ឯកឧត្ដម ខៀវ កាញារីទ្ធ បង្ហាញ​​អនុសាសន៍​ ៦​ ចំណុចសំខាន់ៗ ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2015-07-20 17:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បាន​បង្ហាញ​អនុសាសន៍​ចំនួន៦​សំខាន់ៗ ចូលរួម​​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង ឯកឧត្តម ​បាន​សំណូមពរ ទៅ​កាន់​បណ្ដាញ​សារព័ត៌មានឱ្យជួយផ្សព្វផ្សាយ ​ដើម្បី​រំលឹកដល់​​ពលរដ្ឋ​ នៅ​ទូទាំងប្រទេស​កម្ពុជា។

 

 

១. ត្រូវ​គោរព​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក

 

-ការ​គោរព​ច្បាប់​ចរាចរណ៍​ត្រូវ​ផ្ដើម​ចេញ​ពី​យើង​ម្នាក់ៗ។ -ត្រូវ​ចេះ​អប់រំ​ខ្លួន​ឯង​ផ្ទាល់ គ្រួសារ មិត្តភ័ក្ដិ សហការី និង​សង្គម។ -ត្រូវ​ចងចាំ​ជានិច្ច​ថា ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ រាល់​ការ​ធ្វើ​ដំណើរ​តាម​​ទោចក្រយានយន្ត។ -អ្នកសារព័ត៌មាន ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​នានា។

 

២. សូម​​បន្តខិតខំបង្កើន​ការ​រាយការណ៍ ការ​ផ្សព្វផ្សាយ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ពាក់​មួក​សុវត្ថិភាព ជាពិសេស​លើ​ការ​គោរព​ច្បាប់ ដោយ​មន្ត្រី​​ចរាចរណ៍។ លោក​អ្នក​នឹង​ពិត​ជា​អាច​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ជា​ច្រើន តាម​រយៈ​សកម្មភាព​ដ៏​សាមញ្ញ​នេះ។

 

៣. ត្រូវ​បង្កើត​ការ​ផលិត​រឿង​ខ្លីៗ ឬ​ដាក់​បញ្ចូល​ខ្លឹមសារ​អប់រំ អំពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ជា​ការ​ក្រើនរំលឹក​ដល់​អ្នកទស្សនា ឱ្យ​កាន់​តែ​មាន​ការ​យកចិត្ត​ទុកដាក់ លើ​បញ្ហា​​សុវត្ថិភាព​ចរាចរណ៍​របស់​ខ្លួន សមាជិក​គ្រួសារ និង​អ្នកដទៃ។

 

៤. សូម​ពិនិត្យ​​លទ្ធភាព ដល់ម៉ោង​ផ្សាយ ឬ​ការ​ចាក់​ផ្សាយ​រឿង​អប់រំ​ខ្លីៗ ក្នុង​តម្លៃ​សមស្រប ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ឱ្យ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

 

៥. ត្រូវ​ណែនាំ​ដល់​ពិធី​ករ ឬ​ពិធី​ការិនី ប្រចាំ​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន ឱ្យ​ចូល​រួម​ធ្វើការ​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ​ខ្លីៗ អំពី​សុវត្ថិភាព​ចរាចរណ៍ ជា​ពិសេស​ពាក់ព័ន្ធ​ការ​ពាក់​មួក​សុវត្ថិភាព នៅ​ចុង​ម៉ោង​នៃ​កម្មវិធី​របស់​ពួកគេ។

 

៦. ត្រូវ​បង្កើន​ការ​ផលិត​​កម្មវិធី​ជា​ការ​ពិភាក្សា ដែល​មាន​ការ​ចូលរួម​ពី​វាគ្មិន​ជា​​អ្នក​ជំនាញ មក​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ទៅ​លើ​ប្រធាន​បទ​​ពាក់ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍ ។

 

អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ បាន​ធ្វើ​ឡើង​ក្នុង​​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌មានស្ដី​អំពី “រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា” កាល​ពី​ព្រឹកថ្ងៃទី ១៥ ខែ កក្ដដា ឆ្នាំ​២០១៥ កន្លង​ទៅ។   សូម​​បញ្ជាក់​​ថា ​ឆ្នាំ២០១៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​​ចំនួន ៤ ៦៤៥ ករណី ដោយមាន​​ជន​រង​គ្រោះ​​​ចំនួន ​​១៥ ៣១៥ នាក់។ ក្នុង​ចំណោម​​​​ជន​រង​គ្រោះសរុប ​មាន​អ្នក​ស្លាប់​ចំនួន ២ ២២៦ នាក់​ និង​របួសធ្ងន់ ​៦ ០០៥ នាក់ (គិត​ជា​​មធ្យម​ភាគ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៦នាក់ និង​របួស​ធ្ងន់​ជិត ១៧​នាក់​​​​​ក្នុង​​មួយ​ថ្ងៃ)។ ចំនួនអ្នកស្លាប់បានកើនឡើង ១៤% និង​អ្នករបួស​ធ្ងន់ ​បានកើន​ឡើង ៦% បើធៀប​នឹង​ឆ្នាំ​ ២០១៣៕  

ចុចអាន៖ មួក​សុវត្ថិភាពចំនួន​១ម៉ឺន​ចែក​ជូនដោយហុងដា

ចុចអាន៖ ប៉ូលិស​ផាក​ មាន​អារម្មណ៍​ខ្មាស​គេ​ ច្រើន​ជាង​អស់​លុយ​​?

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ