ចង់សុំកូនទៅចិញ្ចឹម ត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីកូនមានចំណែកមរតក?
- 2015-11-23 15:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សុំកូនទៅចិញ្ចឹម ត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីកូនមានចំណែកមរតក?
ចន្លោះមិនឃើញ
នៅពេលចង់សុំកូនអ្នកដទៃមកចិញ្ចឹម គឺត្រូវមានលក្ខខណ្ឌផ្សេងៗដើម្បីជាការស្របច្បាប់។ មេធាវី អ៊ូរ អេឡែន ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា ការសុំកូននៅប្រទេសកម្ពុជាត្រូវបានបែងចែកជា២ប្រភេទ គឺស្មុំកូនពេញលេញនិងធម្មតា ។ ចំពោះជនបរទេសដែលចង់សុំកុមារកម្ពុជាទៅចិញ្ចឹមត្រូវបំពេញតាមលក្ខខណ្ឌដោយឡែក តែពេលនេះសូមលើកយកតែស្មុំកូនក្នុងប្រទេសកម្ពុជារវាងជនជាតិខ្មែរប៉ុណ្ណោះ។
មេធាវី អ៊ូរ អេឡែន (រូបថត៖ ផ្តល់ឲ្យ)
១ ស្មុំកូនពេញលេញ៖ ទំនាក់ទំនងរវាងម្ដាយឪពុកបង្កើតត្រូវបានបញ្ចប់ ហើយកូនចិញ្ចឹមត្រូវមានទំនាក់ទំនងជាមួយញាតិខាងម្ដាយឪពុកចិញ្ចឹមវិញ។ ក្នុងករណីនេះ កូនចិញ្ចឹមមានសិទ្ធិទទួលបានចំណែកមរតក អាហារកិច្ច និងស្ថិតនៅក្រោមអាណាព្យាបាលរបស់ម្ដាយឪពុកចិញ្ចឹម។
កូនដែលសុំមិនត្រូវមានអាយុលើសពី៨ឆ្នាំនោះឡើយ រីឯឪពុកម្ដាយទៀតសោតក៏មិនអាចជាអ្នកនៅលីវបានដែរ ត្រូវមានអាយុលើសពី២៥ឆ្នាំនិងមានអាយុច្រើនជាងកូនចិញ្ចឹមជាង២០ឆ្នាំ។ ពេលដាក់ពាក្យសុំកូនចិញ្ចឹម ត្រូវមានការព្រមព្រៀងពីឪពុកម្ដាយចិញ្ចឹមទាំងសងខាង និងត្រូវដាក់ពាក្យទៅកាន់តុលាការនៃទីលំនៅរបស់ឪពុកម្ដាយចិញ្ចឹមនោះដោយមានការយល់ព្រមពីឪពុកម្ដាយបង្កើតឬអាណាព្យាបាលរបស់កុមារនោះ។
ប៉ុន្តែតុលាការក៏អាចសម្រេចផងដែរ ប្រសិនបើដើម្បីផលប្រយោជន៍របស់កុមារនោះ ដូចជាឪពុកម្ដាយបង្កើតមិនមានលទ្ធភាពចិញ្ចឹមកុមារ មានជីវភាពក្រីក្រខ្លាំងពេក ធ្វើបាបកុមារ ឬបោះបង់កុមារនោះជាដើម។ ផ្ទុយមកវិញ ឪពុកម្ដាយបង្កើតក៏អាចដាក់ពាក្យសុំឲ្យតុលាការប្រគល់កូនមកឲ្យខ្លួនវិញ ប្រសិនខ្លួនមានលទ្ធភាពចិញ្ចឹមកូននោះវិញ។
រូបតំណាង
២ ស្មុំកូនធម្មតា៖ កូនចិញ្ចឹមអាចមានទំនាក់ទំនងរវាងឪពុកម្ដាយបង្កើតដដែល ហើយជាមួយញាតិឪពុកម្ដាយចិញ្ចឹមដែរ។ ករណីនេះអនុញ្ញាតឲ្យបុគ្គលដែលជាកូនសុំនោះនូវតែមានសិទ្ធិទទួលសន្តតិកម្មពីឪពុកម្ដាយបង្កើតផង និងពីឪពុកម្ដាយចិញ្ចឹមផង។ តែកូនចិញ្ចឹមនោះត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្ដាយចិញ្ចឹម។
ចំពោះលក្ខខណ្ឌនៃការសុំកូន មិនកំណត់អាយុរបស់កូនចិញ្ចឹមតែចំពោះអាយុរបស់ឪពុកម្ដាយចិញ្ចឹមវិញត្រូវមានអាយុលើសពី២៥ឆ្នាំ និងចាំបាច់ត្រូវតែមានអាយុបងកូនចិញ្ចឹម ហើយមិនត្រូវជាបច្ឆាញាតិរបស់កូនចិញ្ចឹមទេ។ អ្នកដាក់ពាក្យសុំ មិនចាំបាច់ត្រូវតែជាប្ដីឬប្រពន្ធនោះទេ។ ពោលគឺបុរស ឬស្ត្រីនៅលីវក៏អាចក្លាយជាឪពុកឬម្ដាយចិញ្ចឹមបានដែរ។ ប៉ុន្តែចំពោះអ្នកមានប្ដីឬប្រពន្ធ ប្រសិនបើមានតែម្ខាងដែលចង់បានកូនចិញ្ចឹមនោះអានុភាពមានតែចំពោះអ្នកដែលដាក់ពាក្យតែប៉ុណ្ណោះ។
តុលាការដែលដាក់ពាក្យសុំ គឺជាតុលាការនៃទីលំនៅរបស់កូនចិញ្ចឹម។ ក្នុងករណីដែលឪពុកម្ដាយចង់កាត់កាល់កូនចិញ្ចឹមវិញ គឺអាចធ្វើបានប្រសិនបើកូននោះដល់អាយុនីតិភាព។ តែចំពោះកុមារនោះវិញអាចដាក់ពាក្យកាត់កាលបានទោះមិនទាន់ដល់នីតិភាពក៏ដោយ ប្រសិនបើមានការធ្វើបាបលើកុមារឬបោះបង់ចោលជាដើម។
សរុបមក នៅពេលមានការទទួលស្គាល់ដោយតុលាការថាជាកូនចិញ្ចឹមហើយនោះ បុគ្គលជាកូនចិញ្ចឹមហើយនឹងទទួលបាននូវសិទ្ធិសន្តតិកម្ម នឹងស្ថិតនៅក្រោមអំណាចមេបាដូចគ្នានឹងកូនបង្កើតដែរ៕
សូមអាន ៖ ច្បាប់ចរាចរណ៍ថ្មីពិន័យ៥ដងមិនពាក់មួក អាចជាឱកាសអ្នកលក់កេងចំណេញ?
អត្ថបទ៖ លឹម សុនា