​នាឡិកា​ដៃ

  • 2015-09-25 21:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​តូច​មក​ទល់​ពេល​មាន​ការងារ​ធ្វើ​ដូច​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ពុំ​សូវ​មាន​មិត្ត​ភក្ដិ​ភេទ​ប្រុស​ច្រើន​ទេ​ គឺ​មាន​តែ​២​-៣​នាក់​ប៉ុណ្ណោះ​ ព្រោះ​យើង​រៀន​ជាមួយ​គ្នា​តាំង​ពី​បឋម​ដល់​វិទ្យាល័យហើយ​ឥលូវ​រឹត​តែ​ខ្សត់​ទៅទៀត​។ បើ​ទោះ​ជា​ពេល​នេះ​​ យើង​ខាន​ជួប​មុខ​និង​បាត់​ទំនាក់ទំនង​ពី​គ្នា​​មែន​ តែ​ខ្ញុំ​នៅ​តែ​ចាំ​ឈ្មោះ​ពួក​គេ​ជានិច្ច​ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​ហើយ​ ដែល​តែ​ជួយ​ពន្យល់​ខ្ញុំ​កាល​នៅ​រៀន​ជាមួយ​គ្នា។​

 

ក្នុង​ចំណោម​មិត្ត​ផ្ទុយ​ភេទ​ទាំង៣​នាក់​របស់​ខ្ញុំ​ ប្រសិទ្ធ​ ជា​ក្មេង​ឆ្លាត​ជាង​គេ​ ហើយ​ក៏​ជា​មិត្ត​រៀន​ថ្នាក់​ជាមួយ​ខ្ញុំ​រហូត​ផង​ដែរ​ តាំង​ពី​ថ្នាក់​ទី​៥​រហូត​ដល់​ទី​១១។​ គេ​រៀន​ពូកែ​គ្រប់​មុខ​ មិន​ថា​អក្សរ​សាស្ត្រ​ ឬគណិតសាស្ត្រ​នោះ​ទេ​ បើ​និយាយ​ពីមុខ​វិជ្ជា​សង្គម​វិញ​ គេ​សូត្រ​ឡើង​ចាំ​មាត់​តែ​ម្ដង។​

 

ខ្ញុំ​មាន​អនុស្សាវរីយ​ល្អ​ៗ​ជាច្រើន​ជាមួយ​ប្រសិទ្ធ  ទាំង​ពេល​រៀន​ និង​ពេល​លេង​។​ ខ្ញុំ​ជា​ក្មេង​ស្រី​កម្ជិល​ម្នាក់​ ស្អប់​ណាស់​រឿង​កត់​មេរៀន​ ហើយ​និង​ធ្វើ​កិច្ចការ​ផ្ទះ​ តែ​ចុង​ខែ​ម្ដង​ៗ​ចំណាត់​ថ្នាក់​ខ្ញុំ​នៅ​ក្នុង​តារាង​កិត្តិយស​ក្បែរ​ៗ​ ប្រសិទ្ធ​ ជានិច្ច។​ ហេហេ​ មិន​មែន​ជា​រឿង​ងាយ​ទេ​ ដែល​ចង់​យក​ប័ណ្ណ​សរសើរស្ទើរ​រាល់​​ខែ​នោះ តែ​ដូច​បកចេកទុំ​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​មាន​ក្មេង​ម្នាក់​ចាំ​ចម្លង​មេរៀន​ឲ្យ​ និង​ឲ្យ​ចម្លង​ចម្លើយ​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​ និង​លំហាត់​ក្នុង​ថ្នាក់​ម្ដងៗ គឺ​ ប្រសិទ្ធ នោះ​អី។​

 

យើង​ក្លាយ​ជា​មិត្តភក្ដិ​ស្និទ្ធស្នាល​និង​គ្នា​ រហូត​ដល់​មិត្ត​ភក្ដិ​ក្នុង​ថ្នាក់​យល់​ច្រលំ​ថា​ ជា​សង្សារ​គ្នា។​ អធ្យាស្រ័យ​ផង​! អត់​ដែល​មាន​ ហើយ​ក៏​អត់​ចង់​ស្គាល់​ពាក្យ​ថា​ «សង្សារ​» តាំង​ពី​ហ្នឹង​មក​ទល់​សព្វ​ថ្ងៃ​ ឡើង​អ្នក​ធ្វើ​ការ​ជាមួយ​ហៅ​ខ្ញុំ​ថា​ «កញ្ញា​ Forever Alone» ​ទៅ​ហើយ។

មាន​ថ្ងៃ​មួយ​នោះ​ ខ្ញុំទៅ​រៀន​ម៉ោង​គណិត​យឺត​ជាង​កន្លះ​ម៉ោង​ ដោយសារ​បែកកង់​ម៉ូតូ ចំពេល​គ្រូ​ដាក់​លំហាត់​ប្រចាំ​ខែ​ទៀត។​ ទាយ​មើល​ ​ខ្ញុំ​បាន​ពិន្ទុ​ប៉ុន្មាន​ បើ​ខ្វះ​តែ​១៥​នាទី​ទៀត​ ដល់​ម៉ោង​ប្រមូល​កិច្ចការ​ទៅ​ហើយ​នោះ។​

 

អ្នក​ទាំងអស់​គ្នា​ប្រហែល​ទាយ​មិន​ត្រូវ​ទេ​។​ គឺ​ថា​១០០​ពិន្ទុ​កប់ៗ​ចឹង​ហ្មង​ ព្រោះ​ថា​ស្រី​រៀន​មិន​ពូកែ​ តែ​ឆ្លាត​ម្នាក់​នេះ​ កញ្ឆក់​ក្រដាស​កិច្ចការ​របស់​ ប្រសិទ្ធ​ បាន​ យក​ទឹក​លុប​មក​លុប​ឈ្មោះ​ម្ចាស់​គេ​ ដាក់​ឈ្មោះ​ខ្លួន​ឯង​វិញ​យ៉ាង​ស្អាត។​ គួរ​ឲ្យ​អាណិត​ប្រសិទ្ធ​ដែរ​ អត់​ហ៊ាន​មាត់​ទេ​ ហើយ​ខែ​ហ្នឹង​​​ឈ្មោះ​ ប្រសិទ្ធ នៅ​ក្រោមឈ្មោះ​​ខ្ញុំ​ម្ដង​ ក្នុង​តារាង​កិត្តិយស។

 

បើ​និយាយ​ពី​រឿង​ធ្វើ​ដំណើរ​វិញ​​ ប្រសិទ្ធ​ ជា​តៃកុង​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ​ ព្រោះ​គេ​ត្រូវ​ទៅ​យក​ខ្ញុំ​ពី​ផ្ទះ​ទៅ​សាលា​ និង​ជូន​ខ្ញុំ​ពី​សាលា​មក​ដាក់​ដល់​មាត់​ទ្វា​ផ្ទះ​រាល់​ថ្ងៃ។​ សំខាន់​ធ្វើ​បាប​ម៉េច​ ក៏​ម្នាក់​ហ្នឹង​មិន​ចេះ​រអ៊ូ​ មិន​ចេះ​ខឹង​ដែរ​ ដឹង​ជំពាក់​កម្ម​ពៀរ​ខ្ញុំ​ ប៉ុន្មាន​តោន​ទេ។​

 

ចូល​ដល់​ថ្នាក់​ទី​១១​ ប្រសិទ្ធ​ រៀន​មិន​សូវ​ខ្លាំង​ដូច​មុន​ទេ​។ ឮគេ​រអ៊ូ​ប្រាប់​ខ្ញុំ​ថា​ ប៉ា​ម៉ាក់​គេ​ឧស្សាហ៍​ឈ្លោះ​គ្នា​ ព្រោះ​ប៉ា​គេ​មាន​ទាក់ទង​ជាមួយ​មនុស្ស​ស្រី​ខាង​ក្រៅ។​ ខ្ញុំ​អាណិត​គេ​ដែរ​ តែ​មិន​ដឹង​ជួយ​យ៉ាង​ម៉េច​ បាន​ត្រឹម​និយាយ​លើក​ទឹក​ចិត្តបន្តិច​បន្តួច។

 

ជាង​មួយ​ខែ​ក្រោយមក​ ប្រសិទ្ធ​ ប្រាប់​ថា​ ជម្លោះ​រវាង​ប៉ា​និង​ម៉ាក់​គេ​កាន់​តែ​ធ្ងន់ធ្ងរ​ ឈាន​ដល់​លែងលះ​គ្នា​ ព្រោះ​ប៉ា​គេ​ឈ្លក់​នឹង​ស្រី​ក្មេង​ដក​លែង​បាន។​ ជា​លើក​ទី​១​ ដែល​ខ្ញុំ​ឃើញ​ ប្រសិទ្ធ​ យំ​នៅ​មុខ​ខ្ញុំ​ ព្រោះ​ក្មេង​ប្រុស​ម្នាក់​នេះ​ រឹងមាំ​ ហើយ​ស្ងប់ស្ងៀម​ខ្លាំង​ណាស់។​ ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ មាន​តែ​យំ​ជាមួយ​គេ​ដែរ។​

 

មុនប្រលង​​ឆមាស​ទី​១​មក​ដល់​ ការ​សិក្សា​របស់​​ ប្រសិទ្ធ​ ធ្លាក់​ចុះ​ច្រើន​ណាស់​ ដ្បិត​គេ​នៅ​ជួយ​មើល​មុខ​របរ​ម្ដាយ ដែល​ធ្លាក់​ខ្លួន​រង​ជំងឺ​ផ្លូវ​ចិត្ត​ ក្រោយ​ប៉ា​របស់​គេ​ចាកចេញ​ទៅ។​ លទ្ធផល​ឆមាស​ទី​១​របស់​គេ​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ សិស្ស​ពូកែ​មិន​ធ្លាប់​ធ្លាក់​ពី​តារាង​កិត្តិយស​ បែរ​ជា​ប្រលង​ប៊ិះ​ធ្លាក់។​

 

រដូវ​វិស្សមកាល​តូច​មក​ដល់​ ខ្ញុំ និង​ប្រសិទ្ធ​ មិន​បាន​ជួប​គ្នា​ញឹកញាប់​ដូច​មុន​ទេ​ តែ​ថ្ងៃ​មួយ​ខ្ញុំ​ឮ​ដំណឹងដ៏រន្ធត់​ថា​ ផ្ទះ​របស់​គេ​ឆេះ​ខ្ទេច​ខ្ទី​ ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង។​​ ឱ​ ប្រសិទ្ធ​ អើយ! ឯង​កំពុង​ជួប​ទុក្ខ​ហើយ​ បែរ​ជា​មក​ជួប​រឿង​អញ្ចឹង​ទៀត។​

 

ខ្ញុំ​បាន​យក​ខោអាវ​ និង​របស់​ញ៉ាំ​បន្តិចបន្តួច​ទៅ​ឲ្យគេ​។​ ប្រសិទ្ធ​ និយាយ​ទាំង​មុខ​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ថា​ គេ​ប្រហែល​ត្រូវផ្លាស់​ទៅ​នៅ​ស្រុក​កំណើត​ម្ដាយ​ហើយ​ បើ​នៅ​ទី​នេះ​ទៀត​ មិន​ដឹង​រំពឹង​អី​ទេ​ ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំងអស់​ ត្រូវ​អគ្គី​ត្របាក់​យក​អស់​ហើយ។​

 

ប្រសិទ្ធ​ ត្រូវ​ឈប់​រៀន​ទាំង​កណ្ដាលទី​។​ ខ្ញុំ​អាណិត​គេ​ នឹក​គេ​ បារម្ភ​គេ​ មិន​ចង់​ឲ្យ​គេ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ​ ព្រោះយើង​ទាំង​ពីរ​ដូច​ជា​បង​ប្អូន​បង្កើត​ទៅ​ហើយ។​ ថ្ងៃ​គេ​ចេញ​ទៅ​ស្រុក​ ខ្ញុំ​បាន​ជូន​ដំណើរ​គេ​ ហើយ​ហុច​នាឡិកា​មួយ​គ្រឿង​ទៅ​ឲ្យ​គេ​។​ ខ្ញុំ​ និង​ប្រសិទ្ធ​ ឱបគ្នា​ហើយ​យំ​ យំ​ជាង​៥​នាទី​ទើប​ឈប់។​

 

តាំង​ពី​នោះ​មក​ យើង​ដាច់​ទំនាក់ទំនង​គ្នាឈឹង​តែ​ម្ដង។​ ចង់​រក​ ប្រសិទ្ធ​ ឲ្យ​ឃើញ​ តែ​មិន​ដឹង​រក​ដោយ​របៀប​ណា​ បើ​កាល​នោះ​រវល់​តែ​យំ​ ភ្លេច​សួរ​ថា​ ទៅ​នៅ​ស្រុក​ណា​ ខេត្តណា​ ឈឹង។​

 

ខ្ញុំ​បាន​បញ្ចប់​បាក់ឌុប​ដោយ​ជោគជ័យ​ ហើយ​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ​ភ្លាម​ ជា​ក្រុមហ៊ុន​របស់​មិត្តភក្ដិ​បងប្រុស​ខ្ញុំ។​ ខ្ញុំ​នៅ​តែ​នឹក​ដល់​ ប្រសិទ្ធ​ ព្រោះ​បើ​គ្មាន​គេ​ជួយ​បង្ហាត់​បង្រៀន​ខ្ញុំ​កាល​រៀន​ជាមួយ​គ្នា​ទេ​ ខ្ញុំ​ប្រហែល​ប្រលង​បាក់ឌុប​មិន​ជាប់​ ហើយ​ក៏​គ្មាន​ឱកាស​ការងារ​នៅ​ថ្ងៃ​នេះ​ដែរ។​

 

ថ្ងៃ​មួយ​ ខ្ញុំ​ធ្វើ​ការ​ថែម​ម៉ោង​រហូត​ដល់​យប់។​​ ពេល​ជិះ​ចេញ​ពី​ធ្វើ​ការ​ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា​ មាន​ម៉ូតូ​មួយ​តាម​ពី​ក្រោយ​ខ្ញុំ​។​ ខ្ញុំ​លឿន​ គេ​លឿន​ ខ្ញុំ​បង្អង់​ គេ​បង្អង់​ដែរ។​ មើល​តាម​កញ្ចក់ឃើញ​មនុស្ស​ប្រុស​២នាក់​ ពាក់​ម៉ាស និង​មួយ​ឃ្លុប​ជិត​ទាំង​២​នាក់​ ខ្ញុំ​រឹត​តែ​បុក​ពោះ​ខ្លាំងឡើង​ៗ​ ខំ​ប្រឹង​បន្ថែម​ល្បឿន​ម៉ូតូ។​

 

ស្មាន​មិន​ខុស​ទេ​ សម្លេង​ម៉ូតូ​ខាង​ក្រោយ​កាន់​តែ​មក​កៀក​ ម្នាក់​ជិះ​ក្រោយ​កញ្ឆក់​កាបូប​ខ្ញុំ​ឡើង​ដាច់​ខ្សែ​។​ ចោរ​ទាំង​ពីរ​បើក​កាន់​តែ​លឿន​ តែ​ចៃដន្យ​មាន​ឡាន​មួយ​មក​ពីមុខ​។​ ផាំង​!!! ជន​បាត​សង្គម​ទាំង​២​ដួល​ត្រលប់​ត្រឡិន​ សន្លប់​ស្ដូកស្ដឹង​ពេញ​ថ្នល់។​

 

ចំណែក​ខ្ញុំ​ ដាក់​ជន្ទល់​ម៉ូតូ​ចុះ​ ភ័យ​ស្ទើរ​រាគ​នោម​ ញ័រ​សាច់​ទទ្រើក​។​ ប៉ូលីស​ និង​អ្នក​ដំណើរ​តាម​ផ្លូវ​ចោម​រោម​មើល​ចោរ​ ខ្ញុំ​ឯណេះ​មិន​ទាន់​ហ៊ាន​ទៅ​អើតអា​ចង្រៃ​ទាំង​២​នាក់​នោះ​ទេ​ ព្រោះ​នៅ​ភ័យ​នៅ​ឡើយ។​

 

សម្រួល​ចិត្ត​បាន​បន្តិច​ ខ្ញុំ​ដើរ​មួយ​ៗ​ទៅ​មើល​មុខ​ជន​បង្ក​នោះ។​ គ្រាន់​តែ​ឃើញ​មុខ​ចោរ​ភ្លាម​ ខ្ញុំ​ទន់​ជើង​ដួល​គ្រឹប។​ ម្នាក់​អង្គុយ​ក្រោយ​នោះ​ បែក​ក្បាល​ពី​ក្រោយ​ធ្លាយ​ខួរ​ ដៃ​ពាក់​នាឡិកា​ដែល​ខ្ញុំ​ធ្លាប់​ទិញ​ឲ្យ​ ព្រះ​អើយ​មិន​គួរ​ឲ្យ​ជឿ​ទេ​ គេ​គឺ​ «ប្រសិទ្ធ»​ មិត្ត​ល្អ​​តែ​មួយ​ក្នុង​ការ​ចងចាំ​របស់​ខ្ញុំ។​

 

ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​ ម្ដាយ​របស់​ ប្រសិទ្ធ​ បាន​ស្លាប់​តាំង​ពី​ទៅ​ដល់​ស្រុក​បាន​៣​ខែ​ម្ល៉េះ។​ ប្រសិទ្ធ​ ​ត្រូវ​ប្រើ​ជីវិត​រសាត់អណ្ដែត​ ដូច​កូន​ទូក​ឥត​ច្រវា​ កណ្ដាល​វដ្ដសង្សារ​ជីវិត​ ដោយ​សារ​តែ​បងប្អូន​នៅ​ឯ​ស្រុក​ មិន​បានបីបាច់​ថែ​រក្សា​គេ​ឡើយ។​ គេ​បាន​ធ្លាក់​ខ្លួន​ចូល​ក្រោម​ការ​អូស​ទាញ​របស់​ពួក​បង​តូច​បងធំ​ ផឹក​ស្រា​ ជក់​បារី​ ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយ​ចុង​ក្រោយ​ក្លាយ​ជា​ចោរ​លួច​ ចោរ​ឆក់​ ដើម្បី​ចិញ្ចឹម​ក្រពះ​ និង​ទិញ​ថ្នាំ​ញៀន។​ ខ្ញុំ​ដឹង​រឿង​នេះ​ ពី​ដៃ​គូ​របស់​គេ​ដែល​នៅ​រស់​ ក្រោយ​របួស​ធ្ងន់​ពេល​បើក​ម៉ូតូ​បុក​ឡាន។​

 

ជីវិត​មនុស្ស​​ពិត​ជា​មិន​ទៀង​មែន​ ពេល​ខ្លះ​មិន​ចង់​ធ្វើ​ តែ​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ។ សូម​ទៅ​ឲ្យ​បាន​សុខ​ ហើយ​ជាតិ​ក្រោយ​យើង​ធ្វើ​ជា​មិត្តភក្ដិ​និង​គ្នា​ទៀតណា​ ប្រសិទ្ធ។​ អរគុណចំពោះ​ការ​​ថែ​រក្សា​នាឡិកា​ ដែល​ខ្ញុំ​បាន​ឲ្យឯងតាំង​​ពី​ថ្ងៃ​បែក​គ្នា​។​ ខែ​ក្រោយ​ជាខួប​២​ឆ្នាំ​របស់​ឯង​ហើយ​ ខ្ញុំ​នឹង​ទៅ​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ ឧទ្ទិស​កុសល​ឲ្យ​ឯង​ដូច​ឆ្នាំ​មុន​អញ្ចឹង​ ហើយ​ឆ្នាំ​បន្ទាប់​ទៅ​ ក៏​ខ្ញុំ​​មិន​ភ្លេច​ដែរ។​​ ប្រសិទ្ធ​ ខ្ញុំ​នឹក​ឯង​ណាស់​សម្លាញ់។​

 

ដោយ​ អង្គារ៍វឌ្ឍនា

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទពេញនិយម