រំជួល​ចិត្ត! គូស្នេហ៍ ៧៥​ឆ្នាំ​ស្លាប់​កាន់​ដៃ​គ្នា​ជាប់​នៅ​លើ​គ្រែ

  • 2015-07-04 00:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ដែល​មើល​ឃើញ​តែ​ភាព​ផិត​ក្បត់ តែង​គិត​ថា​លើ​លោក​នេះ​គ្មាន​មនុស្ស​ស្មោះ​ត្រង់ ប៉ុន្តែ​ស្នេហា​ពិត​នៅ​តែ​មាន​ជា​និច្ច​មិន​សាបសូន្យ​ឡើយ។ គូស្នេហ៍​ដែល​រៀបការ​រួម​រស់​ជាមួយ​គ្នា ៧៥​ឆ្នាំ បាន​ស្លាប់​ទៅ​វិញ​ខុស​ពេល​គ្នា​ត្រឹម​ប៉ុន្មាន​ម៉ោង ដោយ​កាន់​ដៃ​គ្នា​ជាប់​​នៅ​លើ​គ្រែ។

 

 

លោក​យាយ​​ជា​ប្រពន្ធ​ឈ្មោះ Jeanette Toczko អាយុ ៩៦​ឆ្នាំ ចំណែក​លោក​តា​ជា​ប្ដី​ឈ្មោះ Alexander Toczko មាន​អាយុ ៩៥​ឆ្នាំ រស់នៅ​ក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក។ ក្រោយ​សាង​អនុស្សាវរីយ​ជាមួយ​គ្នា ៧៥​ឆ្នាំ គូស្នេហ៍​​វ័យ​ចំណាស់​នេះ បាន​ស្លាប់​ដោយ​កាន់​ដៃ​គ្នា​ជាប់​សម្រេច​តាម​បំណង។

 

ប្រវត្តិ​ស្នេហ៍​ពិត​របស់​លោកតា​និង​លោក​យាយ បាន​កើត​ឡើង​តាំង​ពី​អាយុ ៨​ឆ្នាំ​មក​ម្ល៉េះ។ បើ​ទោះ​បី​នៅ​ក្មេង​ៗ​ក្ដី ក៏​លោក​តា​និង​លោក​យាយ​បាន​ដាក់​ចិត្ត​ស្រលាញ់​គ្នា រួច​រៀបការ​ជាមួយ​គ្នា​នៅ​ពេល​ពេញ​វ័យ​រៀង​ខ្លួន។ គូស្នេហ៍​ទាំង​ពីរ បាន​រៀបការ​ក្នុង​ឆ្នាំ១៩៤០ និង​មាន​កូន ៥​នាក់​ជា​ចំណង​ដៃ។

 

ជីវិត​ស្នេហា​ដ៏​ផ្អែមល្ហែម​មិន​អាច​កាត់​ផ្ដាច់​បាន ចាប់​ផ្ដើម​ជួប​ភាព​កម្សត់​បន្តិច​ម្ដង​ៗ នៅ​ពេល​ប្ដី​ប្រពន្ធ​ស្មោះ​ស្ម័គ្រ​ទាំង​ពីរ​នាក់​មាន​ជំងឺ ដោយសារ​អំណាច​នៃ​ភាព​ចាស់​ជរា​រៀង​ខ្លួន។ ប៉ុន្មាន​សប្ដាហ៍​មុន លោក​តា Toczko បាន​ដួល​បាក់​ឆ្អឹង​ត្រគាក មិន​អាច​ទៅ​ណា​បាន​ត្រឹម​នៅ​មួយ​កន្លែង​លើ​គ្រែ។

 

មន្ទីរពេទ្យ​ក្នុង​តំបន់ បាន​ផ្ដល់​គ្រែ​ពិសេស​មួយ ដើម្បី​ឲ្យ​លោក​តា​បាន​គេង​នៅ​ជិត​ប្រពន្ធ​ជា​ទី​ស្រលាញ់។ ខណៈ​ស្ថានភាព​លោក​តា​កាន់​តែ​ធ្ងន់ធ្ងរ សុខភាព​លោក​យាយ​ជា​ប្រពន្ធ​ក៏​កាន់​តែ​ចុះ​អន់​ថយ​ជា​លំដាប់។ ទោះ​យ៉ាង​ណា គូស្នេហ៍​ទាំង​ពីរ​មិន​ខ្លាច​ញញើត​សេចក្ដី​មរណៈ​ឡើយ ហើយ​លោក​ទាំង​ពីរ​តែង​​បួងសួង​សូម​ឲ្យ​ស្លាប់​នៅ​លើ​គ្រែ​ជាមួយ​គ្នា ដោយ​កាន់​ដៃ​គ្នា។

 

លោក​តា Toczko បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា​នេះ ចំណែក​លោក​យាយ​បាន​បាត់​ដង្ហើម​ទៅ​តាម​ប៉ុន្មាន​ម៉ោង​ក្រោយ ​នៅ​ថ្ងៃ​បន្ទាប់។ កូន​ស្រី​លោក​យាយ​បាន​រៀប​រាប់​ថា "ខ្ញុំ​ប្រាប់​ម៉ាក់​ខ្ញុំ ប៉ា​ផុត​ដង្ហើម​ហើយ... ម៉ាក់​ខ្ញុំ​បាន​ឱប​ប៉ា ហើយ​និយាយ​ថា "ឃើញ​អត់, នេះ​ជា​អ្វី​ដែល​បង​ចង់​បាន... បង​ចង់​ស្លាប់​លើ​ដៃ​អូន ដោយ​ក្ដី​ស្រលាញ់... អូន​ស្រលាញ់​បង, ចាំ​អូន​ណា... អូន​ទៅ​តាម​បង​ឥឡូវ​ហើយ"៕

 

ចុចអាន៖ គូស្នេហ៍​ផ្សង​ព្រេង ជិះ​កង់​​ជិត ២​ម៉ឺន​គីឡូម៉ែត្រ​ពី​ចិន​ទៅ​អាហ្វ្រិក

ចុចអាន៖ ប៉ារីស​ចាប់​ផ្ដើម​ប្រមូល​សោ​គូស្នេហ៍​រាប់​តោន​ចេញ​ពី​ស្ពាន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី