អ្នកស្រី ថុង សៀវទៀង ៖ Hong Kong International Film ធ្វើឲ្យផលិតករខ្មែរកាន់តែមានកម្លាំងចិត្ត
- 2016-03-18 21:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រី ថុង សៀវទៀង ៖ Hong Kong International Film ធ្វើឲ្យផលិតករខ្មែរកាន់តែមានកម្លាំងចិត្ត
ចន្លោះមិនឃើញ
មហោស្រពភាពយន្តអន្តរជាតិ ទីក្រុងហុងកុងលើកទី២០ ហៅថា Hong Kong International Filmart ២០១៦ ចាប់ពីថ្ងៃ១៤-១៧ មីនា បានបញ្ចប់ហើយ។ អ្នកស្រី ថុង សៀវទៀងម្ចាស់ផលិតកម្មចក្រវាឡ ពេជ្រភាពយន្ត ដែលបានអញ្ជើញទៅចូលរួមក្នុងចំណោមផលិតករ និងអ្នកដឹកនាំរឿងខ្មែរយើងប្រមាណ ២០នាក់ផ្សេងទៀត បានចាត់ទុកថា មហោស្រពខាងលើបានធ្វើឲ្យអ្នកស្រី ក៏ដូចជាផលិតករខ្មែរផ្សេងទៀត កាន់តែមានកម្លាំងចិត្ត ក្នុងការផលិតខ្សែភាពយន្តខ្មែរបន្ថែមទៀត ដើម្បីដើរឲ្យទាន់ឆាកអន្តរជាតិ។
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចម្សិលមិញគ្រាដែលត្រឡប់មកប្រទេសកំណើតវិញ អ្នកស្រី ថុង សៀវទៀង បានឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ ដែលអ្នកស្រី ក៏ដូចជាក្រុមផលិតករខ្មែរ បានទៅចូលរួម Hong Kong International Filmart ២០១៦ ក្រុមរបស់អ្នកស្រីបានសិក្សាស្វែងយល់ ពីទីផ្សារភាពយន្តបរទេសជាច្រើនណាស់ ។ អ្នកស្រីបានឲ្យដឹងថា មានក្រុមហ៊ុនច្រើនណាស់បានចូលមកទស្សនា បញ្ជរ (Booth) របស់កម្ពុជា ហើយពួកគេបានសប្បាយចិត្តជាខ្លាំងដែលកម្ពុជាមានវត្តមានក្នុងមហោស្រពខាងលើ។ ជាមួយគ្នានោះ អ្នកស្រី ថុង សៀវទៀង ក៏បានស្វែងរកដៃគូអន្តរជាតិ មកសហការជួយផលិតខ្សែភាពយន្តខ្មែរផងដែរ។ ទោះនៅមិនទាន់មានចម្លើយវិជ្ជមានណាមួយ ពីភាគីអន្តរជាតិក្ដីចាងហ្វាងផលិតកម្មរូបនេះចាត់ទុកថា មហោស្រពខាងលើ ជាជំហានមួយជួយឲ្យផលិតករខ្មែរស្គាល់ដៃគូអន្តរជាតិ កាន់តែច្រើន។ Hong Kong International Filmart ២០១៦ មានការក្រុមហ៊ុនផលិតខ្សែភាពយន្តក៏ដូចជាផលិតករជាច្រើនលើពិភពលោកចូលរួម ដោយនៅក្នុងនោះ មានបញ្ជរ (Booth)ប្រមាណជា៦០០ ឯណោះ។ សម្រាប់ប្រទេសកម្ពុជា មានផលិតករ អ្នកដឹកនាំរឿង ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប សរុបប្រមាណ ២០នាក់ក៏បានចូលរួមផងដែរ។ ក្រុមហ៊ុន PUPRUM Entertainment ដែលជាក្រុមហ៊ុនមួយទើបតែបង្កើត ដើម្បីធ្វើការលើការរកទីផ្សារនាំភាពយន្តខ្មែរទៅក្រៅស្រុក និង CFC(Cambodia Film Commissioner) ក៏មានវត្តមានផងដែរ។ ដោយឡែកភាពយន្តខ្មែរដែលមានវត្តមានតាំងបង្ហាញ មានរឿង “ប៉ុបពីទៅហូលីវូដ” រឿង “សិស្សប្អូនសំណព្វចិត្ត” “មុនការដួលរលំ” “នារីវេទមន្ត” រឿង “ដុំហ្វីលចុងក្រោយ” រឿង “Jail Break” រឿង “Final Semester” រឿង" វិស្សមកាលមរណៈ" និង រឿង"ចាប៉ីនាគត្រាច់ចរ"ជាដើម។
តាមការលើកឡើង លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ដែលបានទៅចូលរួមកម្មវិធីនោះបានឲ្យដឹងថា មិនមែនជាលើកទី១ទេដែលប្រទេសកម្ពុជា ទៅចូលរួមមហោស្រពខាងលើ ពោលគឺ កម្ពុជាបានចូលរួមមហោស្រពនេះ តាំងតែពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែគ្រាន់តែការចូលរួមកន្លងមក កម្ពុជាចូលរួមក្នុងនាមជាអ្នកទិញកុនបរទេសដើម្បី យកមកចាក់ក្នុងប្រទេសប៉ុណ្ណោះ។ តំណាងឲ្យក្រុមហ៊ុន PUPRUM Entertainment លោក ជី សិលា បានចាត់ទុកថា Hong Kong International Film មានប្រយោជន៍ច្រើនណាស់ សម្រាប់ផលិតករកម្ពុជាក៏ដូចជាក្រុមហ៊ុនដែលវិនិយោគលើវិស័យនេះ ព្រោះគ្រប់គ្នាដែលបានទៅចូលរួម បានឃើញពីឧស្សាហកម្មភាពយន្តអន្តរជាតិមានទីផ្សារទូលាយបែបណា ហើយគួរវិនិយោគបែបណាជាមួយគ្នា។ លោក ជី សិលា ក៏ដូចជា អ្នកស្រី ថុង សៀវទៀង សុទ្ធតែមានបំណងចង់ឲ្យផលិតករខ្មែរផ្សេងៗទៀត មានឳកាសបានទៅចូលរួមកម្មវិធីបែបនេះ ឲ្យបានញឹកញាប់ថែមទៀត ដើម្បីជាចំណេះដឹងបន្ថែម មកវិនិយោគលើវិស័យភាពយន្តកម្ពុជាឲ្យទាន់ឆាកអន្តរជាតិ៕ អត្ថបទ៖ ខុត សីហា