គិរីរម្យ​នឹង​ប្រែក្លាយ​​ជា​ទីក្រុង​ទំនើបបែប​ធម្មជាតិ​ ក្នុងពេល​​អនាគត

  • 2015-06-29 18:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​​ធម្មជាតិ​ដ៏​ទំនើប​​មួយ នឹង​លេច​រូបរាង​ឡើង ក្នុង​រយៈពេល​ ១០ ​ទៅ​ ២០​ ឆ្នាំ​ ខាងមុខ ក្នុង​​បរិវេណឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ គិរីរម្យ ខេត្ត​កំពង់​ស្ពឺ។

 

គម្រោង​ទីក្រុង​ទំនើប​នេះ នឹង​ធ្វើ​លើដី​សម្បទាន​ ៧០​ ឆ្នាំ​​ ទំហំ ២០០០ ហិតា ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ គិរីរម្យ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ A2A Town (Cambodia) co.,Ltd. របស់​ជប៉ុន។

 

 

ក្នុង​គោលបំណងទាក់ទាញ​ទេសចរ ​ទីក្រុងទំនើប​​នេះ​ដែរ នឹង​មាន​សំណង់​អគារ​ជាច្រើន ដូច​ជា​ផ្ទះ​វិឡា សាលា​រៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ កន្លែង​លេង​កីឡា ផ្សារ​ទំនើប សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ផ្ទះ​សហគមន៍ ផ្ទះ​មនុស្ស​ចាស់ជរា​ជាដើម ដោយ​ប្រកាន់​គោលការណ៍​រក្សា​សម្បត្តិ​ធម្មជាតិ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ផ្នែក​លក់ នៃ​ក្រុមហ៊ុនជប៉ុន ថន មល្លិកា។

 

ឆ្លើយ​តប​នឹង​សំណួរ​ថា តើនឹង​រក្សា​ព្រៃ​បាន​កម្រិត​ណា​ក្នុង​ការអភិវឌ្ឍន៍​នេះ? មល្លិកា ​បញ្ជាក់​ថា អ្វី​ដែល​ក្រុមហ៊ុន​​អភិវឌ្ឍ​ខ្លាំង​លើ​ផ្លូវ​ ​និង សាលា​រៀន​ទៀតសោត ដោយ​​​រក្សា​​ឱ្យ​នៅ​ជា​លក្ខណៈធម្មជាតិ "ថៅកែ​ខ្ញុំ​គាត់​ស្រលាញ់​ធម្មជាតិ អ៊ីចឹង​យើង​នឹង​​​ធ្វើ​នៅ​ជា​លក្ខណៈ​ធម្មជាតិ"។

 

ក្នុង​ពិធី​​​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្នុង​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ របស់​ក្រុមហ៊ុន​ខាងលើ ដែល​ចូល​រួម​ពី​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នឹង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៥​ ឯកឧត្ដម វ៉ី សំណាង អភិបាល​រង​ខេត្ត​កំពង់​ស្ពឺ មាន​ប្រសាសន៍​ថា លោក​លើក​ទឹកចិត្ត​ឱ្យ​មាន​ការអភិវឌ្ឍន៍​នេះ។

 

លោក​ថ្លែង​ថា "ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ធម្មជាតិ គឺ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ក្នុង​តំបន់ ព្រម​ទាំង​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ កាត់​បន្ថត​ការ​ដក​ហូត​ផល អនុផល​ព្រៃឈើ និង​ ជួយ​បង្កើន​ជីវភាព​រស់​នៅ​ដល់​សហគមន៍​ផង​ដែរ"៕

 

 
 
 
 
ចុចអាន៖ មានអ្នកប្រាប់​Sabay នូវ​ល្បិច​​ពី​ក្រោយរបរ​​លក់​សាំង​ដប

ចុចអាន៖ អង្គការ​កុមារ​កំព្រា​តា ហ៊្វុយសូ ទើប​ទទួល​បាន​អំណោយ​​​ច្រើន​មិន​ធ្លាប់​មានល្ងាចមិញ

 

 

អត្ថបទ៖ អ៊ុំ សុភក្ដិ

អត្ថបទពេញនិយម