិតដែលមុត មកកាត់ជាកង់ៗ ព្រោះកាំបិតមិនសូវមុតធ្វើឱ្យដុំស៊ូស៊ីមានរាងមិនសូវស្អាត។ រួចអស់ហើយ ប្រិយមិត្តគ្រាន់តែតម្រៀបដាក់ចាន ហើយញ៉ាំជាការស្រេច៕
ចុចអាន៖ នរណាខ្លះចូលចិត្តញ៉ាំអាម៉ុក ពេលនេះអ្នកអាចធ្វើញ៉ាំដោយខ្លួនឯងយ៉ាងងាយ
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង