កម្ពុជា​គ្មាន​ករណី​ជំងឺ ZIKA ប៉ុន្តែ​អាមេរិក​ខាងត្បូង កណ្ដាល កំពុង​ផ្ទុះ​​ខ្លាំង

  • 2016-02-18 21:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ឆ្នាំ​ ២០១១​ មក ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ Zika នៅ​ឡើយ​ទេ ផ្ទុយ​ពី​អាមេរិក​​ខាងត្បូង និង​អាមេរិក​កណ្ដាល ដែល​កំពុង​ផ្ទុះឡើង​ខ្លាំង​ក្នុង​ពេល​ថ្មីៗ​នេះ​។ ​នេះ​បើ​តាម​ការ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានជាង ២០ ស្ថាប័ន របស់​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៅ​វិទ្យាស្ថានសុខភាព​សាធារណៈ រាជធានីភ្នំពេញ។

 

 

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ មានប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា ផ្សព្វផ្សាយស្ដីពី​ជំងឺហ្ស៊ីកា ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ នា​ព្រឹកមិញថា កម្ពុជា​នៅ​មាន​ហានិភ័យ​ប្រឈម​​ទាប​នៅ​ឡើយ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ធ្វេសប្រហែស និង​មើល​ស្រាល​ចំពោះ​ជំងឺ ដែល​ពិភព​លោក​ កំពុង​ចាប់​អារម្មណ៍​នេះ​ដែរ។

 

“បច្ចុប្បន្ន​​នេះ​បើ​និយាយ​ពី​ស្ថានភាព ហានិភ័យ​យើង​ទាប ប៉ុន្តែ​​យើង​មិន​​ចាំ​ថា លុះត្រាតែ​ខ្ពស់​​​បាន​យើង​ត្រៀម​ទេ។ យើង​ទាំង​អស់​គ្នា ត្រូវ​នាំ​គ្នា​យល់​ដឹង​ទាំងអស់​គ្នា ដើម្បី​ឱ្យ​​បងប្អូន និង​ក្រសួង​សុខាភិបាល រក​មធ្យោបាយ​វិធី​ទប់ស្កាត់​ត្រឹមត្រូវ​ និង​ប្រសិទ្ធភាព"។

 

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ពី​ប្រជាជន​ពី​តំបន់​ដែល​កើត​មាន​ជំងឺ​នេះ មក​កម្ពុជា​មាន​ចំនួន​តិច​តួច និង​ទាក់ទង​ជាមួយ​នឹង​ពូជ​មូស​ខ្លា​ញី ប៉ុន្តែ​ករណី​នេះ​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​ថា​តើ មូល​ខ្លា​ញី​នៅ​កម្ពុជា​មាន​ការ​ចម្លង​ទាប​ជាង​ឬ​យ៉ាងណា។

 

Zika ជា​វីរុស​ចម្លង​តាម​មូស​ខ្លា​ញី ដែល​រក​ឃើញ​ដំបូង​​លើ​សត្វ​ស្វានៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ក្នុង​ឆ្នាំ​១៩៤៧ និង​​លើ​មនុស្ស​នៅ​ឆ្នាំ ១៩៥២ នៅ Uganda និង​សាធារណរដ្ឋ តង់ហ្សានី។

 

បើ​ប្រភព​ដដែល​បន្ត​ថា Zika ឆ្លង​តាម​រយៈ​មូស​ខ្លាញី​មានផ្ទុកវីរុស Zika និង​ជា​ជំងឺ​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​ក្នុង​ផ្ទៃ។ ​​ក្រោយ​រីករាលដាល​ខ្លាំង​នៃ​​ជំងឺ​នេះ គេ​សង្កេត​ឃើញ​ថា ទារក​កើតដែល​​មក​មាន​ក្បាល​តូច ទន់​ដៃជើង កូន​ស្លាប់​ក្នុង​ផ្ទៃ ក៏​ប៉ុន្តែ​មិន​មាន​ភស្តុតាង​ជាក់​លាក់​ណា​មួយ​បញ្ជាក់បាន​នៅ​​ឡើយ​ថា វា​មាន​ជាប់​ពាក់ព័ន្ធ​ឬអត់ ដោយ​គេ​កំពុង​ធ្វើការ​សិក្សា​បន្ថែម។

 

ជំងឺ​ Zika ជា​​ធម្មតា​បង្ក​ឱ្យ​មាន​ជំងឺ​​ស្រាល​មិន​ធ្ងន់ធ្ងរ ដែល​ចេញ​រោគសញ្ញា​នៅ​រយៈ​ពេល​ពីរ​ឬ​បី​ថ្ងៃ ក្រោយ​មូស​ខ្លា​ផ្ទុក​វីរុស​ខាំ។ អ្នក​ឆ្លង​ជំងឺនេះ មាន​រោគសញ្ញាគ្រុនក្ដៅ​តិចៗ ឈឺក្បាល កន្ទួល​ក្រហម​​លើ​ស្បែក។ អ្នក​ខ្លះ​ក្រហម​ភ្នែក ឈឺ​សាច់​ដុំ ឈឺ​សន្លាក់ និង​អស់​កម្លាំង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២ ទៅ ៧ ថ្ងៃ ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ថ្នាំ​បំបាត់​ការឈឺចាប់ និង​ផឹកទឹក សម្រាក​ឱ្យ​​បាន​ច្រើន។ ប៉ុន្តែ​បើ​រោគសញ្ញា​វិវត្ត​កាន់​តែ​អាក្រក់ អ្នក​ជំងឺ​ត្រូវ​ស្វែងរក​ការ​ផ្ដល់​ប្រឹក្សា​វេជ្ជសាស្ត្រ ប៉ុន្តែ​បច្ចុប្បន្ន គ្មាន​ការ​ព្យាបាល​ជាក់លាក់​ ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ឡើយ។

 

 

ចំពោះ​វិធី​ការពារ​ប្រជាពលរដ្ឋ ត្រូវ​ប្រើ​ថ្នាំ​ការពារ​កុំ​ឱ្យ​មូស​ខាំ ស្លៀក​ពាក់​ខោអាវ​វែងៗ ប្រើ​សំណាញ់​ការពារ បិទទ្វារ​បង្អួច និង​ដេក​ក្នុង​មុង។ កុំ​ឱ្យ​មាន​ទឹកដក់​លើ​គម្រប​សម្ភារៈ ដែល​ជា​ប្រភព​ជម្រក​ពង​ដ៏​សំខាន់​របស់​សត្វ​មូស។

 

"សូម​ប្រជាពលរដ្ឋ និង​​អ្នកសារព័ត៌មាន តាម​ដាន​​ជាប់​ជានិច្ច​ពី​ការវិវត្តនៃ​ជំងឺ​នេះ និង​យក​តាម​ប្រភព​​ព័ត៌មាន​​ណា​ច្បាស់​លាស់ កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ផ្សេងៗ។ ដូច​ខ្ញុំ​បាន​ជម្រាប​ខាងដើម ជំងឺ​Zika កើត​ឡើង​ដោយ​មូស​ខ្លា​ញី ដូច្នេះ​បើ​បងប្អូន​​ត្រៀម​លក្ខណៈ​បំបាត់​កុំ​ឱ្យ​មាន​មូស​ក្នុង​ឬ​ជុំ​វិញ​ផ្ទះ ប្រៀប​ជា​ការ​ចូល​រួម​ដ៏​ខ្លាំងក្លា។ មិន​មែន​ការពារ​តែ Zika ទេ តែ​អាច​ការពារ​ជំងឺ​គ្រុនឈាម ដែលជា​ជំងឺ​ធ្ងន់ធ្ងរ​​ជាង​ជំងឺ​ Zika ទៅ​ទៀត​"។ លោក​បញ្ជាក់។

 

លោក​​មាន​ប្រសាសន៍បន្ត​​ថា ​មិន​មានរបាយការណ៍​ដែល​ថា មនុស្ស​ធំៗ​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ឡើយទេ ហើយ​ព័ត៌មាន​ដែរថា មាន​​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​តាម​ការ​រួមភេទនោះ គេ​កំពុង​ធ្វើការ​តាមដាន​បន្ថែម។

 

"ក្នុង​នាម​ខ្ញុំ​ជាជន​​បង្គោល​របស់ប្រទេស​​របស់​​អង្គការ​សុខភាពពិភលោក ​យើង​មិន​ទាន់​មាន​ព័ត៌មាន​ថា មនុស្ស​ធំ​ស្លាប់​ដោយសារ​ Zika នៅ​ឡើយ​ទេ ប៉ុន្តែ​​មាន​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មាន​ថា នៅ​អាមេរិកកណ្ដាល​ មានអ្នក​​ស្លាប់​ដោយ​ជំងឺ Zika តែ​អង្គការ​សុខភាព​ភិភពលោក នៅ​តែ​បដិសេធ​ថា មិន​មាន​ភស្ដុតាងថា គាត់​ស្លាប់​ដោយ Zika ទេ"។

 

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី​ជំងឺ ហ្ស៊ីកា ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយព្រឹក​មិញនេះ​ គឺ​ធ្វើឡើង​ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន ​យល់​ដឹងច្បាស់​​ពីជំងឺ Zika និង​ផ្សព្វផ្សាយ​​ឱ្យ​បាន​ត្រឹមត្រូវ ដល់​ប្រជា​​ពលរដ្ឋ​បាន​ដឹង។ ម្យ៉ាង​ដើម្បី​ត្រៀមលក្ខណៈ​ ថា​​តើ​ក្រសួង​សុខាភិបាល​គួរ​ត្រូវធ្វើ​​យ៉ាង​ណា​​ពី​បញ្ហា​នេះ។ គួរ​បញ្ជាក់​ថា កម្ពុជា​ក៏​ធ្លាប់​មាន​ឆ្លង​ជំងឺ Zika មួយ​ករណី​ផង​ដែរ កាល​ពី​ឆ្នាំ​ ២០១០៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី