វណ្ណ ស៊ីដារ៉ូ ពីកីឡាករម៉ារ៉ាតុងជម្រើសជាតិ ឥឡូវត្រៀមដឹកនាំកុនខ្នាតធំមានតួជាង ១២០នាក់
- 2015-08-06 16:18:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណ ស៊ីដារ៉ូ ពីកីឡាករម៉ារ៉ាតុងជម្រើសជាតិ ឥឡូវត្រៀមដឹកនាំកុនខ្នាតធំមានតួជាង ១២០នាក់
ចន្លោះមិនឃើញ
ក្រោយជោគជ័យលើការផលិតកុនខ្នាតខ្លីជាបន្តបន្ទាប់ ដោយធ្លាប់បានទទួលពានរង្វាន់ផងនោះ វណ្ណ ស៊ីដារ៉ូ ដែលមានអតីតភាពជាកីឡាករម៉ារ៉ាតុងជម្រើសជាតិនោះ ពេលនេះកំពុងត្រៀមខ្លួនធ្វើជាអ្នកដឹកនាំកុនខ្នាតធំមួយរឿងទៀតមានចំណងជើងថា "ផ្ទះសាហាវ" នៅអំឡុងពាក់កណ្ដាលខែកញ្ញាខាងមុខ។
យុវជនខាងលើបានបញ្ជាក់ថា ការពិតទៅភាពយន្តស្នាដៃដំបូងនេះ គឺមានការចូលរួមសហការពីផលិតករវ័យក្មេង ១៤ នាក់ផ្សេងទៀតជាសមាជិក" សម្ព័ន្ធយុវផលិតករវ័យក្មេងកម្ពុជា" ដែលពួកគេសុទ្ធសឹងតែមានសមត្ថភាពផលិតកុន និងធ្លាប់បានយកស្នាដៃដាក់ប្រកួតប្រជែងក្នុងមហោស្រពភាពយន្តនានាទៀតផង។
វណ្ណ ស៊ីដារ៉ូ និយាយថា៖" បច្ចុប្បន្នកំពុងរៀបចំក្រុមផលិត និងបន្ថែមខ្លឹមសារសាច់រឿងមួយចំនួនទៀត ឱ្យវាកាន់តែល្អ ចេញទៅគេចាប់អារម្មណ៍ ព្រោះកន្លងមក មិនទាន់មានអ្នកធ្វើរឿងបែបនេះទេ"។
អតីតកីឡាករជម្រើសជាតិផ្នែករត់ចម្ងាយរូបនេះបន្តថា ក្រុមការងារ ក៏កំពុងស្វែងរកដៃគូ ហ៊ានវិនិយោគទុនផងដែរ ព្រោះបើយោងតាមផែនការចំណាយ គឺមានរហូតដល់ ៥ ម៉ឺនដុល្លារអាមេរិកលើដំណើរការថត និងតួសម្ដែងប្រមាណ ១២៤ នាក់។ ម្យ៉ាងទៀត កន្លងមកមានតែសមាជិកក្រុមទេ ដែលបានបោះទុនសម្រាប់ដំណើរការថតខាងមុខ ដែលចំនួនសរុប នៅមិនអាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយ។
ជាមួយគ្នានោះ ដើម្បីឱ្យដំណើរការផលិតជាលើកដំបូងនេះ កាន់តែទទួលបានជោគជ័យ វណ្ណ ស៊ីដារ៉ូ អះអាងថា រូបគេបានស្កាត់ជួបសុំការប្រឹក្សាយោបល់ពីរៀមច្បងអ្នកដឹកនាំរឿងមួយចំនួនដូចជា ឯកឧត្ដម ម៉ៅ អាយុទ្ធ លោក ឆាយ បូរ៉ា និងលោក សុខ វិសាល ជាដើម។
"ពួកគាត់មានការគាំទ្រ និងដាស់តឿនឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលផលិត ព្រោះអាហ្នឹងងាយធ្វើឱ្យយើងរាងចាលណាស់ អ្នកខ្លះរាងចាលមួយជីវិត"។ វណ្ណ ស៊ីដារ៉ូ បញ្ជាក់បន្ថែម។ ប្រធានក្រុមរូបនេះបន្តថា "ផ្ទះសាហាវ" ឆ្លុះបញ្ចាំងពីទិដ្ឋភាពក្នុងទីក្រុងមួយ ដែលមានអំពើឃាតកម្មកើតឡើងជាបន្តបន្ទាប់ ដែលកន្លងមកមិនធ្លាប់មានអ្នកផលិតរឿងប្រភេទនេះទេ។
ខាងលើនេះជាដើមចមនាំឱ្យអ្នកនិពន្ធ និងដឹកនាំរឿងដដែល សង្ឃឹមទទួលបានជោគជ័យខ្ពស់ ជាមួយនឹងអំណះអំណាងថា បានយល់ច្បាស់តម្រូវការរបស់ទស្សនិកជនបច្ចុប្បន្ន បើទោះបីជារឿងខ្មោច និងកំប្លែងកំពុងវាយលុកយ៉ាងណាក៏ដោយ។
ប្រធានក្រុមរូបនេះយល់ថា កន្លងមកផលិតកម្មធំៗមិនសូវផ្ដល់ឱកាសបង្ហាញសមត្ថភាព ឬដុសខាត់សមត្ថភាពដល់ផលិតករវ័យក្មេងនោះទេ ធ្វើឱ្យពួកគេមិនអាចរីកចម្រើនទៅមុខ ដែលជាមូលហេតុចម្បងធ្វើឱ្យវិស័យកុនខ្មែរមិនរីកចម្រើនដូចគ្នាដែរ។ដារ៉ូ ស្នើឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ ទាំងអ្នកដឹកនាំរឿងវ័យក្មេង និងតារាសម្ដែងផងដែរ៕
អានអត្ថបទ៖ ពែកមី បកស្រាយរឿងពីក្រោយបទ “ទឹកភ្នែកបងថ្លៃ”
អានអត្ថបទ៖ នាយ ឃ្លោក បានងារជាឧកញ៉ាមួយទៀត តែនៅតែនឹកទស្សនិកជន
អត្ថបទ៖ សំ ជំនាញ