លីក​បាល់​បោះ​វគ្គ​ជក់​ចិត្ត​៖ ២​គូ​លេង​វគ្គ​ Playoffs រសៀល​នេះ

  • 2014-10-25 16:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​បាល់​បោះ​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ឈាន​​ដល់​វគ្គ​ Playoffs ដែល​មាន​៨​ក្រុម​ចុង​ក្រោយ​​ត្រូវ​​​ប្រជែង​​គ្នា​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ និង​​​ថ្ងៃ​អាទិត្យ​ស្អែក​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

ពីរ​គូ​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​រសៀល​ថ្ងៃ​នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ Davies Paints នឹង​ត្រូវ​ជួប​ក្រុម​លេខ​៨​ CCPL Warriors នៅ​ម៉ោង​២​រសៀល។ កាល​ពី​ជួប​គ្នា​ក្នុង​វគ្គ​វិល​ជុំ​ Davies Paints បាន​យក​ឈ្នះ​លើសលប់​លើ​ក្រុម​ CCPL Warriors ក្នុង​លទ្ធផល​ ១១៩​ ទល់​នឹង​ ៤៩។ ដូច្នេះ​ថ្ងៃ​នេះ​ CCPL Warriors ត្រូវ​ធ្វើ​ការ​ធ្ងន់​ដើម្បី​ស្តា​រ​មុខ​មាត់​នៅ​ក្នុង​វគ្គ​នេះ។

 

 Sabay មូស​ខ្លា​ និង​​ Emperors

ដោយ​ឡែក​នៅ​ម៉ោង​៤​រសៀល​ឯណោះ​វិញ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ខ្លាំង​ Emperors និង​ Sabay មូស​ខ្លា។ ក្រុម​ទាំង​ពីរ​ទើប​តែ​ជួប​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ ដែល​ពេល​នោះ​ Sabay មូស​ខ្លា​ បាន​យក​ឈ្នះ​ចាស់​ដៃ​លើ​ក្រុម​ Emperors ដោយ​លទ្ធផល​ ៥៥​‑២៥​ ប៉ុន្តែ​នៅ​ពេល​នោះ​ Emperors បាន​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​របស់​ខ្លួន​សម្រាប់​វគ្គ​ Playoffs នេះ។

 

ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​អ្នក​ចាញ់​គឺ​ធ្លាក់​ រីឯ​អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត។ ដូច្នេះ​ចាំ​អ៊ុត​មើល​ថា​តើ​ពីរ​ក្រុម​ណា​នឹង​អាច​កក់​កៅអី​សម្រាប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន។

 

ចំណាត់​ថ្នាក់​របស់​ក្រុម​ទាំង​៨​ពេល​បញ្ចប់​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ​រួម​មាន​៖

  1. Davies Paints
  2. Emperors
  3. Pate 310
  4. Mekong Tigers
  5. Extra Joss Fighters
  6. Smart Dragons
  7. Sabay Tiger Mosquitoes
  8. CCPL Warriors

 

ផ្សេង​ពី​នេះ​ NSK Dream និង​ GL Concrete ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៩​ និង​លេខ​១០​ មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទេ។

 

អត្ថបទ៖ អៀង សូទ្រី