វណ្ណ ស៊ីដារ៉ូ តំណាងកម្ពុជាចូលរួមកម្មវិធី FLY ២០១៥ នៅប្រទេសកូរ៉េ
- 2015-08-22 15:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណ ស៊ីដារ៉ូ តំណាងកម្ពុជាចូលរួមកម្មវិធី FLY ២០១៥ នៅប្រទេសកូរ៉េ
ចន្លោះមិនឃើញ
អ្នកដឹកនាំរឿងវ័យក្មេង វណ្ណ ស៊ីដារ៉ូ មានឱកាសចូលរួមនៅក្នុងកម្មវិធី FLY ២០១៥ រៀបចំឡើងនៅប្រទេសកូរ៉េ អំឡុងខែ វិច្ឆិកា ខាងមុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជាមួយសមាជិកមកពីប្រទេសអាស៊ានទាំង ១០ ផ្សេងទៀត។
យុវជន វណ្ណ ស៊ីដារ៉ូ ដែលជាអ្នកត្រៀមចូលរួម ១ រូបដែរនោះ បាននិយាយថា FLY ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយប្រទេសជាសមាជិកអាស៊ាន ត្រូវប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំ។ រូបគេបានដាក់ពាក្យតាំងពីឆ្នាំមុនមកម្ល៉េះ ដោយមានការណែនាំពីប្រធាននាយកដ្ឋានភាពយន្តលោក ស៊ិន ច័ន្ទសាយ៉ា។ ឆ្នាំនេះ មានស្នាដៃភាពយន្តខ្លីបានច្រើន ទើបអ្នករៀបចំកម្មវិធីសម្រេចជ្រើសរើស។
“ខ្ញុំរំភើបណាស់ ព្រោះបំណងមានយូរហើយ ប៉ុន្តែដោយសារកន្លងមកមានបទពិសោធន៍តិចតួចពេក ទើបពន្យារពេលដល់ពេលនេះ។ ដារ៉ូ បញ្ជាក់មកកាន់ Sabay មុននេះ។
អ្នកដឹកនាំរូបនេះបន្តដោយបង្ហាញជំនឿថា រយៈពេល ១៥ ថ្ងៃក្នុងកម្មវិធីខាងលើ ពិតជាមានសារសំខាន់សម្រាប់អ្នកដឹកនាំរឿងវ័យក្មេងដូចជារូបគេ ដោយបានជួបទទួលបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញផ្នែកភាពយន្តពិតប្រាកដ ខណៈកន្លងមកធ្លាប់សិក្សាតែតាម Internet ។ អតីតបេក្ខភាពជយលាភីកម្មវិធី "ពេជ្រកំពុងច្នៃ" ខាងលើអះអាងថា នឹងនាំយកបទពិសោធន៍មកចូលរួមពង្រឹងកុនខ្មែរបន្ថែមទៀត។
ទោះបីជាយ៉ាងណា វណ្ណ ស៊ីដារ៉ូ ក៏បានបង្ហាញការព្រួយបារម្ភផងដែរ សម្រាប់ដំណើរទៅប្រទេសកូរ៉េជាលើកដំបូង ដែលអាចមានផលប៉ះពាល់ខ្លះដល់ដំណើរការផលិតកុនខ្នាតធំមានចំណងជើងថា"ផ្ទះសាហាវ" ជាស្នាដៃនិពន្ធ និងដឹកនាំរបស់គេ។ មុនពេលចេញដំណើរជាផ្លូវការ រូបគេត្រូវចំណាយពេល ២ ខែ ដើម្បីពិភាក្សាកុនជាមួយសមាជិកពីប្រទេសផ្សេងទៀតតាម Online៕
អានអត្ថបទ៖ លែងលះប្ដីភ្លាម ម៉ៅ ស៊ីណាត ទៅកែសម្ផស្សអស់១២៥០០ដុល្លារ
អានអត្ថបទ៖ ថន លក្ខិណា និយាយអ្វីខ្លះពីកីឡាករជម្រើសជាតិកម្ពុជា?
អត្ថបទ៖ សំ ជំនាញ