ភាពយន្ត​បុរាណ​ខ្មែរ ២ សាច់រឿង​ស្រដៀងគ្នា​នឹង​រឿង​ហូលីវូដ

  • 2015-08-26 18:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ភាពយន្ត​ខ្មែរ ២ រឿង​ដែល​និពន្ធ​ឡើង​តាំងពី​យូរ​នោះ បែរ​ជា​សាច់​រឿង​មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ភាពយន្ត​ហូលីវូដ​ទៅ​វិញ។ ភាពយន្ត​បុរាណ​ខ្មែរ​ទាំងនោះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​ប្រទេស ហើយ​ចំពោះ​រឿង​ហូលីវូដ​ឯណោះ​វិញ​គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពាសពេញ​ពិភពលោក​ដូចគ្នា​ដែរ។ ចង់​ដឹង​ថា​មាន​រឿង​អ្វី​ខ្លះ​នោះ សូម​តាមដាន​ខាងក្រោម​នេះ៖

 

១.រឿង ទុំ ទាវ និង Romeo and Juliet

 

 

ទុំ​ទាវ គឺជា​រឿង​បុរាណ​ខ្មែរ​បរិយាយ​ពី​ស្នេហា​ប្ដូរផ្ដាច់​របស់​កំលោះ​ក្រមុំ​មួយ​គូ​កាល​សម័យ​លង្វែក និង​ជា​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​ប្រជាជន​កម្ពុជា។ អ្នក​ទាំងពីរ​ត្រូវ​យាយ​ផាន់ ដែល​ជា​ម្ដាយ​នាង ទាវ តួឯក​ស្រី​តាម​បំបែក​ដោយ​ចាប់​បង្ខំ​នាង​ទាវ​ឲ្យ​រៀបការ​ជាមួយ​អ្នក​នេះ ជាមួយ​អ្នក​នោះ​​រហូត​ដល់​បង្ខំ​ឲ្យ​អ្នក​ទាំងពីរ​ជ្រើសរើស​ផ្លូវ​ស្លាប់។

 

 

ចំណែក​ឯ Romeo and Juliet គឺជា​សាច់​រឿង​របស់​គូស្នេហ៍​កម្សត់កម្រ​មួយ​គូរ​ដែរ ដែល​​ផ្អែក​តាម​រឿង​ព្រេង​និទាន​របស់​អ៊ីតាលី។ ​ស្នេហា Romeo and Juliet មិន​អាច​ជួប​គ្នា​បាន​ ព្រោះ​គ្រួសារ​អ្នក​ទាំងពីរ​មាន​ទំនាស់​នឹង​គ្នា។ វា​ត្រូវ​បាន​គេ​សរសេរ​ឡើង​រវាង ឆ្នាំ ១៥៩១-១៥៩៥  និង​បោះ​ពុម្ព​លើក​ដំបូង​ឆ្នាំ ១៥៩៧។ រឿង ទុំ ទាវ និង Romeo and Juliet ដូចគ្នា​ត្រង់​សេចក្ដី​ស្នេហា​រវាង​គូស្នេហ៍​ពីរ​គូ​នេះ ត្រូវ​បាន​គេ​តាម​បំបែក​រហូត​ដល់​ស្លាប់​ទាំងអស់​គ្នា។

 

២.មរណៈ​មាតា និង ព្រះនាង Cinderella

 

 

"មរណៈ​មាតា" ជា​ភាពយន្ត​កម្សត់​ស្រក់​ទឹកភ្នែក​ស្ទើរ​គ្រប់​ឈុត​ឆាក។ រឿង​នេះ​ចង់​និយាយ​ពី​ការ​ធ្វើបាប​របស់​ម្ដាយ​ចុង និង​បងប្អូន​ស្រី​ពីរ​នាក់​ទៀត​មក​លើ​កូន​ស្រី​ដើម ក្រោយ​ពេល​ម្ដាយ​ស្លាប់ តែ​បែរ​ជា​បុរស​ជា​ប្ដី និង​ជា​ឪពុក​មិន​បាន​យកចិត្ត​ទុកដាក់​ចំពោះ​កូន​ស្រី​ច្បង​ឡើយ។ តែ​អំពើ​ល្អ​​តែង​ជា​អ្នក​​ឈ្នះ​អំពើ​​អាក្រក់​ ដោយ​ចុងក្រោយ មរណៈ​មាតា បាន​ជួប​តួឯក​ប្រុស​ដែល​ជា​ស្ដេច​គ្រប់គ្រង​ប្រទេស ហើយ​អ្នក​ដែល​ធ្វើបាប​នាង ​គឺ​វិនាស​ទាំងអស់។

 

 

រីឯ​រឿង​ព្រះនាង "Cinderella" គឺ​ជា​រឿងនិទាន​បុរាណ​មួយ​ដ៏​ល្បីល្បាញ​បំផុត​នៅ​អឺរ៉ុប។ Cinderella  គឺ​បរិយាយ​ពី តួឯក​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មួយ​រូប​ដែល​តែង​ត្រូវ​បាន​ម្ដាយ​ចុង និង​បងប្អូន​ស្រី​ចុង​ពីរ​នាក់​ធ្វើបាប ច្រណែន​ជានិច្ច។ ហើយ​អ្វី​​ធ្វើឲ្យ​អ្នក​ទស្សនា ​ថា​រឿង​នេះ​ដូចគ្នា គឺ​តួឯក​ប្រុស​គឺ​ព្រះអង្គម្ចាស់​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហា បាន​តាម​ស្វែងរក​ទាល់​តែ​ឃើញ៕

 

អត្ថបទ៖ទ្រី រ៉ាវី ប្រភព៖wikipedia