អ្នក​ធ្វើ និង​អ្នក​បរិភោគ​សាច់​​​ឆ្កែឆ្កួត អ្នក​ណា​ងាយ​ឆ្លង​ជំងឺ​ជាង?

  • 2015-09-30 18:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពុំ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយអំពី​ "ជំងឺ​ឆ្កែឆ្កួត" ​ប្រជាពលរដ្ឋមួយ​ចំនួន​រស់​នៅ​តាម​តំបន់​ជន​បទ​ បាន​​នាំ​គ្នា​បរិភោគ​សាច់​ឆ្កែ ​ផ្ទុក​ជំងឺ​ឆ្កែឆ្កួតជាអាហារ ដោយ​មិន​ដឹង​ពី​ការ​ឆ្លង​ជំងឺ​ឡើយ។ តើ​រវាង​​អ្នក​ធ្វើ និង​អ្នក​បរិភោគ អ្នក​ណា​ងាយ​​ឆ្លង​មេរោគ​ជាង?

 

 

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ មន្ត្រី​ផ្នែក​អេពីដេមី​សាស្ត្រ និង​សុខភាព​សាធារណៈ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថ្លែង​ថា ​អ្នក​ធ្វើ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ជាង ព្រោះ​អ្នកធ្វើ​ជា​អ្នក​ប៉ះពាល់​សត្វ ខណៈ​អ្នក​បរិភោគ​ក៏​ឆ្លង​ដែរ បើ​សិន​ជា​សាច់​មិន​ឆ្អិន​ល្អ។

 

"បើ​សិន​ជា​សាច់​ចម្អិន​ឆ្អិន​ល្អ មេរោគ​ងាប់​អស់​ហើយ តែ​អ្នក​ដែល​រងគ្រោះ​ជាងគេ​គឺ​អ្នកធ្វើ ព្រោះ​ដៃ​ប៉ះ​​ឈាម ប៉ះ​​សាច់​ឆ្កែ"។ លោក លី សុវត្ថិ បន្ថែម។

 

មន្ត្រី​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រូប​នេះ មាន​ប្រសាសន៍​​ថា ជំងឺ​ឆ្កែ​ឆ្កួត​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​តាម​រយៈ ស្បែក​ដាច់​រលាត់ ខាំក្រញ៉ៅ ឬលិទ្ធ​ត្រង់​កន្លែង​មាន​របួស។ លោក​បន្ត​ថា ​ដើម្បី​ការពារ​ការ​ឆ្លង បើ​សិន​ជា​ចង់​បរិភោគ​ខ្លាំង អ្នក​ធ្វើ​ត្រូវ​ពាក់​ស្រោម​ដៃ និង​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ ប៉ុន្តែ​​​យក​ល្អ​មិន​ត្រូវ​បរិភោគ ឬ​ធ្វើ​សត្វ​ព្រៃ​សត្វ​​ស្រុក ដែល​មាន​ជំងឺ​កាច​សាហាវ​នេះ​ឡើយ។

 

ជំងឺ​ឆ្កែ​ឆ្កួត ជា​ជំងឺ​​កាចសាហាវមួយ បណ្ដាល​មក​ពី​​ឆ្លង​វីរុស Lyssaviruses។ ពេល​សត្វ​ (ឆ្កែ ឬ​ ឆ្មា) ដែល​ផ្ទុក​វីរុស​នេះ​ខាំ ក្រញៅ ឬ​លិទ្ធមុខរបួស ​វីរុសនឹង​ឆ្លង​ទៅកាន់​ជាលិកា​ក្រោម​ស្បែក និង​សាច់ដុំ។ បន្ទាប់​មក មេរោគ​​នឹង​ចូល​ទៅកាន់​​ប្រព័ន្ធ​ប្រសាទ​ រួច​បន្ត​​ទៅ​ខួរក្បាល ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ ​ផ្លាស់ប្ដូរ​ឥរិយាបថ។

 

បើ​យោង​តាម​ការ​សិក្សា​ របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ក្នុង​ចំណោមប្រជាជនខ្មែរ​ ១០០ នាក់ មាន​ ៥ នាក់ ត្រូវ​បាន​ឆ្កែ​ខាំ ហើយ​ "ជំងឺ​ឆ្កែ​ឆ្កួត" បាន​សម្លាប់​មនុស្ស ៨០០ នាក់ជា​រៀងរាល់​ឆ្នាំ៕

 

ចង់​ដឹង​ពី​របៀប​ការពារ​ជំងឺ​ឆ្កែឆ្កួត សួម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី