ក្មេងស្រីម្នាក់មាន IQ លើអ្នកប្រាជ្ញល្បី Albert Einstein និង Stephen Hawking
- 2015-08-07 22:18:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីម្នាក់មាន IQ លើអ្នកប្រាជ្ញល្បី Albert Einstein និង Stephen Hawking
ចន្លោះមិនឃើញ
ជារឿងមួយមិនគួរឲ្យជឿដែលក្មេងស្រីជនជាតិអង់គ្លេសម្នាក់ មានសមត្ថភាពប្រលងដោយទទួលបានពិន្ទុ IQ ខ្ពស់លើសអ្នកប្រាជ្ញល្បី Albert Einstein និងStephen Hawking។
ក្មេងស្រីអាយុ១២ឆ្នាំឈ្មោះ Nicole Barr មកពីក្រុងតូច Harlow តំបន់ Essex ប្រទេសអង់គ្លេស។ នាងបានធ្វើតេស្តប្រលងសមត្ថភាព IQ នៃសមាគមអន្តរជាតិ Mensa IQ Test កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ជាលទ្ធផលនាងទទួលបានពិន្ទុចំនួន១៦២ ដែលជាកម្រិតពិន្ទុមួយខ្ពស់ ពោលគឺច្រើនជាងពិន្ទុ IQ របស់អ្នកប្រាជ្ញល្បី Albert Einstein និងលោកសាស្ត្រាចារ្យអង់គ្លេសល្បី Stephen Hawking ចំនួន២ពិន្ទុ។
ឪពុកម្ដាយ រួមទាំងសាមីខ្លួន Nicole រីករាយជាខ្លាំងពេលឮដំណឹងនេះ។ អ្នកស្រី Dolly Buckland ម្ដាយរបស់ Nicole បានប្រាប់សារព័ត៌មានអង់គ្លេសThe Mirror ថា "នាងជាក្មេងឆ្លាត ហើយឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយតែងតែរីករាយជាមួយកិច្ចការសាលារបស់នាង។ តាំងពីតូចនាងចូលចិត្តស្វែងយល់ពីរឿងរ៉ាវផ្សេងៗក្នុងសៀវភៅ"។
ចំពោះពិន្ទុ IQ របស់ Nicole ត្រូវបានគេចាត់បញ្ចូលជាពិន្ទុលំដាប់ខ្ពស់កម្រិត១ភាគរយនៃមនុស្សឆ្លាតក្នុងពិភពលោក ដែលមានន័យថានាងឆ្លាតជាងលោក Albert Einstein និងលោកStephen Hawkingទៅទៀត។ នេះបើតាមអ្នកនាំពាក្យសមាគមអន្តរជាតិ Mensa លោក Ann Clarkson។
ចំពោះមនុស្សវ័យជំទង់ភាគច្រើន កម្រិតពិន្ទុ IQ ជាមធ្យមរបស់ពួកគេមាន១០០ពិន្ទុ ខណៈពិន្ទុលើសពី១៤០ត្រូវបានចាត់ទុកថាមនុស្សឆ្លាត។
Nicole សព្វថ្ងៃកំពុងសិក្សាក្នុងថ្នាក់ទី៧នៃសាលា Burnt Mill Academy ហើយចំណង់ចំណូលចិត្តរបស់នាងគឺអានសៀវភៅ ច្រៀងចម្រៀង និងមើលរឿង។ កាលនៅថ្នាក់បឋមសិក្សា Nicole អាចដោះស្រាយបានលំហាត់ពីជគណិតដ៏លំបាក តាំងតែពីនាងមិនទាន់គ្រប់អាយុ១០ឆ្នាំផង៕
លោក Stephen Hawking
លោក Albert Einstein
ប្រែសម្រួល៖ មាន រតនា ប្រភព៖ mirror