គង់ សុធារិទ្ធ សម្រេចចិត្តចូលរោងការបញ្ចប់មន្ទិលស្នេហ៍ចាស់
- 2015-10-27 20:26:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ សុធារិទ្ធ សម្រេចចិត្តចូលរោងការបញ្ចប់មន្ទិលស្នេហ៍ចាស់
ចន្លោះមិនឃើញ
គង់ សុធារិទ្ធ បានសម្រេចចិត្តចូលរោងការហើយ ដើម្បីបញ្ចប់មន្ទិលសង្ស័យចាស់ ស្របពេលជីវិតទទួលជោគជ័យបណ្ដើរៗទាំងការងារជាមន្ត្រីរដ្ឋ ក៏ដូចជាមុខរបរផ្ទាល់ខ្លួន។
“ខ្ញុំគិតថាវ័យដល់ហើយ និងចង់ឱ្យជីវិតមានលំនឹងច្បាស់លាស់ផង ព្រោះកាន់តែចាស់ដែរហើយ"។ សុធារិទ្ធ ថ្លែងមកកាន់ Sabay ព្រឹកនេះ។ អនុប្រធានការិយាល័យកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌រូបនេះបន្តថា អាពាហ៍ពិពាហ៍របស់លោកប្រព្រឹត្តទៅនៅថ្ងៃ ៨ វិច្ឆិកាខាងមុខនៅមជ្ឈមណ្ឌលទួលគោក។ តារារូបនេះថា កម្មវិធីមង្គលមានលក្ខណៈសាមញ្ញធម្មតាតាមលទ្ធភាព ដោយអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណ ៧០ តុ ដែលភាគច្រើនជាអ្នករួមអាជីពសិល្បៈ។
ដោយឡែកអតីតគូស្នេហ៍ចាស់ កែវ ច័ន្ទសម្ផស្ស និងស្វាមីរបស់នាង ក៏នឹងបង្ហាញវត្តមានចូលរួមកម្មវិធីមង្គលនោះផងដែរ ក្នុងនាមជាអ្នករាប់អានគ្នាដូចជាបងប្អូន។
យោងតាមធៀបការទើបធ្លាយចេញបង្ហាញថា ភរិយារបស់ គង់ សុធារិទ្ធ គ្រោងចូលរោងការឆាប់ៗនេះឈ្មោះ ហ៊ុន ចាន់ណេត ជាបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយល្បីល្បាញក្នុងស្រុកមួយ។ ពួកគេបានស្គាល់គ្នាជាង ៣ ឆ្នាំកន្លងមកហើយ ដោយបានស្វែងយល់ចិត្តច្បាស់លាស់ទៀតផង ទើបឈានដល់ការសម្រេចចិត្តរួមគ្នារៀបចំមង្គលការតាមប្រពៃណី។ លោកអះអាងថា មិនចង់អូសបន្លាយពេលវេលាតទៅទៀត ព្រោះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងបានទទួលសញ្ញាប័ត្ររួចហើយ៕
អានអត្ថបទ៖ តារាៗណាខ្លះ ដែលល្បីតាំងពីឪពុកម្ដាយដល់កូន?
អានអត្ថបទ៖ ទៅ បុប្ផាណា បានទស្សនាកុនស្នាព្រះហស្តសម្ដេចតាដោយសេរី
អត្ថបទ៖ សំ ជំនាញ