Van Gaal ប្រាប់មូលហេតុ ដែលដាក់ Ashley Young ឲ្យលេងប្រយុទ្ធយប់មិញ
- 2016-04-11 18:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal ប្រាប់មូលហេតុ ដែលដាក់ Ashley Young ឲ្យលេងប្រយុទ្ធយប់មិញ
ចន្លោះមិនឃើញ
Louis van Gaal អ្នកចាត់ការក្រុម Manchester United បានពន្យល់ប្រាប់ពីមូលហេតុ ដែលលោកដាក់ Ashley Young ឲ្យលេងក្នុងតំណែងប្រយុទ្ធ អំឡុងពេលក្រុមបិសាចក្រហម ចាញ់ក្រុម Tottenham Hotspur ៣-០ នៅ Premier League យប់មិញ។
ក្រោយបញ្ចប់លទ្ធផល ០-០ នៅតង់ទី១ នាកីឡដ្ឋាន White Hart Lane អ្នកចាត់ការសញ្ជាតិហូឡង់ Van Gaal បានសម្រេចចិត្តប្ដូរខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ចេញ ជំនួសវិញដោយ Ashley Young ឲ្យលេងចាប់ដៃគូជាមួយ Anthony Martial នៅតង់ទី២វិញ ហើយមិនបានប៉ុន្មាន Spurs ក៏រកបាន៣គ្រាប់ ចន្លោះពេលតែ៦នាទីប៉ុណ្ណោះ។
Van Gaal បានពន្យល់មូលហេតុដែលដាក់ Young ឲ្យលេងប្រយុទ្ធថា៖ "ខ្ញុំចង់ឲ្យកីឡាកររបស់យើងរត់ច្រើនជាងមុន តាំងពីតំបន់ខាងក្រោម ព្រោះនៅតង់ទី១ យើងពុំសូវមានឱកាសវាយសម្រុកគេទេ។ មុនពេលពួកគេស៊ុតចូលយើង ខ្ញុំបានប្រាប់កីឡាកររបស់យើងថា យើងលេងក្រៅផ្ទះប៉ុណ្ណឹងបានល្អហើយ អាចនឹងរកគ្រាប់បានទៀតផង ប៉ុន្តែពេលពួកគេរកបានគ្រាប់ទី២ និងគ្រាប់ទី៣ គ្រប់យ៉ាងហាក់បញ្ចប់សម្រាប់យើង”។
Man Utd ស្ថិតនៅលេខ៥ មានគម្លាត៤ពិន្ទុពីក្រុមលេខ៤ Manchester City ខណៈដែលសល់៦ប្រកួតទៀត នឹងបញ្ចប់រដូវកាល។ យ៉ាងណា អ្នកចាត់ការវ័យ៦៤ឆ្នាំ (Van Gaal) ថាលោកមិនទាន់បោះបង់ឱកាសដណ្ដើម Top 4 ឡើយ ដោយលោកបានបន្ថែមថា៖ "គ្រប់ក្រុមទាំងអស់ អាចចាញ់ក្រុមផ្សេងៗដូចគ្នា ដូច្នេះយើងនៅតែអាចប្រជែង។ ប៉ុន្តែខ្ញុំដឹងថា វានឹងពិបាកជាងពេលមុន”៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror