​ម៉ូតូ​ចាស់​ៗស្ទក់​ៗ​គេ​ធ្វើ​អី​ចឹង​​ទេ

  • 2015-08-20 17:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ដែល​មាន​អាយុ​កាល​​យូរ​ឆ្នាំ​ ដែល​អ្នក​​ប្រើប្រាស់​​មួយ​ចំនួន​មិន​បាន​ថែទាំ​​​បាន​ដិតដល់​អាច​ជួប​ហានិភ័យ​​​ខ្ពស់​ជាពិសេស​ទៅ​លើ​ម៉ាស៊ីន​​​ដែល​បណ្ដាល​​ឲ្យ​ម៉ាស៊ីន​មាន​សភាព​ស្ទក់​ៗ​ ​​ចុងក្រោយ​​អាច​ក្លាយ​ជា​អេតចាយ​បើ​​មិន​​ប្រញាប់​យក​ទៅ​ជាង​​ជួសជុល​ទាន់​ពេល​វេលា។

 

លោក​ វិសាល ជាង​ជួសជុល​ម៉ូតូ​ម្តុំ​ទួល​សង្កែ​ បាន​ឲ្យ​ដឹង​ថា ការ​ពិត​ទៅ​ស្ទើរ​តែ​ម៉ូតូ​ចាស់​ៗ​មាន​បញ្ហា​ស្ទក់​ៗ ឬ ហុយ​ផ្សែង​មិន​ឈប់​ទោះ​ដូរ​ប្រេង​ម៉ាស៊ីន​ល្អ​តម្លៃ​ថ្លៃ​យ៉ាង​ណា​ក្តី។ ជាង​ជួសជុល​រូប​នេះ​បន្ត​ថា​ ចង់​ឲ្យ​ម៉ូតូ​លែង​មាន​បញ្ហា​បែប​នេះ​ត្រូវ​ពុះ​ម៉ាស៊ីន​ ដោយ​ការ​ពុះ​នេះ​គឺ​ដោះ​ម៉ាស៊ីន​មក​កោស​ស្នឹម​ដែល​ជាប់​យូរ​ឆ្នាំ​ ឬ​ត្រូវ​ដូរ​ម៉ាញុង​ចាស់​ៗ​ចេញ និង​ពិនិត្រ​មើល​រ៉ង​ដែល​ដាច់។

 

ការ​ដោះ​ដូរ​នេះ​ត្រូវ​ប្រើ​រយៈ​ពេល​ប្រហែល​ ១ ព្រឹក​ទៅ​ ១ ​ថ្ងៃ បើ​មិន​រវល់​ព្រោះ​ត្រូវ​ចំណាយ​ពេល​លើ​ការ​កោស​ស្នឹម​ លាង​សំអាត​ឲ្យ​បាន​ដិត​ដល់​សម្រាប់​ភ្ញៀវ។ សម្រាប់​តម្លៃ​នៃ​ការ​ពុះ​ម៉ាស៊ីន​ចាប់​ពី ៥ ម៉ឺន​រៀល​ឡើង​ទៅ​តាម​ម៉ាស៊ីន​ដែល​មាន​ស្នឹម​ច្រើន។

 

វិសាល​ថា ការ​ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​សម្រួល​ដល់​ម៉ូតូ​ដែល​ចាប់​ផ្ដើម​ខ្សោយ​ ឬ មាន​បញ្ហា​បាន​មួយ​ផ្នែក​ធំ​ដែរ តែ​សម្រាប់​ការ​ម្ចាស់​ម៉ូតូ​ទាំង​នេះ​ត្រូវ​មាន​ការ​ថែ​ទាំ​ជិត​ដល់​ដូច​ជា​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ញឹក​ញាប់​តាម​ការ​ជិះ​ឆ្ងាយ​ជិត។ មួយ​វិញ​ទៀត​ត្រូវ​ប្រើ​សាំង​ល្អ​សម្រាប់​ការ​ជួយ​សម្រួល​ដល់​ម៉ាស៊ីន ព្រោះ​បើ​ម៉ូតូ​យើង​ថ្មី​ប្រើ​សាំង​អ្វី​ក៏​បាន​ដែរ។

 

 

អត្ថបទ៖ ដារ៉ាឆានី​