យាយ ៦៣ ឆ្នាំ ថ្ងៃសីលលក់ផ្កា ទំនេរដើរលាងចាន លាងកែវ យកប្រាក់ចិញ្ចឹមជីវិត
- 2016-03-15 13:51:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាយ ៦៣ ឆ្នាំ ថ្ងៃសីលលក់ផ្កា ទំនេរដើរលាងចាន លាងកែវ យកប្រាក់ចិញ្ចឹមជីវិត
ចន្លោះមិនឃើញ
ជាទម្លាប់ក្នុងថ្ងៃសីលលោកយាយ ស៊ីវ ត្រប់ អាយុ ៦៣ ឆ្នាំ តែងតែងើបពីខេត្តកណ្ដាល ដើម្បីយកផ្ដាឈូក ផ្ដាស្បៃរឿង និងផ្កាផ្សេងទៀត មកលក់នៅផ្សារបឹងត្របែកផ្លាហ្សា។ យាយចេញពីផ្ទះនៅម៉ោង ២ យប់ ដើម្បីទៅយកផ្កានៅច្បារអំពៅ នៅម៉ោង ៣ និងម៉ោង ៤ ធ្វើដំណើរតាមរ៉ឺម៉កកង់បី មកលក់នៅផ្សារបឹងត្របែកផ្លាហ្សា។
"ពេលថ្ងៃសីលម្ដងៗ ខ្ញុំយកផ្កា ៥០០ ដើម មកលក់។ ថ្ងៃណាអស់ៗ ថ្ងៃណាសល់ៗ។ ថ្ងៃណាសល់ ដើរចែកគេឯងទៅ។ អ្ហើយ! មិនគ្រប់ទេចៅអើយ!"។
ក្នុងចំនួនផ្កា ៥០០ ដើមចំណាយប្រាក់ខ្ទង់ប្រហែលជាង ២០ ម៉ឺនរៀល លោកយាយត្រូវអង្គុយ និងដើរលក់ចាប់ពីម៉ោង ៤ ភ្លឺរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ឬ ១ រសៀល។ ចំណែកឯប្រាក់កាក់វិញ ក្រោយពីទូទាត់ថ្លៃទំនិញ និងការចាយវាយផ្សេងៗហើយនោះ លោកយាយសល់មិនដល់ ១០ ម៉ឺនរៀលផង។ ក្រោយលក់បាន ថវិកាមួយចំនួនធំ ត្រូវយកទៅទិញអង្គរ ៥ គីឡូ ស្ករ អំបិល ប៊ីចេង បន្លែត្រីសាច់ជាដើម។
ស្ត្រីមេម៉ាយដែលសព្វថ្ងៃ ត្រូវបានអ្នកជិតខាង ផ្ដល់ដីក្រោយផ្ទះជ្រកអាស្រ័យនៅរូបនេះ បានថ្លែងទាំងអួលដើមករថា មកលក់ផ្កាពេលខ្លះ សឹងតែគ្មានបាយព្រឹកហូបផង។ មិនចោលពេលអត់ប្រយោជន៍ទេ ពេលទំនេរពីការលក់ផ្កា លោកយាយ ស៊ីវ ទ្រប់ មានមុខរបរប្រចាំថ្ងៃមួយទៀត ពោលគឺធ្វើចង្កាក់ដោតផ្កាម្លិះ ដោយក្នុងមួយថ្ងៃលោកយាយអាចធ្វើបាន ៣ ដុំ ក្នុងមួយដុំមាន ១០០ ដើម និងមានតម្លៃ ១៥០០ រៀល។ បន្ថែមលើរបរនេះ លោកយាយក៏ជាអ្នកស៊ីឈ្នួលលាងចាន លាងកែវ ឱ្យហាងបាយគេផងដែរ។
“ខ្ញុំគ្មានផ្ទះ គ្មានដី បានគេអាណិតឱ្យនៅដីក្រោយផ្ទះ...មិនដឹងធ្វើម៉េចទេ ចេះតែធ្វើទៅ។ ដៃខ្ញុំធ្វើអត់សូវកើត ព្រោះអីបាក់ បិទចង្កាក់អីក៏មិនសូវកើត។ ខ្ញុំលាងកែវ ចាន នៅកន្លែងលក់បាននៅឯស្រុក"។
ចំពោះការលំបាកក្នុងពេលពេលបច្ចុប្បន្ន គឺលោកយាយមានការឈឺចាប់ផ្នែករាងកាយ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ ដោយថ្ងៃព្យាបាលត្រូវបានសប្បុរសជនជួយចេញថ្លៃព្យាបាល។
លោកយាយដែលបែកបាក់ស្វាមី តាំងកូនក្នុងផ្ទៃ ១ ខែរូបនេះមានប្រសាសន៍ថា៖ “ខ្ញុំត្រូវម៉ូតូបុកពេលចេញពីផ្ទះម៉ោងជាង ១ យប់ ពេលមកលក់ផ្កា។ ជើងហ្នឹងទោះល្អក៏នៅតែរឹង ព្រោះអីបាក់អស់ហើយ! ពេទ្យឱ្យកាត់តែអត់កាត់...អត់ទាន់ជាទេ។ នៅចុកចាប់ វាអត់មានសរសៃដើរ ហើយក្បាលនៅពកនៅឡើយ។ ខ្ញុំទើបធាត់តើ អត់ថ្នាំដើរអត់កើតទេ។ បីថ្ងៃ ១ ៦០០០។ សព្វថ្ងៃហ្នឹងនៅជាមួយកូនស្រីមួយអាយុ ៣១ ឆ្នាំ តែគ្នាក៏ខ្សត់ដែរ លក់ផ្កានៅច្បារអំពៅ"៕
ចុចអាន៖ លោកយាយវ័យ ៦៧ឆ្នាំលក់សាំងមួយយប់ទល់ភ្លឺ គ្រាន់បានប្រាក់ទៅវត្តនិងចិញ្ចឹមចៅ
អត្ថបទ៖ អ៊ុំ សុភក្តិ
រូបទូរសព្ទដៃ