ផលប៉ះពាល់ធំៗ៥យ៉ាង នៃការចាក់សាក់ ដែលអ្នកគួរដឹង
- 2015-10-19 20:43:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ធំៗ៥យ៉ាង នៃការចាក់សាក់ ដែលអ្នកគួរដឹង
ចន្លោះមិនឃើញ
ការចាក់សាក់លើដងខ្លួន កំពុងពេញនិយមនៅប្រទេសជាច្រើនក្នុងលោក ដោយសារតែវាអាចបង្កើនភាពទាក់ទាញ ហើយវាក៏ជាសិល្បៈនៃការឆ្នៃប្រឌិតមួយលើរាងកាយ។ វាមានតាំងពីសម័យបុរាណមកម្ល៉េះ ដែលគេសាក់យ័ន្តគាថាក្នុងជំនឿមន្តអាគម។ ការសាក់មិនមែនជារឿងខុសឆ្គងអ្វីនោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់មួយចំនួនដល់សុខភាពផងដែរ បើយោងតាមការស្រាវជ្រាវមួយចំនួន។ អ្នកស្រីវេជ្ជបណ្ឌិត Marie Leger អ្នកជំនាញខាងរោគស្បែកពីមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ New York បានបង្ហាញផលប៉ះពាល់ធំៗ៥យ៉ាង នៃការសាក់លើ ចំពោះសុខភាពស្បែកដូចខាងក្រោម៖
១. ងាយឆ្លងរោគ
ការសាក់អាចបង្កមេរោគ និងងាយឆ្លងចូលទៅក្នុងស្បែកប្រសិនបើការសាក់នោះធ្វើឡើងដោយគ្មានអនាម័យជាពិសេសទឹកថ្នាំសម្រាប់សាក់។ ការស្រាវជ្រាវក្នុងឆ្នាំ២០១២ បានបង្ហាញថានៅក្នុងទឹកថ្នាំសាក់ពណ៌ប្រាក់ម្យ៉ាងអាចជ្រាបក្នុងស្បែក និងប្រតិកម្មងាយឆ្លងបាក់តេរីម្យ៉ាងឈ្មោះ Mycobacteria ដែលឲ្យងាយឆ្លងរោគផ្សេងៗ។
២. ប្រតិកម្មស្បែក
សាក់បង្ករោគសើស្បែក និងរមាស់ស្បែកជាពិសេសស្នាមសាក់ជាន់គ្នាច្រើន ដែលអាចបង្កជាប្រតិកម្មរមាស់ស្បែកក្នុងរយៈពេលយូរណាមួយបាន។ អ្នកស្រី Leger បានលើកឡើងពីអ្នកជំងឺម្នាក់ដែលរងផលប៉ះពាល់នេះក្រោយពេលបានសាក់បន្ថែមលើស្នាមសាក់ចាស់។
៣. មហារីកស្បែកដោយស្នាមជាំខ្មៅ
ស្នាមសាក់ជាប់មួយចំនួនបង្កជាមហារីកស្បែកធ្ងន់ធ្ងរ ព្រោះវាធ្វើឲ្យគ្រាប់កោសិកាស្បែកម៉្យាង ឈ្មោះ Squamous និង កោសិកា Basal រីកច្រើនខុសពីធម្មតា ដែលបង្កជាមហារីកស្បែក។ ក្នុងឆ្នាំ២០១៣ អ្នករងគ្រោះម្នាក់កើតជំងឺនេះដោយសារស្នាមសាក់ជាំខ្មៅហើយត្រូវការប្រើពន្លឺឡាហ្ស៊ែរទើបបាញ់កម្ចាត់បាន។
៤. រលាកស្បែកដោយកម្ដៅថ្ងៃ
ការការពារស្បែកពីកម្ដៅថ្ងៃខ្លាំង គឺដើម្បីចៀសវាងពីបញ្ហារលាកស្បែកធ្ងន់ធ្ងរ ប៉ុន្តែចំពោះអ្នកមានស្នាមសាក់គឺធ្វើឲ្យស្បែកងាយរងកម្ដៅថ្ងៃធ្ងន់ធ្ងរធ្វើឲ្យមានបញ្ហារលាកស្បែកកើតឡើងបាន។ ក្នុងឆ្នាំ២០១៤ ការស្រាវជ្រាវមួយលើអ្នកទៅលេងនៅឆ្នេរខ្សាច់ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា៤២ភាគរយនៃអ្នកទៅលេងមានស្នាមសាក់លើខ្លួន រងការរលាកដោយកម្ដៅថ្ងៃ ដោយមានស្បែកក្រហមជាំខ្លាំង។
៥. រលាកស្បែកពេលត្រួតពិនិត្យ MRI
អ្នកមានស្នាមសាក់ជាំខ្មៅច្រើនគឺពិបាកនៅពេលត្រួតពិនិត្យសុខភាពដោយប្រើនីតិវិធី MRI (Magnetic Resonance Imaging ) ដោយប្រើរលកម៉ាញេទិចដើម្បីពិនិត្យ។ ករណីឆ្នាំ២០១១ កីឡាករបាល់ទាត់ម្នាក់មានស្នាមសាក់លើខ្លួនត្រូវរងរលាកស្បែកដោយសារការពិនិត្យ MRI៕
ខាងលើនេះជាចំណុចប៉ះពាល់ធំៗដែលបង្ហាញដោយអ្នកស្រីវេជ្ជបណ្ឌិត Marie Leger ប៉ុណ្ណោះ។ អាចនៅមានផលប៉ះពាល់ផ្សេងទៀតនៃស្នាមសាក់ចំពោះសុខភាពស្បែក បើតាមការស្រាវជ្រាវជាច្រើនទៀត។ យ៉ាងណាក្ដី ប្រសិនបើអ្នកប្រុងប្រយ័ត្ន នោះបញ្ហាក៏កាន់តែកាត់បន្ថយទៅតាមនោះដែរ៕
ចុចអាន៖ ប្រុសៗចងសក់ទៅក្រោយញឹកញាប់ពេក ប្រយ័ត្នទំពែក
ចុចអាន៖ ក្រសួងអប់រំថៃប្រកាសថាសិស្សមានស្នាមសាក់ក៏អាចចូលរៀនវិជ្ជាជីវៈបានដែរ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ huffingtonpost