ក្បួនបាញ់ធ្នូ ៦ ក្បាច់ ធ្វើឱ្យអ្នកទៅលេងបុណ្យភូមិចាប់អារម្មណ៍
- 2016-04-09 19:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនបាញ់ធ្នូ ៦ ក្បាច់ ធ្វើឱ្យអ្នកទៅលេងបុណ្យភូមិចាប់អារម្មណ៍
ចន្លោះមិនឃើញ
ក្បាច់បាញ់ធ្នូបុរាណខ្មែរ ៦ ក្បាច់ ពោលគឺក្បាច់រត់បាញ់វាយលុក ក្បាច់បាញ់អង្គុយ ក្បាច់បាញ់បែរខ្នង ក្បាច់ព្រះរាមថ្លែងសទៀតសោត ត្រូវបានលោក ទិល ច័ន្ទលីន និងក្រុមការងារលើកមកបង្ហាញសាធារណជន នៅក្នុងព្រឹត្តិការណ៍បុណ្យភូមិ រយៈពេលបីថ្ងៃ នៅវត្តជ្រោយអំពិល ដោយមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួម។
លោក ទិល ច័ន្ទលីន អ្នកស្រាវជ្រាវធ្នូកងទ័ពបុរាណខ្មែរ
លោក ទិល ច័ន្ទលីន អ្នកស្រាវជ្រាវធ្នូកងទ័ពបុរាណខ្មែរ បានឱ្យ Sabay ដឹងថា ឆ្នាំនេះមានអ្នកចាប់អារម្មណ៍ច្រើន បើធៀបនឹងឆ្នាំមុន។
“...ឆ្នាំនេះគេចាប់អារម្មណ៍ជាងឆ្នាំមុន។ គ្រាន់តែយើងបង្ហាញ Show បង្ហាញក្បួនអ៊ីចឹងទៅ គឺគាត់មកមើលហើយ។ ឆ្នាំនេះយើងមានបង្ហាញបាញ់ធ្នូ តែឆ្នាំមុនអត់មានទេ។ ក្បួនបាញ់ធ្នូហ្នឹងមានដូចជា យើងជិះលើគ្នាអ៊ីចឹងណាបង។ ទាំងអស់មាន ៦ ក្បាច់...”
នេះជាលើកទី ២ ហើយ ដែលធ្នូបុរាណខ្មែរនេះ បង្ហាញខ្លួននៅបុណ្យភូមិ។ ឆ្នាំ ២០១៥ លោក ទិល ច័ន្ទលីន និងក្រុមការងារ ផលិតបាន ៣០ ធ្នូប៉ុណ្ណោះ ចំណែកឥលូវនេះក្រុមលោកផលិតបានខ្ទង់ ៧០ ធ្នូ។ រីឯគ្រាប់វិញមានពីប្រភេទ គឺគ្រាប់ផលិតពីដើមពភីង និងដើមព្រិច (ឆ្នាំទៅធ្វើពីដើមទ្រាំង) ដោយឡែកដងធ្នូ រក្សានៅដដែល គឺធ្វើពីដើមទ្រាំង។
ចំពោះការផលិត អ្នកស្រាវជ្រាវធ្នូបុរាណខ្មែរខាងលើថា ជួបការលំបាកច្រើន ដោយត្រូវចូលព្រៃជ្រៅក្នុងខេត្តក្រចេះ ដើម្បីកាប់ធាងដើមទ្រាំង។ បន្ទាប់មក លោកត្រូវប្រើពេលពី ១ ខែ ទៅ ៤០ ថ្ងៃ ដើម្បីផលិតចេញធ្នូស្វិតមិនបាក់មួយ ក្រោយមានត្រាំទឹកថ្នាំខ្មែរមួយចំនួន ដែលជារូបមន្តពិសេស។
ប្រជាជនខ្មែរអាចបាញ់លេងធ្នូបុរាណខ្មែរ ដែលបាត់បង់ជិត ១ ពាន់ឆ្នាំនេះបាន ក្នុងកម្មវិធីបុណ្យភូមិ ដោយចំណាយប្រាក់ ៥ ពាន់រៀល ដើម្បីទិញគ្រាប់ ១ បំពង។ ប្រាក់បានពីការបាញ់ធ្នូនេះ លោក ទិល ច័ន្ទលីន នឹងយកទៅចំណាយលើ ការស្រាវជ្រាវបន្ថែមទៀត៕
អត្ថបទ៖ អ៊ុំ សុភក្តិ