ទឹកធ្លាក់​ក្បាលឆាយ ​ជម្រើស​ចុងក្រោយ តែ​សប្បាយ

  • 2015-09-25 15:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​ដំណើរ​ពី​ភ្នំពេញ​ម៉ោង​ប្រមាណ ១២ ថ្ងៃ​ត្រង់​តាម​ផ្លូវជាតិ​លេខ​ ៣ សំដៅ​ទៅ​កែប ​អារម្មណ៍​ខ្ញុំ​​មិន​សូវ​ស្រួល​សោះ ព្រោះ​តែ​​ធុំក្លិន​ឡាន​ហៃឡែនឌ័រ តែ​អារម្មណ៍​ឈឺក្បាល ចង់​ក្អួត​ចង្អោរ បាន​រសាយបន្តិច​ ក្រោយ​បើក​កញ្ចក់ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ ​តាម​តំបន់​ជនបទ។ ខ្ញុំ​ពិតជា​ប្លែក​ភ្នែក ដែល​យូរ​ៗ​ទៅ​ម្ដង​យ៉ាង​ដូច្នេះ។

 

 

ដល់​ឆ្នេរ​កែបភ្លាម ភាព​​តានតឹង​កាន់​តែ​បាត់បង់ភ្លែត ​ជំនួស​​មក​វិញ​ដោយភាព​ស្រស់ស្រាយ ក្រោយ​ឃើញ​ពណ៌​ទឹកសមុទ្រ លឺ​សំឡេង​​រលក​បោក​ច្រាំង​ក្ដាំងៗ រួមជាមួយ​​ខ្យល់អាកាស​បរិសុទ្ធ​ ខុស​ប្លែក​ពីទីក្រុង​ភ្នំពេញ ដែល​ពោរ​​ពេញ​ដោយ​ភាព​អាប់អួរ។ កែប​ជា​គម្រោង​ទី​មួយ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ និង​មិត្តភ័ក្តិ។

 

គេង​មួយ​យប់ ហើយ​ព្រឹក​ឡើង​ឡាន​ហៃឡែនឌ័រ មាន​មនុស្ស​មួយ​ក្រុម​ដែល​ជា​មិត្តភ័ក្ដិ​ចាស់ បាន​វិល​កង់​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំបូកគោ។ ជា​ថ្មី​ម្ដង​ទៀត​អារម្មណ៍ ខ្ញុំ​ហាក់​មិន​នៅ​ក្នុង​ខ្លួន ខណៈ​មិត្ត​ឯទៀត​ក៏​កំពុង​តែ​ផ្ចង់​​អារម្មណ៍ មើល​ទេសភាព​ដែល​ពុំ​ធ្លាប់​ឃើញ។ មែន​ហើយ! យើង​មិន​ដែល​បាន​មក​លេង​ម្ដង​ណា​ឡើយ។ ឡាន​ជា​លក្ខណៈ​គ្រួសារ បាន​ផ្លាស់ទី​ក្នុង​ល្បឿន​ល្មម តាម​ចង្កេះ​ភ្នំ​កាច់កុង ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំ ដោយ​មិន​ដឹង​ថា​ខ្ពស់។ តាម​ផ្លូវ​​ខ្ញុំ​សង្កេត​ឃើញ​ថា មានព្រៃឈើ ផ្ទាំង​ថ្ម​ស្រស់​ស្អាត ​ស្លាក​សញ្ញា​ P (កន្លែងចត) ធុងសម្រាម និង ស្លាក​ហាម​មិន​ឱ្យ​ភ្ញៀវ​ចុះ​ញ៉ាំអាហារ​តាម​ផ្លូវ​ជា​ដើម បើ​មិន​ដូច្នេះ​ទេ​អ្នក​នោះ​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ តាម​ការ​កំណត់។ នេះ​ប្រហែល​ជា​គេ​ខ្លាច​ខូច​សណ្ដាប់​ធ្នាប់ នៃ​ឋានសួគ៌​មួយ​នេះ បើ​តាម​ខ្ញុំ​គិត។

 

តាម​ផ្លូវ​ខ្ញុំ​បាន​ឆ្លងកាត់​​កន្លែង​លោក​យាយ​ម៉ៅ។ មិន​នឹក​ស្មាន​ថា រូប​សំណាក់​លោកយាយ​ម៉ៅ ធំ​ដល់​ម្លឹង​សោះ! និយាយ​ទៅ​មនុស្ស​មិន​ដែល​ធ្លាប់​ដើរ​លេង ឃើញ​អី​ក៏​ប្លែក​ដែរ។ យើង​បាន​ចូល​ចត​ឡាន ដើម្បី ​អុជ​ធូប​បួងសួង​សុំ​សេចក្ដី​សុខ និង​អ្វី​ដែល​អត់​ភ្លេច​នោះ​គឺ​ថត​រូប​អនុស្សាវរីយ៍។

 

យើង​ក៏​បាន​​បន្ត​ដំណើរ​ទៅ​កាន់​គោលដៅ។ ដល់ហើយ! ដល់ហើយ! នោះ​កាស៊ីណូ ស្អាត​ម៉េស! អូ...មើល​អ័ព្ទ! មើល​​គ្នា​អត់​ឃើញ​ទេ។ បើ​អ្នក​ធ្លាប់​ទៅ​ ច្បាស់​ជា​មិន​គិត​ដូច​ខ្ញុំ​ទេ តែ​សម្រាប់​ខ្ញុំ វា​ពិត​ជា​ប្លែក ហើយ​ខ្ញុំ​សរសើរ​ចំពោះ​អច្ឆរិយ​​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នេះ។ ថត​រូប​អនុស្សាវរីយ៍​រួច​ហើយ យើង​ក៏​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កាស៊ីណួ​ចាស់។ ស្អាត​ណាស់! តែ​ឡាន​ស្ទើរ​ទៅ​មុខ​មិន​រួច ព្រោះ​តែ​ផ្សែង​អ័ព្ទ​ក្រាស់​ឃ្មឹក រួម​ទាំង​មាន​ភ្លៀង​ស្រិចៗ ហើយ​យើង​ក៏​ឈប់​ឡាន​រង់ចាំ​ដល់​ភ្លៀង​រាំង ទើប​នាំ​គ្នា​មួយ​ក្រុម​ដើរ​សំដៅ​ទៅ​អគារ​បុរាណ ស្ថិត​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់។ អាច​និយាយ​បាន​ថា រាង​​កម្សត់​បន្តិច​ព្រោះ​តែ​អគារ​នេះ ស្ទើរ​តែ​គ្មាន​មនុស្ស​ទៅ​ទស្សនា​ទៅ​ហើយ (ថ្ងៃ​ដែល​ខ្ញុំ​ទៅ) ក្រៅ​ពី​អ័ព្ទ​ក្រាស់​ឃ្មឹក ដែល​ខ្ញុំ​មិន​​ដែល​ជួប ខ្ញុំ​ថែម​ទាំង​បាន​ឃើញ​ជ្រោះ​ដ៏​ជ្រៅ បើ​មើល​នៅ​ក្រោយ​អគារ។ សុំ​បើក​វង់ក្រចក​បន្តិច បើ​ចង់​ទៅ​លេង​លើ​ភ្នំ​បូកគោ សូម​ទិញ​អាហារ​ពី​ក្រៅ​ឱ្យ​ហើយ ព្រោះ​ទី​នោះ​គ្មាន​អ្វី​លក់​ឡើយ ក្រៅ​ពី​អាហារ​នៅ​ក្នុង​កាស៊ីណូ។ នេះ​ខ្ញុំ​សូម​រៀបរាប់​ត្រួសៗ​ពី​សម្រស់​របស់​បូកគោ…។

 

 
 
 

មនុស្ស​អ៊ូអរ សើច​សប្បាយ រួម​​សំឡេង​រៃ​យំ​អម​ដោយ​សំឡេង​ទឹកជ្រោះ​ឈូឆរ នេះ​ហើយ​រមណីយដ្ឋាន «ទឹកធ្លាក់​ក្បាលឆាយ» ជា​ជម្រើស​ចុងក្រោយ បន្ទាប់​ពី​យើង​ត្រឡប់​មក​ពី​កំពង់​សោម តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​បួន។​

 

ទឹកធ្លាក់​ក្បាល​ឆាយ ស្ថិត​នៅ​ស្រុក​ព្រៃនប់​ចម្ងាយ​ប្រហែល ៧ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះសីហនុ ទឹកដី​ផែ​ដ៏​សំខាន់​របស់​កម្ពុជា ហើយ​បត់​ឆ្វេង​ប្រមាណ​ជា​៦​គីឡូ​​ម៉ែត្រ​ទើប​ដល់។

 

ពិត​ជា​សំបូរ​មនុស្ស​មែន! ថ្ងៃ​នោះ​ខ្ញុំ​ទៅ​ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​បាក់​ឌុប​មួយ​ថ្ងៃ។ ទាំង​ប្រុស​ទាំង​ស្រី​ម្នាក់ៗ​នាំ​គ្នា​សើច​សប្បាយ ហាក់​ដូច​ជា​ពេញ​ចិត្ត​ខ្លាំង​នឹង​តំបន់​ធម្មជាតិ​មួយ​នេះណាស់។ អ្នក​អង្គុយ​ញ៉ាំ​អាហារ នាំ​គ្នា​ញ៉ាំ​អាហារ អ្នក​ព្រោកប្រាជ្ញ​នាំ​គ្នា​ព្រោកប្រាជ្ញ​ អ្នក​លេង​បៀ​ជក់​ដៃ​កាប់​ការ៉េ​ហាយ រីឯ​អ្នក​ជល់​កែវ​​ជល់​​មាន​ទំនួល​ខុស​ត្រូវ។ អ្នក​ថត​រូប​នាំ​គ្នា​ថត​រូប អ្នក​លេង​ទឹក​នាំគ្នា​លេង​ទឹក អស់​ហើយ​អារម្មណ៍​តានតឹង តែ​តឹង​អី​តែ​ខ្ញុំ​ការ៉េ​ពីរ​ជាន់​ហើយ សល់​ហាយ​ទៀត​​ឱ្យ​លុយ​គេ​ឡើង​​ល្ងឹត​មុខ ហឺ...រវល់​តែ​មើល​ស្រី​ស្អាត អត់​បាន​ស៊ី​បៀ​គេ គេ​ឌុប​សង់​គេ​វិលក្បុង​ទៀត ហាសហា សុំ​បើក​វង់ក្រចក​បន្តិច​ហើយ​កុំ​ប្រកែប្រកាន់​អី!។

 

រ​រសៀល​យើង​អត់​ទាន់​បាន​ញ៉ាំ​បាយ​ទេ​ក៏​កុម្ម៉ង់​អី​ញ៉ាំ មើល​មីនុយ មែន​ណ៎​ថ្ងៃ​ណា​មាន​មនុស្ស​ច្រើន​អ្វីៗ​ក៏​ថ្លៃ​​​ដែរ មាន់​មួយ ៦ ម៉ឺន​រៀល ត្រី​​រ៉ស់​មួយ ៤ ម៉ឺន​រៀល កន្លែង​អង្គុយ​២​ម៉ឺន អ្ហើយ! លុយ​ស្ដើង​ផង ព្រោះ​អី​ដើរ​ច្រើន​កន្លែង មាន់​មួយ​ហូប​គ្នា ៦ នាក់ ហាសហាស​ម្នាក់ៗ​មើល​មុខ​គ្នា​សើច។ បើ​ប្រិយមិត្ត​ចង់​ទៅ​កន្លែង​នេះ​​ឱ្យ​អស់​លុយ​តិច​ទិញ​អាហារ​ពី​ក្រៅ​ទៅ​ផង ​ហើយ​ជួល​តែ​កន្លែង​បាន​ហើយ។

 

ល្ងាច​បន្តិច​យើង​ក៏​នាំ​គ្នា ឡើង​ឡាន​មក​ផ្ទះ​វិញ បើ​គិត​ទៅ​ ដើរ​លេង​គ្នា ​៦ នាក់ ឡាន​ខ្លួន​ឯង បាន​បួន​កន្លែង (ដេក​ពីរ​យប់ កែប និង​កំពង់​សោម) ហើយ​អស់តិច​ទៀត​ ដោយ​​ម្នាក់អស់​តែ ៥០ ទៅ ៦០​ ដុល្លារប៉ុណ្ណោះ ហើយ​អ្វី​ដែល​យើង​ទទួល​បាន​គឺ​បាន​ឃើញ​តំបន់​ទេសចរណ៍​​​ស្អាតៗជាពិសេស​ «បូកគោ»​ និង ​«ទឹកធ្លាក់​ក្បាលឆាយ»៕

 

 

 

 

ចុចអាន៖ រក​ឃើញ “កន្ធាយ​ក្បាល​​កង្កែប​” ដែល​​​​ជិត​​ដាច់​​ពូជ​​ ​នៅ​​វត្ត​​សសរ​ ១០០ ខេត្ត​ក្រចេះ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ រូបថតទូរសព្ទដៃ