សី Chinlone កម្ពុជាត្រៀមចេញទៅប្រជែងយកមេដាយនៅមីយ៉ាន់ម៉ា
- 2016-02-04 21:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សី Chinlone កម្ពុជាត្រៀមចេញទៅប្រជែងយកមេដាយនៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
ក្រុមកីឡាសី Chinlone កម្ពុជា ដែលមានលោក ជាតិ ខេមករា ជាគ្រូបង្វឹក នឹងចេញទៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុន ដើម្បីចូលរួមប្រកួតប្រជែងយកមេដាយ ក្នុងកម្មវិធី Asian Chinlone Championship 2016។
លោក ជាតិ ខេមករា បានឲ្យដឹងថា ក្រុមកីឡាករផ្នែកសី Chilone ចំនួន៨នាក់ និងក្រុមកីឡាការិនីសីដក់កម្ពុជាចំនួន ៨នាក់ រួមទាំងគ្រូជំនួយរបស់លោក នឹងចេញដំណើរទៅចូលរួមប្រកួតក្នុងកម្មវិធីខាងលើ ដើម្បីប្រជែងយកមេដាយជូនជាតិ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។ ក្រុមកីឡាករសី Chinlone របស់លោក ដែលដណ្ដើមបានមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមកន្លងមកនោះ ពេលនេះរឹតតែមានភាពរីកចំរើនខ្លាំងជាងមុន។
គ្រូបង្ហាត់កីឡាសីប៉ាក់តាក្រកម្ពុជារូបនេះបានឲ្យទៀតថាការចេញទៅប្រកួតលើកនេះលោកមានសង្ឃឹមប្រជែងយកមេដាយដដែល ប៉ុន្តែមិនហ៊ានអះអាងថាជាមេដាយអ្វីនោះឡើយ ពីព្រោះប្រទេសចូលរួមប្រកួតមានចំនួនច្រើន។ ទោះបីកីឡាករទទួលបានការរីកចំរើនខ្លាំងក្នុងរយៈពេលកំពុងហ្វឹកហាត់ ក៏មិនទាន់ប្រាកដថា អាចដណ្ដើមបានមេដាយមាសដដែល ពីព្រោះត្រូវរង់ចាំដល់ថ្ងៃប្រកួតសិន ដើម្បីឲ្យច្បាស់ថាតើកីឡាករអាចប្រមូលអារម្មណ៍បានល្អឬយ៉ាងណា។
ក្រុមកីឡាសី Chinlone កម្ពុជាដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីលើវិញ្ញាសា Chinlone-Linking ក្នុងប្រភេទកីឡាសីប៉ាក់តាក្រ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា