ស្គាល់បទ "ស្នេហ៍ឆ្លងវេហាស៍" ស្ដាប់ ឌី សាវ៉េត រៀបរាប់ដំណើររឿង
- 2016-02-18 15:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់បទ "ស្នេហ៍ឆ្លងវេហាស៍" ស្ដាប់ ឌី សាវ៉េត រៀបរាប់ដំណើររឿង
ចន្លោះមិនឃើញ
រឿង "ជីវិតផ្សងព្រេង" ជាប្រភពបង្កើតឲ្យមានបទ "ស្នេហ៍ឆ្លងវេហាស៍" ច្រៀងដោយ ស៊ីន ស៊ីសាមុត និងអ្នកស្រី ឌី សាវ៉េត តាមអត្ថន័យនៃសាច់រឿងទាំងមូល។
និយាយពី "ជីវិតផ្សងព្រេង" មកទល់បច្ចុប្បន្នរឿងនេះ អ្នកស្រី ប្រាប់ថាមិនដឹងបាត់ទៅទីណា រកមិនឃើញ ទោះបីអ្នកស្រីខំទៅរដល់ប្រទេសថៃក៏ដោយ នៅតែមិនឃើញ។ តារារៀមច្បងនេះអះអាងថារឿងនេះទទួលការគាំទ្រខ្លាំងកាលសម័យនោះ បើសិនជានៅមកដល់ឥឡូវប្រាកដជាល្បីខ្លាំង។
ទោះយ៉ាងណាក្ដី អ្នកស្រី ឌី សាវ៉េត ឆ្លៀតសង្ខេប ជូននូវសាច់រឿង "ជីវិតផ្សងព្រេង" បុព្វហេតុនៃបទចម្រៀង "ស្នេហ៍ឆ្លងវេហាស៍" មានដំណើររឿងដូចតទៅ៖
មាននារីម្នាក់ជាជនជាតិខ្មែររស់នៅតំបន់ជាយដែននៃក្រុងប៉ោយប៉ែត ហើយមានបុរសម្នាក់រស់នៅបស្ចឹមប្រទេស ជនជាតិថៃ បានមកលេងប្រទេសកម្ពុជា ហើយពើបប្រទះនឹងនារីជនជាតិខ្មែរនោះ ក៏បានចាប់ចិត្តស្រលាញ់។ ប៉ុន្តែដោយសារខុសទឹកដីគ្នា ពួកគេមិនបានរៀបការជាមួយគ្នាទេ គ្រាន់តែស្រលាញ់គ្នាលួចលាក់ និងរស់នៅជាមួយគ្នា រហូតដល់បានកូនស្រីម្នាក់។
តំណាលក្រោយមក កូនស្រីនោះចម្រើនពេញវ័យតែមិនឃើញខ្លួនមានឪពុកដូចគេ នាងក៏បានសួរទៅកាន់ម្ដាយថា៖ តើឪពុកខ្ញុំនៅទីណា? ហេតុអ្វីខ្ញុំគ្មានឪពុកដូចគេ? គាត់នៅទីណា ?មានរូបរាងដូចម្តេច? ប៉ុន្តែម្តាយនៅតែមិនព្រមប្រាប់។ លុះក្រោយមក ដោយសារការរំអុកសួរពីកូនស្រីច្រើនដងពេក ទើប ម្ដាយព្រមប្រាប់ថា ឪពុកកូនស្រី ជាជនជាតិថៃ ពេលនេះមិនដឹងឪពុកទៅដល់ទីណានោះទេ។
(បទ ស្នេហ៍ឆ្លងវេហាស៍ច្រៀងដោយលោកតា ស៊ិន ស៊ីសាមុត& ឌី សាវ៉េត)
ក្រោយមក នាងក៏សម្រេចចិត្តទៅតាមរកឪពុកនាងដល់ទឹកដីថៃ ប៉ុន្តែមិនមែនងាយស្រួលនោះឡើយ ព្រោះនាងមិនចេះភាសាគេ ហើយមានលុយកាក់តែបន្តិចបន្តួចក្នុងខ្លួនទៀត។ ដំណើររសាត់អណ្ដែតលើទឹកដីប្រទេសជិតខាងមួយនេះ នាងត្រូវជួបចោរ ជនខិលខូចជាច្រើន ប៉ុនប៉ងមិនល្អមកលើរូបនាង។ ប៉ុន្តែសំណាងល្អ បានជួបប៉ូលិសម្នាក់ គេបានជួយនាងច្រើនលើកច្រើនសារ បន្ទាប់មក ក៏មានទំនាក់ទំនងគ្នាដោយតួប្រុសបានលបលួចមានចិត្តស្រលាញ់ តួស្រីក្នុងរឿងហ្នឹង ដោយសារនាងមានចិត្តស្លូតបូត សុភាពរាបសារ ស្អាតផងនោះ។
ក្រោយមកពួកគេទាំងពីរបានដើរលេងជាមួយគ្នា ហើយក៏ចេញជាបទចម្រៀងមួយបទចំណងជើងថា "ស្នេហ៍ឆ្លងវេហាស៍" ។ រីឯតួអង្គកីឡាករបាល់ទាត់ សម្តែងដោយលោក ជា យុទ្ធថន មានស្នេហាជាមួយតួស្រីជាជនជាតិថៃ ក្នុងនោះបានរំលេចចេញចម្រៀងមួយបទដែរ ចំណងជើងថា " ព្រំដែនចិត្ត"។
ទីបញ្ចប់ដំណើរស្វែងរកឪពុករបស់តួស្រីដែលសម្តែងដោយ អ្នកស្រី ឌី សាវ៉េត បានជួបគ្នា ប៉ុន្តែគ្រានោះលោកឪពុករបស់នាងបានមានប្រពន្ធកូនបង្កើតគ្រួសារថ្មីមួយទៀតរួចហើយ៕
ឯកអគ្គរាជទូតថៃ និង ឌី សាវ៉េត បង្ហើបរឿងខ្មែរដំបូងល្បីខ្លាំង
អត្ថបទ៖ ថា ម៉ាលីដា