ថៅកែ VKH ពីក្មេងចូលចិត្តច្នៃកង់ ធំឡើងក្លាយជាថៅកែហ្ការ៉ាស់ច្នៃឡានល្បីឈ្មោះនៅភ្នំពេញ
- 2016-02-11 16:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៅកែ VKH ពីក្មេងចូលចិត្តច្នៃកង់ ធំឡើងក្លាយជាថៅកែហ្ការ៉ាស់ច្នៃឡានល្បីឈ្មោះនៅភ្នំពេញ
ចន្លោះមិនឃើញ
ដោយមានចំណូលចិត្តច្នៃនិងតុបតែងគ្រឿងយន្ត លោក វង្ស គីម ហួត បានក្លាយទៅជាថៅកែហ្ការ៉ាស់ឡានល្បីឈ្មោះ VKH Motor Sport នៅភ្នំពេញ។
លោក គីម ហួត ឱ្យដឹងថា កាលនៅអាយុប្រហែល ១៤ឆ្នាំ លោកតែងយកកង់មកច្នៃតុបតែងដាក់អំពូលនិងច្នៃហ្វ្រាំង ចាប់ឱ្យចេញភ្លើងនិងឮសំឡេងប្លែកៗជាដើម។ ថៅ កែវ័យ ៣៤ឆ្នាំ និយាយថា លោកមានដុងផ្នែកតុបតែងគ្រឿងយន្តតាំងពីក្មេង ស្របពេលម្តាយឪពុកជាអ្នកលក់គ្រឿងបន្លាស់ឡានស្រាប់។
កាលពីក្មេងច្នៃកង់ដល់ធំឡើងមានម៉ូតូនិងឡាន លោក គីម ហួតនៅបន្តច្នៃម៉ូតូឡាន លេងអំពូល ស៊ីញ៉ូ ប្លែកៗរហូតដល់មិត្តភ័ក្ដិចាប់អារម្មណ៍ ក៏ពឹងលោកឱ្យជួយតុបតែងឡានថែមទៀត។
ដោយសារមានដុងពីកំណើតផ្នែកបច្ចេកទេសគ្រឿងយន្តនិងឧស្សាហ៍ចេញចូលក្រៅប្រទេសជាមួយឪពុកទៅទិញគ្រឿងបន្លាស់ ទើបបំផុសទឹកចិត្តបុរសរូបនេះបើកហ្ការ៉ាសឡាន VKH ដើម្បីផ្តល់សេវាកម្មថែទាំ តុបតែងនិងជួសជុលយានយន្តគ្រប់ប្រភេទ។
នៅអាយុ ២២ឆ្នាំ គីម ហួតបានលក់ឡាន Corolla ដើម្បីយកប្រាក់មកបើកហ្ការ៉ាស់ឡាន VKH និងបានប្រាក់ជំនួយខ្លះៗពីឪពុកម្តាយ។ VKH ដំបូងមានជាងតែ ២នាក់ប៉ុណ្ណោះ តែដោយសារអាជីវកម្មកាន់តែរីកចម្រើនលោកក៏បានបន្តជួលជាងជំនាញបន្ថែមរហូតដល់ ២០នាក់នាពេលបច្ចុប្បន្ន។
ដើម្បីអាចឈរជើងមកទល់ពេលបច្ចុប្បន្ន ម្ចាស់ហ្ការ៉ាស់ឡានរូបនេះថា៖ «ភាពស្មោះត្រង់និងគុណភាពផ្តល់សេវាកម្មជូនអតិថិជនគឺជារឿងសំខាន់ដែល VKH តែងប្រកាន់ខ្ជាប់ជានិច្ច ពុំនោះទេ ហ្ការ៉ាស់ខ្ញុំត្រូវដួលយូរហើយ»។
លោកថា ក្រុមការងារលោកតែងតែងស្មោះត្រង់ចំពោះអតិថិជនជានិច្ចចំពោះការពិនិត្យរថយន្តដែលមានបញ្ហា ដោយពុំបានបំផ្លើសនិងលាក់បាំងថាខូចនេះឬខូចនោះយកតែប្រាក់ទេ។
អនាគត លោក ហួតថា បើមានលទ្ធភាពគ្រប់គ្រាន់ លោកនឹងបន្តពង្រីកជំនួញ ដោយបើកសាខាហ្ការ៉ាស់រថយន្ត VKH បន្តទៀតនៅភ្នំពេញ ដើម្បីផ្តល់សេវាកម្មផ្នែករថយន្តជាទីទុកចិត្តមួយសម្រាប់រាល់អ្នកប្រើប្រាស់យានយន្តទូទៅ៕
អាន៖ រថយន្តមួយអាចប្រើប្រាស់បានប៉ុន្មានឆ្នាំ?
អត្ថបទ៖ ប៉ែត ផាន់និត