អត់លុយដូរពោះវៀន និងសំបកកង់ម៉ូតូថ្មី គួរធ្វើយ៉ាងម៉េច?
- 2015-08-05 17:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់លុយដូរពោះវៀន និងសំបកកង់ម៉ូតូថ្មី គួរធ្វើយ៉ាងម៉េច?
ចន្លោះមិនឃើញ
មិនមែនមនុស្សគ្រប់រូបយីអ៊ុនឡើងរាល់ថ្ងៃទេ វេលាខ្លះគឺត្រូវយីអ៊ុនដាក់ខ្លាំង ដល់ថ្នាក់ក្នុងខ្លួនមានលុយត្រឹមតែ ១ ម៉ឺន ឬ ២ ម៉ឺនរៀលប៉ុណ្ណោះ ហើយត្រូវជួបរឿងស៊យដូចជា ម៉ូតូធ្លាយ ត្រូវដូរទាំងពោះវៀន និងសំបកកង់ថែមទៀត។ តើអ្នកធ្លាប់ជួបរឿងនេះដែរឬទេ? បើជួប តើអ្នកធ្វើយ៉ាងម៉េច?
រូបតំណាង
សេង សុខលី បានចែករំលែកបទពិសោធន៍ថា ថ្ងៃមួយពេលខ្លួនកំពុងជិះម៉ូតូបណ្ដើរច្រៀងលេងបណ្ដើរ ដោយអារម្មណ៍ហោះហើរនោះ ស្រាប់ម៉ូតូបែកកង់ (កង់ក្រោយ) ត្រូវដូរទាំងពោះវៀន និងសំបកចេញ។ ចង្រៃចៃដន្យអីក្នុងខ្លួនយុវជនរូបនេះ សល់មិនដល់ ២ ម៉ឺនរៀលផង។
តើ សុខលី នឹងធ្វើយ៉ាងណានាគ្រានោះ?
ពេលនោះបែកនៅម្ដុំក្រោយវត្តលង្កា សុខលី មិនស្រួលចិត្តទេ ព្រោះត្រូវបណ្ដើរម៉ូតូរកកន្លែងប៉ះទាំងបែកញើសជោគខ្លួន។ អ្នកខេត្តស្វាយរៀងរៀបរាប់ថា "ជាងលាន់មាត់...ខ្ទេចហើយអាអូន! ម៉ូតូនេះត្រូវដូរពោះវៀន និងសំបកចេញ។ ខ្ញុំអេះអុញ ព្រោះគ្មានលុយគ្រប់ ហើយសួរគាត់វិញ បើដូរអស់ប៉ុន្មានពូ? ពោះវៀនអាអន់ ១ ម៉ឺន ៣ ពាន់ អាល្អ ១ ម៉ឺន ៨ ពាន់។ សំបកមានតែតម្លៃជាង ១០ ដុល្លារ"។
"ខ្ញុំប្រាប់គាត់ថា ខ្ញុំមានតែ ១ ម៉ឺនជាងទេេបង!”។ សុខលីបញ្ជាក់។ ក្រោយឮយ៉ាងដូច្នេះ ជាងម៉ូតូក៏ប្រាប់សុខលី ឱ្យដាក់ពោះវៀន និងសំបកកង់ជជុះ ព្រោះកន្លែងលោកក៏មានលក់ដែរ។
"កន្លែងគាត់សំបូរពោះវៀន និងសំបកម៉ូតូជជុះណាស់។ តម្លៃមានតាមល្អ និងអន់ដូចគ្នា បើពោះវៀនណាពីរបំណះ គាត់លក់ឱ្យ ៧ ពាន់ តែបើបីបំណះគាត់លក់ ៥ ពាន់រៀល។ ចំណែកសំបកវិញ ខ្ញុំឃើញនៅមានល្អៗអត់ទាន់សឹកក្រឡាខ្លាំង និងមានតម្លៃ ១ ម៉ឺន ១ ម៉ឺនជាង។ ចាំអីទៀត! ខ្ញុំឱ្យគាត់ដាក់...មានអីជិះបានពីរបីខែដែរតើ"។
ពាក់ព័ន្ធនឹងរឿងនេះដែរលោក ស្រេង អ្នកប៉ះកង់ ម៉ូតូ នៅបណ្ដោយផ្លូវ ២៧១ ក្បែរក្លឹបហាត់ប្រាណភ្នំពេញស្ពតក្លឹបប្រាប់ថា លោកក៏មានលក់ពោះវៀន និងសំបកកង់ជជុះដែរ ដើម្បីលក់ឱ្យអ្នកដែលពុំសូវមានលុយប្ដូរថ្មី។ ម្យ៉ាងលោកក៏អាចចំណេញបានតិចតួចពីការច្នៃពោះវៀន ដែលគេឈប់ត្រូវការដែរ។
ចំណែកលោក ជា ដា អ្នកប៉ះកង់ម៉ូតូ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរក្រុមហ៊ុនលក់ម៉ូតូមួយ បានលើកឡើងថា លោកតែងយកសំបកកង់ម៉ូតូចាស់ៗអាចប្រើបាន ដែលគេប្ដូរចោលមកទុក ដើម្បីលក់បន្ត។
"អ្នកមានលុយខ្លះ គេជិះបានតែបន្តិច ក៏ដូរសំបកថ្មី។ មើលទៅឃើញនៅល្អ ខ្ញុំក៏ទុកដាក់ឱ្យគេត ក្នុងតម្លៃធូរថ្លៃ ១ ម៉ឺន ២ម៉ឺន។ អ្នកដាក់មានអ្នករត់ម៉ូតូឌុប និងអ្នកដំណើរ ដែលមិនសូវមានលុយអ៊ីចឹងទៅណាអូន"។
យ៉ាងណាមិញលោក ស្មី អ្នករត់ម៉ូតូឌុបវ័យចាស់ មកពីខេត្តតាកែវបានប្រាប់ថា លោកជាញឹកញយតែងជ្រើសយកសំបកកង់ម៉ូតូជជុះ ធ្វើការផ្លាស់ប្ដូរ។
លោកថា "ថ្វីត្បិតវាមួយទឹកមែន តែគុណភាពវានៅល្អ។ យើងអាចយកសំបកកង់ណា ដែលនៅមានក្រឡាគួរសម ទើបប្រើបានយូរ។ នេះអាកង់ក្រោយ ខ្ញុំដាក់បាន២ខែហើយ ដូចអត់ទៅណាទេ"។ អ្នកប្រកបអាជីបរត់ឌុបជាង ៥ ឆ្នាំនេះបញ្ជាក់បន្ថែមថា ដើម្បីកាត់បន្ថយចំណាយ មានតែជ្រើសយកវិធីនេះ។
ទោះបីជាយ៉ាងណាការដូរបែបនេះមិនត្រឹមត្រូវតាមបច្ចេកទេសឡើយ ព្រោះអាចធ្វើឱ្យអ្នកបើកបរជួបការលំបាកផ្សេងៗដូចជា ជិះរ៉េ ផ្ទុះកង់កណ្ដាលផ្លូវពេលកំពុងបើកបរ នាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍។ នេះជាការលើកឡើងរបស់លោក សឿ ផល្គុន ប្រធានផ្នែកសេវាកម្ម នៃក្រុមហ៊ុន អិន ស៊ី អិច។
លោកថ្លែងថា ចំពោះអ្នកមានលុយមិនទុកយូរទេ បើឃើញសំបកកង់សឹកឬធ្លុះ គេនឹងប្ដូរថ្មីដើម្បីធានាសុវត្ថិភាព ប៉ុន្តែសម្រាប់អ្នកពុំសូវមានប្រាក់កាក់ ដូចជាអ្នកម៉ូតូឌុបជាដើម ពួកគេអាចប្រើសំបកប្រភេទនេះ ដើម្បីកាត់បន្ថយការចំណាយ។
យ៉ាងណាប្រធានផ្នែករូបនេះព្រមានថា សំបកកង់ប្រភេទនេះ គ្មានសុវត្ថិភាពក្នុងការបើកបរឡើយ ព្រោះអាចប្រឈមនឹងការមុតធ្លាយ ធ្វើឱ្យម៉ូតូរត់មិនស្រួល (ក្រវី) ឬ អាចផ្ទុះរ៉េចូលឡានជាដើម។ លោកថាអ្នកប្រើប្រាស់ត្រូវតែគិតពីសុវត្ថិភាពខ្លួនជាចម្បង មុនសម្រេចចិត្តប្រើសំបកកង់ប្រភេទនេះ៕
ប៉ះកង់ម៉ូតូសម័យថ្មីប្រើចរន្តអគ្គិសនី លឿនហើយសន្សំសំចៃទៀត
ម៉ូតូ១បំណះ ២០០០៛ ទេ តែបើប្រហែសប្រយ័ត្នអស់ដល់ម៉ឺន
អត្ថបទ៖ អ៊ុំ សុភក្តិ