ជួបគូស្នេហ៍យាយតា ស្រឡាញ់គ្នាដល់មានចៅ ១០០នាក់
- 2016-01-22 19:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគូស្នេហ៍យាយតា ស្រឡាញ់គ្នាដល់មានចៅ ១០០នាក់
ចន្លោះមិនឃើញ
ប្ដីប្រពន្ធយាយតាមួយគូរស់នៅរដ្ឋ Michigan សហរដ្ឋអាមេរិក តែងតែមានពិធីបុណ្យខួបកំណើតចៅៗយ៉ាងច្រើននៅឆ្នាំនេះ ហើយអ្នកទាំងពីរកំពុងរង់ចាំស្វាគមន៍ចៅទី១០១ ក្នុងខែជាមួយគ្នានៃខួបអាពាហ៍ពិពាហ៍លើកទី ៦៨ឆ្នាំផង។
ការបង្ហើបឲ្យដឹងពីចំនួនចៅដ៏ច្រើនខាងលើ កើតមានដោយសារលោកយាយ បានជួបមិត្តភ័ក្ដិចាស់ៗ ក៏សួរសុខទុក្ខគ្នា ដោយមិត្តភ័ក្ដិលោកយាយដំណាលមុនថា មកទល់ពេលនេះ ពួកគាត់ខ្លះមានចៅ ៥ ឬ ៦នាក់ហើយ ចំណែកលោកយាយក៏តបវិញខ្លួនមានចៅ ១០០នាក់ដែរហើយ។ ពួកគាត់ក៏បញ្ឈរភ្នែកមើលទាំងមិនគួរឲ្យជឿ និងគិតថាលោកយាយកុហក ហើយរឿងនេះបានលេចឮដល់សារព័ត៌មានតែម្ដង។
លោកយាយមានឈ្មោះ Shirly Keena និងលោកតា Donald Keena មានកូនចំនួន ១១នាក់ ដោយកូនច្បងអាយុ ៦៧ឆ្នាំ និងកូនពៅអាយុ ៥៣ឆ្នាំ ។ ចំណែកចៅបង្កើតមាន ៣២នាក់ ចៅទួត ៥៧នាក់ និងចៅលួត ១១នាក់ សរុបទាំងអស់ចំនួន ១០០នាក់។
កូនស្រីរបស់យាយតា អាយុ៦៤ឆ្នាំ ឈ្មោះ Sally Keena និយាយប្រាប់ថាឪពុកម្ដាយរបស់គាត់រៀបការនៅថ្ងៃទី ១៥ឧសភាឆ្នាំ ១៩៤៨ មានកូន ១១នាក់ ក្រោយរៀបការបាន ១៣ឆ្នាំ ដោយមិនមានភ្លោះឡើយ។
សព្វថ្ងៃ ចៅៗជាច្រើនរស់នៅបែកគ្នាខ្លះនៅរដ្ឋ Michigan, California, Colorado និង Texas ហើយលោកយាយគ្រោងនឹងធ្វើពិធីជួបជុំគ្នាឡើងវិញក្នុងឆ្នាំនេះ៕
រូបថតកាលឆ្នាំ ១៩៥០ និង ២០១៣
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ ABC