ដឹងពីតម្លៃពលកម្ម កម្មករ និង វិស្វករប៉ុន្មានទេ?
- 2016-02-26 00:04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីតម្លៃពលកម្ម កម្មករ និង វិស្វករប៉ុន្មានទេ?
ចន្លោះមិនឃើញ
ឆ្នាំ ២០១៤ គឺជាឆ្នាំស្ទុះឡើងខ្លាំង នៃវិស័យសំណង់។ ចាប់តាំងពីពេលនោះមកដល់ឥឡូវ បរិមាណនៃកម្លាំងពលកម្មកើនឡើងទ្វេដង ហើយប្រាក់ចំណូលរបស់កម្មករក៏បានកើនឡើងផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងដែនដីនគររូបនីយកម្ម និង សំណង់។
លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់របស់ក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ បានប្រាប់ Sabay ថា ចាប់តាំងពីពាក់កណ្ដាល ឆ្នាំ ២០១៤ វិស័យសំណង់មានការរីកចម្រើនខ្លាំង។ ទន្ទឹមនឹងនេះ តម្លៃពលកម្មក៏មានការកើនឡើង។
របាយការណ៍របស់ អគ្គនាយកដ្ឋានសំណង់របស់ក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ បានឲ្យដឹងថា
-កម្មករគ្មានជំនាញ៖ ២ ៤០០០ រៀល-៣ ៥០០០ រៀល ក្នុង១ថ្ងៃ -កម្មករមានជំនាញ៖ ៥០ ០០០ រៀល – ៦០ ០០០ រៀល ក្នុង ១ថ្ងៃ -វិស្វករ ស្ថាបត្យករ និង អ្នកជំនាញផ្សេងទៀតប្រាក់ខែពី ៣៥០ ដុល្លារ ទៅ ២ ០០០ ដុល្លារក្នុង១ខែ។
តួលេខខាងលើនេះ ផ្អែកលើការសិក្សាជាមួយក្រុមហ៊ុនអចលនទ្រព្យធំៗ មធ្យម និង ម៉ៅការសំណង់តូចតាច ហើយរកលទ្ធផលជាមធ្យម។ លោក ម៉ៅ ណារ៉ា និយាយ។
ការរក្សាបានលំនឹងសេដ្ឋកិច្ច, កត្តានយោបាយល្អ, រួមផ្សំនឹងការតម្កើងប្រាក់បៀវត្សកម្មកររោងចក្រកាត់ដេរកន្លងមក ក៏ជាផ្នែកមួយជះឥទ្ធិពលខ្លះៗ ធ្វើឲ្យតម្លៃពលកម្មរបស់កម្មករមានការកើនឡើង។ ជាពិសេសការកើនឡើងតម្លៃពលកម្មបណ្ដាលមកពីវិស័យសំណង់កំពុងចាប់ផ្ដើមសាងសង់ឥត ឈប់ឈរផងដែរ (សំបូរការងារ) ។ ទាំងនេះជាការលើកឡើងពី លោក ម៉ៅ ណារ៉ា។
របាយការណ៍របស់ក្រសួងដែនដី បានឲ្យដឹងថា វិស័យសំណង់បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ គិតជាមធ្យមប្រមាណ ២០៨២៩០ នាក់ ទៅ ២៥១៤៩០ នាក់ ក្នុង១ថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៩៦៥០០ ទៅ ២៥១៤៩០ នាក់ក្នុង១ថ្ងៃ។ ចំនួនពលកម្មអាចប្រែប្រួលទៅតាមទំហំការងារជាក់ស្ដែងនៅការដ្ឋានសំណង់ បើប្រៀបធៀបនឹង ២០១៤ បរិមាណនៃកម្លាំងពលកម្មមានការកើនឡើងទ្វេដង។
ទាក់ទងនឹងគម្រោងសាងសង់វិញ របាយការណ៍បានប្រាប់ឲ្យដឹងដែរថា គម្រោងសាងសង់ទូទាំងប្រទេស មានចំនួនសរុប ២ ៣០៥ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៧៦៨៦១១២ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣ ៣៣៨ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ គឺមានការកើនឡើងចំនួន ៣៣,១៤ %៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា