អ៊ុន ម៉ាលីស ស្កាត់​ពី​ស្វាយ​រៀង​មក​សិក្សា​ចម្រៀង​មហោរី ព្រោះ​ខ្លាច​បាត់បង់

  • 2015-09-22 17:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ុន ម៉ាលីស បាន​ស្កាត់​មក​ភ្នំពេញ ដើម្បី​សិក្សា​ឯកទេស​ចម្រៀង​មហោរី​នៅ​សាកល​ភូមិន្ទ​វិចិត្រ​សិល្បៈ ព្រោះ​តែ​ខ្លាច​បាត់បង់​មរតក​ដូន​តា​មួយ​នេះ។

 

ដាលីស បាន​និយាយ​ថា៖ "ឥឡូវ​គេ​ទៅ​សម័យ​អស់​ហើយ ខាង​បុរាណ​យើង​អត់​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទេ។ ខ្ញុំ​រៀន​ចម្រៀង​បុរាណ​ដោយ​សារ​ចង់​រក្សា​មរតក​ដូន​តា​ខ្មែរ​យើង"។ នាង​បន្ត​ថា ការ​ពិត​ទៅ ចម្រៀង​មហោរី​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់ ប្រសិន​បើ​យល់​ដឹង​ច្បាស់លាស់ នោះ​ការ​ច្រៀង​បទ​សម័យ​កាន់​តែ​ងាយ​ស្រួល​មិន​ខាន។

 

 

 

នាង​បញ្ជាក់​ម្យ៉ាង​ទៀត​ថា គួរ​តែ​ចូលរួម​លើកស្ទួយ​នូវ​កេរ្តិ៍មរតក​ដូនតា​បុព្វបុរស​បាន​បន្សល់​ទុក​ឱ្យ ក្នុង​ការ​បន្ត​ការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្រាប់​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត។ នាង​បន្ត​ថា៖ "មិន​មែន​ថា យើង​មិន​គាំទ្រ​បរទេស​ទេ ប៉ុន្តែ​បើ​គាំទ្រ​ជ្រុល​ហួសហេតុ​ពេក​នាំ​ឱ្យ​បាត់បង់​អ្វី​ជា​របស់​ខ្មែរ​មិន​ខាន"។ យុវតី​រូប​នេះ​សង្ឃឹមថា ពេល​ណា​មួយ​យុវវ័យ​ជំនាន់​ក្រោយ​នឹង​ទទួល​ស្គាល់ ហើយ​ចូលរួម​គាំទ្រ​ឡើង​វិញ​មិន​ខាន។

 

កូន​ស្រី​កសិករ​មក​ពី​ខេត្ត​ស្វាយ​រៀង​ខាង​លើ មាន​បំណង​ក្លាយ​ជា​គ្រូ​បង្រៀន​ជំនាញ​ចម្រៀង​មហោរី​នេះ​តែ​ម្ដង ដើម្បី​មាន​ពេល​វេលា​យូរ​អង្វែង​ក្នុង​ការ​បណ្ដុះបណ្ដាល​សិស្ស​បន្ត​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ថែរក្សា​កុំ​ឱ្យ​បាត់បង់។ ទោះ​បី​ជា​យ៉ាង​ណា បច្ចុប្បន្ន​នាង​ក៏​កំពុង​សិក្សា​ជំនាញ​ស្មូត​ផង​ដែរ ព្រោះ​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​រក​ចំណូល​ទៅ​អនាគត។

 

បច្ចុប្បន្ន អ៊ុន ម៉ាលីស ក៏​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គោព្រៃ​ផង​ដែរ នាង​ត្រូវ​បាន​សមាជិក​ផ្សេង​ទៀត​នាំ​គ្នា​ហៅ​ថា ជា​គ្រាប់​ពេជ្រ​នៅ​ក្នុង​ក្រុម​ចម្រៀង ដែល​មាន​និន្នាការ​មិន​ចម្លង​មួយ​នេះ។ នាង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ភាគ​ច្រើន​តាម​រយៈ​បទ​ចម្រៀង "បុប្ផា​ក្រវាន់​អង្គរ" និង​ បទ "ប្រាសាទ​បុរាណ​ឋាន​ទេសចរណ៍" ជា​ដើម។

 

ជាមួយ​គ្នា​នោះ ឌីជេ អាចារ្យ​ធំ ជា​សមាជិក​ម្នាក់​ផង​នោះ ​បាន​បញ្ជាក់​ថា សំឡេង​របស់​យុវតី​ខាង​លើ​ពីរោះ ហើយ​កម្រ​រក​បាន​សំឡេង​ដូច​នាង។ ម្យ៉ាង​ទៀត ម៉ាលីស មាន​ទេពកោសល្យ​ក្នុង​ការ​ប្រើប្រាស់​សំឡេង​ទៀត​ផង។ លោក​បន្ត​ថា Original Song របស់​នាង​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​មិន​សរសើរ​មិន​បាន​អម​ដោយ​សំឡេង​ពីរោះ​រណ្ដំ៕

 

អាន​អត្ថបទ៖  អ៊ុន សិទ្ធា ​តារា​សម្តែង​សោះ ប្រលង​គំនូរ​​ជាប់​លេខ១ប្រចាំ​ប្រទេស​ និង​លេខ​៦​លើ​ឆាក​អន្តរជាតិ

អាន​អត្ថបទ៖ បេក្ខភាព Cambodian Idol ម៉ៅ ហាជី៖ “ខ្ញុំ​មិនមែន​ជា​មនុស្ស​​​វាយឫក​ទេ”

 

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី