​ជំនាញ​រៀន​គ្មាន​គ្រូ​ យុវតី​មួយ​រូប​​បង្កើត​គំនូរ​តុក្កតា​​ដ៏​រស់​រវើក​ ​មហិច្ឆតា​ចង់​​លេច​មុខ​លើ​ឆាក​អន្តរជាតិ

  • 2015-06-16 17:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រលាញ់​ចូលចិត្ត គួបផ្សំ​ទេពកោសល្យ​ពី​កំណើត​នាំ​ឲ្យ​យុវតី​មួយ​រូប​បង្កើត​បាន​ស្នាដៃ​គំនូរ​តុក្កតា​ដ៏​រស់រវើក។ គំនូរ​តុក្កតា​របស់​យុវតី​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន បន្ទាប់​ពី​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា។

 

 

យុវតី កែ ឡាណេ បាន​ឲ្យ​ដឹង​ថា ការ​ចេះ​គូរ​គំនូរ​តុក្កតា​​​កើត​ឡើង​ពី​ចំណង់ចំណូល​ចិត្ត ដោយសារ​ពី​ក្មេង​កញ្ញា​ជា​អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្ត​គំនូរ​ជីវចល​ ទើប​ធ្វើ​ឲ្យ​កញ្ញា​ដក់​ចិត្ត​និង​ចាប់​អារម្មណ៍​លើ​សិល្បៈ​គំនូរ​តុក្កតា​។

 

យុវតី​សិក្សា​បញ្ចប់​ជំនាញ​គណនេយ្យ​រូប​នេះ​បន្ត​ថា កញ្ញា​ចេះ​គូរ​គំនូរ​តុក្កតា​នេះ​មិន​បាន​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល​អី​ទេ ក្រៅ​ពី​ព្យាយាម​សិក្សា​ដោយ​ខ្លួន​ឯង រៀន​តាម​អ៊ីនធឺណិត​និង​តាម YouTube។

 

ការ​ស្រលាញ់​ចូល​ចិត្ត​បូក​ផ្សំ​ការ​អំណត់​ព្យាយាម​សិក្សា បាន​ធ្វើ​ឲ្យ​ឡាណេ​អាច​បង្កើត​ស្នាដៃ​គំនូរ​តុក្កតា​មួយ ដែល​មាន​ភាព​រស់រវើក​មិន​ចាញ់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល​ឬ​អ្នក​អាជីព​ឡើយ។

 

យុវតី​វ័យ ២៣ ឆ្នាំ​បន្ត​ទៀត​ថា ការ​រៀន​គូរ​ដំបូង​ក៏​មិន​ល្អ​ដែរ​មាន​អ្នក​សរសើរ​មាន​អ្នក​បង្អាប់ ប៉ុន្តែ​អ្វី​ដែល​សប្បាយ​ចិត្ត​បំផុត​គឺ​ការ​បង្កើត​បាន​ស្នាដៃ​​សិល្បៈ​គំនូរ​​ជា​របស់​ផ្ទាល់​ខ្លួន។

 

 

សិល្បៈ​គំនូរ​តុក្កតា​របស់​ឡាណេ មាន​ខ្លឹមសារ​បង្កប់​សេចក្តី​ស្រលាញ់​នៅ​ក្នុង​ក្រុម​គ្រួសារ​ គូ​សង្សារ​ក៏​ដូចជា​ផ្សារភ្ជាប់​អត្តសញ្ញាណ​ជាតិ។ ឡាណេ បាន​ឲ្យ​ដឹង​ថា គំនូរ​របស់​កញ្ញា​ចង់​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​ឪពុកម្ដាយ​ ទំនាក់ទំនង​គូ​ស្នេហ៍ និង​ក៏​ផ្សារ​ភ្ជាប់​ទៅ​​វប្បធម៌​ជាតិ​​​ដូចជា​ការ​ស្លៀកពាក់​​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ។

 

ទាក់ទង​ការ​គំនូរ​បែប​តុក្កតា​និង​គំនូរ​ពិតៗ​មាន​ភាព​ងាយស្រួល​និង​ខុស​គ្នា​យ៉ាង​ណា ឡាណេ បញ្ជាក់​ថា សម្រាប់​កញ្ញា​គំនូរ​បែប​តុក្កតា​មាន​ភាព​ងាយស្រួល​ជាង ពីព្រោះ​កញ្ញា​អាច​គូរ​តាម​ការ​ស្រមើស្រមៃ តាម​ការ​ចង់​បាន​និង​ការ​ច្នៃ​ប្រឌិត​បន្ថែម​ដោយ​ខ្លួន​ឯង។ ឯ​ការ​គូរ​គំនូរ​ជា​រូប​ពិតៗ​ទាមទារ​ការ​ផ្ចិតផ្ចង់​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​គំនូរ​ដែល​ដូច​រូប​ខាងក្រៅ​ពិតៗ។

 

 

កន្លង​ទៅ​នេះ ស្នាដៃ​គំនូរ​តុក្កតា​របស់​ឡាណេ ក៏​ធ្លាប់​យក​ទៅ​ចូលរួម​តាំង​បង្ហាញ​ក្នុង​កម្មវិធី​នានា ក៏​ដូចជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​និង​ YouTube ដោយ​មាន​ការ​ចាប់​អារម្មណ៍​និង​កោត​សរសើរ​ពី​ប្រិយមិត្ត​ជា​ច្រើន។

 

 

ចុងក្រោយ​កញ្ញា​អះអាង​ថា ទោះ​បី​ស្នាដៃ​គំនូរ​របស់​កញ្ញា​បាន​ទទួល​ការ​គាំទ្រ ប៉ុន្តែ​កញ្ញា​នៅ​ឃើញ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម​ទៀត ដែល​គោលបំណង​​កញ្ញា​ចង់​នាំ​​សិល្បៈ​គំនូរ​តុក្កតា​របស់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ឈ្មោះបោះសំឡេង និង​មាន​ការ​ទទួល​ស្គាល់​ទាំង​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា