គ្រាន់តែអត់ប៉ាម៉ាក់ជុំគ្នា គេមិនឱ្យធ្វើជាអ្នកកំដរមង្គលការ?
- 2015-06-09 15:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែអត់ប៉ាម៉ាក់ជុំគ្នា គេមិនឱ្យធ្វើជាអ្នកកំដរមង្គលការ?
ចន្លោះមិនឃើញ
អបិយជំនឿមួយចំនួន បានហាមប្រាមមិនអោយគូស្រករថ្មោងថ្មីរើសយកមិត្តដែលឪពុកឬម្ដាយស្លាប់ (បាក់បែកម្ខាង) រឺបែកបាក់គ្នា(លែងលះ) យកធ្វើជាកូនកំដរ កូនកំលោះកូនក្រមុំទេ ដោយបារម្ភថា ពេលការរួចនឹងគ្មានសិរី ? រហូតដល់ពេលនេះ តើសង្គមគ្រួសារខ្មែរ នៅរក្សាផ្នត់គំនិតផ្អែកលើជំនឿនេះទៀតដែរឬយ៉ាងណា?ក្នុងកម្រិតណា?
មានស្រុកកំណើតនៅ ភូមិទំពាំងឫស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកយាយ លីវ ហុន វ័យ៦០ឆ្នាំមានប្រសាសន៍ថា តាំងពីធំដឹងក្ដីរហូតមកដល់ពេលនេះ លោកយាយកម្រ ឬស្ទើរតែមិនដែលឃើញ គេយកអ្នកដែលម្ដាយ ឬឪពុកស្លាប់ មកកំដរកូនកំលោះ កូនក្រមុំណាស់ ព្រោះជាតំណមផ្អែកលើជំនឿតាំងពីបុរាណមក។
រូបតំណាង
លោកយាយសង្កត់ធ្ងន់ថា ៖«គេខ្លាច! ចឹងហើយគេមិនយកទេ សូម្បីពិធីបង្វិលពពិលក៏ចឹងដែរ គេយកតែអ្នកមានគូ ហើយបើអ្នកបាក់មែក ឬអ្នកកំព្រាឪពុកម្ដាយក៏គេអត់ឱ្យបង្វិលដែរ»។
ដោយមានជំនឿលើរឿងនេះលោកយាយថ្លែងបន្តថា បើទោះបីជាកូនកំលោះ កូនក្រមុំបាក់មែក ឬឪពុកម្ដាយចែកឋានទាំងអស់ក្ដី ក៏គេត្រូវការតែអ្នកកំដរណា ដែលមានឪពុកម្ដាយទាំងអស់ដែរ។ ទោះបីជាយ៉ាងលោកយាយបញ្ជាក់ថា ករណីខ្លះក៏អាចកើតមានដែរ បើសិនជាអ្នកណា ធ្វើខុសគន្លងប្រពៃណី ៖«បើសិនណាគេជ្រុលជ្រួសអី គេចេះតែចាប់ដាក់ឱ្យតែបានៗទៅ»។
ដោយឡែកលោក អេង សុខកាន យល់ឃើញថា អ្វីដែលបានលើកឡើងទាំងអំបាលម៉ានខាងលើ គឺគ្រាន់ជាទម្លាប់របស់ចាស់ពីដើមប៉ុណ្ណោះ ហើយសម័យនេះគេលែងជឿហើយ អ្វីដែលគេត្រូវមើល គឺសម័យកាល ៖«វាមិនទាស់ខុសអីទេក្មួយ បើគិតចឹង! ម៉េចចាស់ៗមិនការបីថ្ងៃបីយប់ដូចពីដើមទៅ? ម៉េចឥលូវធ្វើតែមួយថ្ងៃមួយយប់ចឹង?»។
ដើម្បីឱ្យអស់មន្ទិលសង្ស័យ លោកអាចារ្យ អឿន រស់នៅភូមិត្រពាំងធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានថ្លែងថា ពីមុនពលរដ្ឋខ្មែរមិនហ៊ានឱ្យកំដរមែន ប៉ុន្តែសព្វថ្ងៃមិនអីទេ ព្រោះគេមានវិធីរបស់គេ ៖«ឥលូវមិនអីទេ... អ្នកបាក់មែកអាចកំដរបាន តែអ្នកបាក់មែកត្រូវតែអង្គុយខាងគេ និងមិនត្រូវឱ្យគាត់កាន់ឆត្រឡើយ»។ តាអឿនបញ្ជាក់ថា ចំពោះពិធីមានលក្ខណៈផ្សេងៗគ្នា ទៅតាមក្បួនរបស់លោកអាចារ្យ។
បើតាមការរៀបរាប់ របស់លោកអាចារ្យ កាលពីមុនមកមនុស្សជឿថា បើយកអ្នកបាក់បែកមកកំដរ កូនកំលោះកូនក្រមុំច្បាស់ជាអភ័ព្វ មិនអាចរកស៊ីមានកាក់កប បើមិនដូច្នេះទេប្ដីប្រពន្ធនឹងផិតក្បត់គ្នាជាដើម។ ទោះបីជាយ៉ាងណា លោកអាចារ្យ អឿន ប្រាប់ថាសព្វថ្ងៃនេះមនុស្សមិនសូវខ្វល់ទេ ហើយបើទោះជាយកអ្នកបាក់មែកឬកំព្រីកំព្រាមកកំដរ ក៏មិនទាស់ខុសអ្វីដែរ អ្វីសំខាន់គឺស្ថិតនៅលើចិត្តរបស់មនុស្សប៉ុណ្ណោះ៕
ចុចអាន៖ ព្រាយចូលខ្លួន គ្រូទី១ជួយអត់ឈ្នះ ប៉ះគ្រូទី២មានអី…
ចុចអាន៖ ឪពុក-ម្ដាយកើតឆ្នាំមមែគួរយកកូនប្រុសស្រីឆ្នាំណាល្អ?
ចុចអាន៖ អបិយជំនឿខ្មែរ ថតរូបគ្នា៣នាក់ជួបរឿងមិនល្អ?
អត្ថបទ៖ អ៊ុំ សុភក្តិ